រដ្ឋមន្ត្រី​ថោង ខុន​៖ ការតភ្ជាប់​ការហោះហើរ​ត្រង់ កម្ពុជា​-​ឥណ្ឌូណេសុី នា​ពេល​ឆាប់ៗ​ខាងមុខ គឺជា​ការបង្កើន​បន្ថែម​នៃ​ការតភ្ជាប់​ផ្ទៃក្នុង​អាស៊ាន

(​ភ្នំពេញ​)៖ កម្ពុជា​-​ឥណ្ឌូនេស៊ី បាន​និង​កំពុង​ជំរុញ​ឲ្យមាន​ការហោះហើ​រ​ត្រង់​ឡើងវិញ បន្ទាប់​ពី​ខកខាន​នៃ​ការហោះហើរ​ត្រង់​អស់​ជិត​កន្លះ​សតវត្សរ៍ ពោល​គឺ​ចាប់​ពីក្រោយ​ឆ្នាំ​១៩៧០ មក ហើយ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ការហោះហើរ​ត្រង់​នេះ​នឹង​ចាប់ផ្ដើម​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ក្នុង​ឆ្នាំ​២០១៩​នេះ​។​

​ក្នុង​ជំនួប​រវាង​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ជាមួយ​ឯកឧត្តម ស៊ូ​ឌី​ម៉ាន់ ហា​សេង ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា ដែល​បាន​ដឺ​ក​នាំ​ប្រតិភូ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេសុី CITILINK នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ នា​ព្រឹក​ថ្ងៃទី​៧ ខែ​កុម្ភៈ​នេះ ភាគី​ឥណ្ឌូនេស៊ី​បាន​សម្រេច​ថា នឹង​បើក​ឲ្យមាន​ការហោះហើរឡើងវិញ អាច​នៅ​ក្នុង​ឆមាស​ទី​២ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ឯកឧត្តម ថោង ខុន បានឲ្យដឹងថា ក្នុង​ចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន មានតែ​ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ​ទេ ដែល​មិន ទាន់​មាន​ការហោះហើរ​ត្រង់​មក​កម្ពុជា តែ​ដោយសារ​ការខិតខំ​ចរចា​រវាង​ភាគី​ទាំងពីរ ពិសេស ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២ ទើប​នា ពេលខាងមុខ នឹង​មាន​ការហោះហើរ​ត្រង់​ពី​ឥណ្ឌូនេស៊ី​មក​កាន់​កម្ពុជា​ឡើងវិញ បន្ទាប់​ពី​ខកខាន​អស់​ជិត​កន្លះ​សតវត្សរ ហើយ​ក៏​ការ ហោះហើរ​នេះ​ក៏​គឺជា​ការរួមចំណែក​យ៉ាង​សំខាន់​ដល់​ការបង្កើន​ការតភ្ជាប់​ផ្ទែក្នុង​អាស៊ាន​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា នៅពេលដែល​មាន​ការ ហោះហើរ​ត្រង់​ពី​ឥណ្ឌូនេស៊ី​មក​កាន់​កម្ពុជា​ឡើងវិញ កម្ពុជា​សង្ឃឹម​ថា​វា​នឹង​នាំ មក​នូវ​ភ្ញៀវ​ទេស ចរ​ច្រើនឡើង​បន្ថែមទៀត ជាពិសេស​ទេសចរ​ឥណ្ឌូនេស៊ី ខណៈ​ដែល​បច្ចុប្បន្ន​មាន​ត្រឹមតែ​ជាង ៥​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​តែប៉ុណ្ណោះ​។​

​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​បានឲ្យដឹងថា កម្ពុជា​-​ឥណ្ឌូនេស៊ី ចាំបាច់​ត្រូវមាន​កិច្ចសហការ​នៅលើ​គ្រប់​វិស័យ ក្នុងនោះ​ក៏​មាន​វិស័យ​ទេសចរណ៍​ផងដែរ ដូច្នេះ​ការបើកឲ្យ​មាន​ការហោះ​ហើរ​ត្រង់​ឡើងវិញ​រវាង​ប្រទេស​ទាំង​ពីរ គឺជា​រឿង​ចាំបាច់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា កម្ពុជា​-​ឥណ្ឌូនេស៊ី នឹង​ប្រារព្ធ​ខួប​លើក​ទី​៦០ នៃ​ការ​ត​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា ហើយ​ថា ការសម្រេច​ឲ្យមាន​ការហោះហើរ​ត្រង់ នាពេល​ខាងមុខ​នេះ ក៏​គឺជា​ការអនុវត្ត​ជាក់ស្តែង​នូវ​បំណងប្រាថ្នា​របស់​ឯកឧត្តម​អនុ​ប្រធា នា ធិបតី​ឥណ្ឌូ​សុ​ី និង​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន​សែន ក្នុងជំនួប​ថ្មីៗ នេះ​កាលពី​ថ្ងៃ​ទី​១៦​មករា ២០១៩ នៅ​ខេត្ត​សៀមរាប និង​គឺជា​ចំណងដៃ​ដ៏​មាន​សារសំខាន់​នៃ​ការ​ប្រារព្ធ​ខួប​មួយ​នេះ គួបផ្សំ​នឹង​ការរៀបចំ​នូវ​កម្មវិធី​មួយចំនួនទៀត ដូចជា ការរៀបចំ​ពិព័រណ៍​រួមគ្នា ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ជា​លក្ខណៈ​មិត្តភាព រួម​នឹង​វេទិកា​ផ្សេងៗ​ទៀត ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ជំរុញ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា តាមរយៈ​វិស័យ​ទេសចរណ៍​ផង​ដែរ​៕​