រដ្ឋមន្ត្រីទេសចរណ៍ដាក់ចេញអនុសាសន៍ចាំបាច់ ០៦ចំនុច ដើម្បីបន្តសម្រេចបានកំណើនទេសចរ

រដ្ឋមន្ត្រីទេសចរណ៍ដាក់ចេញអនុសាសន៍ចាំបាច់ ០៦ចំនុច ដើម្បីបន្តសម្រេចបានកំណើនទេសចរ

(ភ្នំពេញ)៖ ក្នុងសិក្ខាសាលាបូកសរុបការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ លើកទី៣ និងក្រោយពេលរកឃើញជយលាភីរមណីយដ្ឋានទេសចរណ៍គំរូទាំង២៦ សម្រាប់ឆ្នាំ២០១៩នេះរួចមក ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសដាក់ចេញអនុសាសន៍ចាំបាច់មួយចំនួនទៀត ដើម្បីអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តរួមគ្នាសម្រេចបានកំណើនទេសចរបន្ថែមទៀត ដែលរួមមាន ០៥ចំនុច៖

*ទី១. ការវិនិយោគ៖ ត្រូវបន្តខិតខំជំរុញការអភិវឌ្ឍ និងវិនិយោគរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍គ្រប់ប្រភេទ ដែលមានការគិតគូរបរិស្ថាន ភាពស្អាត និងសង្គម។ ក្នុងបរិបទនេះ រាល់គម្រោងវិនិយោគ និងអភិវឌ្ឍជារមណីយដ្ឋានទេសចរណ៍ទាំងអស់ ត្រូវបញ្ចូលនូវការគិតគូរអំពីទស្សនទានបៃតង និងស្អាត។
តាមរយៈការប្រលងប្រណាំង «រមណីយដ្ឋានទេសចរណ៍គំរូលើកទី៣» នឹងតម្រង់ទិសដល់ធុរកិច្ចនានាចាប់យកទស្សនទាន «បៃតង និងស្អាត» ដោយគិតគូរពីស្ថាបត្យកម្មបៃតង ការសន្សំសំចៃថាមពល ការគ្រប់គ្រងសំណល់ ការគិតគូរពីកិច្ចការសង្គម-មនុស្សធម៌ជាដើម។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ត្រូវរៀបចំគោលការណ៍ណែនាំ និងលក្ខណៈវិនិច្ឆ័យនូវគម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ ដែលតូ្រវមានការគិតគូរពីបរិស្ថានវប្បធម៌ និងការគាំពារសង្គម ដើម្បីជាឯកសារគោលសម្រាប់វាយតម្លៃលើគម្រោងទាំងនោះ។

*ទី២. ការគ្រប់គ្រង៖ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវខិតខំជំរុញឲ្យគ្រប់រមណីយដ្ឋានទេសចរណ៍ ត្រូវមានអ្នកគ្រប់គ្រងច្បាស់លាស់ និងមានការចាត់តាំងនូវរចនាសម្ពន្ធគ្រប់គ្រងច្បាស់លាស់ផងដែរ និងត្រូវជំរុញឲ្យគ្រប់រមណីយដ្ឋានទាំងអស់មានផែនការមេអភិវឌ្ឍច្បាស់លាស់។ ទទ្ទឹមនឹងនេះ មន្ទីរទេសចរណ៍ទាំងអស់ត្រូវបន្តប្រឹងប្រែងរៀបចំ គ្រប់គ្រង អភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នានា ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ។ ព្រមជាមួយនេះ នាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ត្រូវរៀបចំឲ្យមានស្តង់ដាសម្រាប់រមណីយដ្ឋានប្រភេទផ្សេងៗ ដូចជារមណីយដ្ឋានកសិទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ផ្សងព្រេង រមណីយដ្ឋានអេកូទេសចរណ៍ជាដើម ជាពិសេសស្តង់ដារមណីយដ្ឋានបៃតង ដើម្បីគាំទ្រដល់ចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូនេះ នៅឆ្នាំក្រោយទៀត។

*ទី៣. បរិស្ថានអនាម័យ៖ ត្រូវខិតខំរក្សាឲ្យបាននូវភាពស្អាត និងបៃតង ជាពិសេសបញ្ឈប់ការបោះសំរាមចោលក្រោមតុ។ ក្នុងន័យនេះ ការគ្រប់គ្រងរមណីយដ្ឋានទាំងអស់ ត្រូវតែសរសេរពាក្យអប់រំមិនឲ្យបោះសំរាមចោលផ្តេសផ្តាស ឬខុសធុងសំរាម និងអប់រំភ្ញៀវទេសចរដែលចូលទៅលេងកម្សាន្តឲ្យបានច្បាស់លាស់ជាមុន និងត្រូវបំពាក់ធុងសំរាមឲ្យបានគ្រប់គ្រាន់ និងធ្វើការបែងចែកសំរាមទៅតាមប្រភេទនីមួយៗ ជំរុញការប្រើប្រាស់ផលិតផលធ្វើពីក្រដាស ឬក្រណាត់ជំនួសផ្លាស្ទិកដូចដែលជយលាភីរមណីយដ្ឋានទេសចរណ៍គំរូ ឆ្នាំ២០១៩នេះ បានកំពុងអនុវត្ត។ ទទ្ទឹមនឹងនេះ ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជំរុញការបញ្ជ្រាបការយល់ដឹងសាធារណៈ ទៅដល់បុគ្គលិកបម្រើការងារ និងភ្ញៀវទេសចរដែលទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា អំពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងត្រូវរៀបចំជាក្រមប្រតិបត្តិអំពីប្រការគួរធ្វើ និងមិនគួរធ្វើ ដើម្បីផ្សព្វផ្សាយទៅដល់រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។

*ទី៤. សន្តិសុខ សុវត្ថិភាព៖ គ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ត្រូវដាក់ស្លាកសញ្ញាឲ្យបានគ្រប់គ្រាន់ ទាំងស្លាកបង្ហាញព័ត៌មាន និងស្លាកសញ្ញាបង្ហាញទីតាំងនានា ជាពិសេសស្លាកសញ្ញាបង្ហាញទីតាំងហាមឃាត់ និងតំបន់គ្រោះថ្នាក់ជាដើម ឲ្យសមស្របទៅតាមស្តង់ដាអប្បបរមារមណីយដ្ឋានទេសចរណ៍របស់ក្រសួងទេសចរណ៍។ ជាមួយនេះ ត្រូវសហការឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងតំបន់ធ្វើការគ្រប់គ្រងលំហូរភ្ញៀវទេសចរឲ្យបានច្បាស់លាស់។ ទទ្ទឹមនឹងនេះ ត្រូវរៀបចំមណ្ឌលព័ត៌មានទេសចរណ៍ទៅតាមទំហំជាក់ស្តែង ដើម្បីផ្តល់ព័ត៌មានក៏ដូចជាអប់រំភ្ញៀវទេសចរ មុនពេលចូលទៅលេងកម្សាន្តក្នុងរមណីយដ្ឋានរបស់ខ្លួន ហើយមន្ទីរទេសចរណ៍ត្រូវពង្រឹងមណ្ឌលព័ត៌មានទេសចរណ៍ក្នុងខេត្តរបស់ខ្លួន ដើម្បីជាកន្លែងប្រមូលផ្តុំ និងផ្តល់ព័ត៌មានគ្រប់ជុ្រងជ្រោយពីគោលដៅទេសចរណ៍ក្នុងខេត្តរបស់ខ្លួនទៅដល់ភ្ញៀវទេសចរ។

*ទី៥. ការផ្សព្វផ្សាយ៖ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវខិតខំបន្តជំរុញឲ្យរមណីយដ្ឋានទេសចរណ៍ទាំងអស់ចូលរួមក្នុងការប្រលងប្រណាំងនានា ជាពិសេសការប្រលងប្រណាំងរមណីយដ្ឋានគំរូនេះ។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឲ្យមានការថតវីដេអូខ្លីៗពីរមណីយដ្ឋានទេសចរណ៍ថ្មីៗ ក៏ដូចជាខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីគោលដៅថ្មីៗ ដើម្បីចែកចាយតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ហើយនាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ត្រូវរៀបចាំឲ្យមានការប្រកួតប្រជែងរូបថតវីដេអូ និងការប្រកួតប្រជែងនានាស្តីពី រមណីយដ្ឋានទេសចរណ៍ជាលក្ខណៈមហាជន ដើម្បីបំផុសគំនិតស្រលាញ់ជាតិមាតុភូមិយើងក្រោមពន្លឺនៃសន្តិភាព។

*ទី៦. ផ្នែកឯកជន៖ លោកបានជំរុញលើកទឹកចិត្តឲ្យវិស័យឯកជន ជាពិសេសទីភ្នាក់ងារទេសចរណ៍ទាំងអស់រៀបចំខ្សែទស្សនកិច្ច និងនាំភ្ញៀវទេសចរឲ្យបានច្រើនទៅកាន់រមណីយដ្ឋានទាំងអស់នៅទូទាំងប្រទេស ជាពិសេសរមណីយដ្ឋានជយលាភីក្នុងចលនាប្រលងប្រណាំងគំរូនេះ។ ទទ្ទឹមនឹងនេះ ត្រូវរៀបចំកញ្ចប់ទស្សនកិច្ចក្នុងស្រុកឲ្យបានច្រើនសម្រាប់ប្រជាពលរដ្ឋ សិស្ស-និស្សិត បុគ្គលិកឯកជន កម្មករ-កម្មការនី មន្ត្រីរាជការជាមួយតម្លៃសមរម្យ ទៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេស៕