រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីវប្បធម៌ និងទេសចរណ៍ចិន

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីវប្បធម៌ និងទេសចរណ៍ចិន

(ប៉េកាំង)៖ បន្ទាប់ពីចូលរួមជាវាគ្មិននៃសន្និសីទស្ដីពី ការសន្ទនាអរិយធម៌អាស៊ី ក្រោមប្រធានបទ «វប្បធម៌ ទេសចរណ៍ និងទំនាក់ទំនាក់រវាងប្រជាជន និងប្រជាជន» រួចមក ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានបន្តជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បម៌ និងទេសចរណ៍ចិន ដើម្បីដាក់ចុះនូវសកម្មភាពនានាសម្រាប់អនុវត្តនាពេលខាងមុខបន្ថែមទៀត។

សកម្មភាពដែលនឹងត្រូវអនុវត្តបន្តនោះ គឺស្របតាមស្មារតីនៃផែនការសកម្មភាពរបស់សហគមន៍វាសនារួមកម្ពុជា-ចិន ដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខានាឱកាសកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងវិថី នៅទីក្រុងប៉េកាំង នាពេលកន្លងទៅថ្មីៗ។

ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឲ្យឈានមួយកម្រិតទៀត រួមមាន៖

១៖ ភាគីចិននឹងគាំទ្រសកម្មភាពនានារបស់កម្ពុជា ក្នុងការផ្សព្វផ្សាយទេសចរណ៍ទៅទីផ្សារចិន នាពេលខាងមុខ។

២៖ ភាគីចិនបានទទួលយកទីភ្នាក់ងារទេសចរណ៍កម្ពុជាចំនួន ១៣ក្រុមហ៊ុន ជាជំហានដំបូងសិន បន្ទាប់ពីក្រុមហ៊ុនទាំងនោះត្រូវបានវាយតម្លៃតាមប្រព័ន្ធបញ្ជាក់គុណភាពទទួលទេសចរចិន (China Accreditation System) ថាមានគុណភាព និងលក្ខណៈសម្បត្តិទទួលភ្ញៀវចិន ដើម្បីផ្សព្វផ្សាយរកដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍ចិន។

៣៖ ភាគីចិនក៏នឹងជួយពិនិត្យវាយតម្លៃបេក្ខភាពស្ថានតំណាងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីអាចបម្រើការជូនកម្ពុជាប្រកបដោយប្រសិទ្ធភាព។

៤៖ ភាគីចិននឹងផ្សព្វផ្សាយឲ្យក្រុមហ៊ុនទេសចរណ៍ចូលរួមកម្មវិធីតាំងពិព័រណ៍ទេសចរណ៍កម្ពុជា (CTM) និងវេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទី២ នៅអំឡុងខែតុលា ឆ្នាំ២០១៩ ខាងមុខ ដែលពិធីទាំងនេះនឹងប្រារព្ធឡើងនៅប្រទេសកម្ពុជា។

៥៖ ភាគីកម្ពុជានឹងសម្រួលដល់ការផ្សព្វផ្សាយពីវិស័យទេសចរណ៍ចិននៅកម្ពុជា។

៦៖ ភាគីទាំងពីរនឹងពង្រឹងការអនុវត្តរាល់អនុស្សរណនៃការយោគយល់គ្នានានា ដែលបានចុះហត្ថលេខាចហើយ។

សូមរំលឹកថា ឆ្នាំ២០១៨ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ៦.២លាននាក់ ក្នុងកំណើន ១១% ក្នុងនោះទេសចរជនជាតិចិនមានចំនួន ២.០២លាននាក់ កើនឡើង ៦៧%។ រយៈពេល៣ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណជាង ១.៨លាននាក់ កើនឡើង ៩.៧% ក្នុងនោះទេសចរជនជាតិចិនមានប្រមាណជាង ៦៨ម៉ឺននាក់ កើនជាង ៣៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨៕