រដ្ឋមន្ត្រី​ទេសចរណ៍​ទទូច​ដល់​ព​ល​រដ្ឋ​ខិតខំ​ការពារ​ធនធាន​ធម្មជាតិ​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ដែល​បាន​ប្រាក់​ចំណូល​ច្រើ ន​ជាង​ការបំផ្លាញ​

(​កំពង់ឆ្នាំង​)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ស្នើ​យ៉ាង​ទទូច​ដល់​ប្រជាពលរដ្ឋ​ទាំងឡាយ សូម​បញ្ឈប់​ការ កាប់បំផ្លាញ​ព្រៃឈើ បរបាញ់​សត្វ ហើយ​ងាក​មក​ខិតខំ​រួមគ្នា​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ​ទាំងនោះ ទុក​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ដែល​ទទួលបាន​ប្រាក់​ចំណូល​ច្រើន​ជាង​ការបំផ្លាញ​ព្រៃឈើ​ទៅទៀត​។​

​ការអំពាវនាវ​យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ នៅ​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​អន្លង់​ស្វាយ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្បាលទឹក ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ក្នុង​ការបង្កើត និង​រៀបចំ​តំបន់​អេកូ​ទេស ចរណ៍ តំបន់​ទេសចរណ៍ធម្មជាតិ ពិសេស​គឺ​វិស័យ​ទេសចរណ៍​សហគមន៍ ព្រោះថា​វិស័យ​ទេសចរណ៍​សហគមន៍​នេះ គឺ​មាន​ប្រយោ ជន៍​សំខាន់​ណាស់​ក្នុង​ការជួយ​ដល់​ការការពារ​នូវ​ធនធាន​ធម្មជាតិ មាន​ព្រៃឈើ សត្វព្រៃ​ជាដើម​។​

​ឯកឧត្តម​បាន​បន្តថា ទាំង​អង្គការ​ទេសចរណ៍​ពិភពលោក ទាំង​អាស៊ាន និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ជំរុញ​វិស័យ​ទេសចរណ៍​សហគមន៍​នេះ​យ៉ាងខ្លាំង ដោយ​មាន​ការ​ចងក្រង​ប្រជាពលរដ្ឋ​ទៅ​ជា​សហគមន៍​ទេសចរណ៍ ដើម្បី​បង្វែរ​ពី​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការ​បរបាញ់​សត្វ មក​ជា​ការការពា​រធ​ន​ធាន​ធម្មជាតិ​ទាំងនោះ​វិញ​។​

​ឯកឧត្តម ថោង ខុន បាន​អះអាង​ចំពោះ​ប្រជាពលរដ្ឋ​ថា​«​ប្រសិន​បើ​បងប្អូន​បញ្ឈប់​ការបំផ្លាញ​ព្រៃឈើ ឈប់​បរបាញ់​សត្វ ហើយ​ងាក​មក​ថែរក្សា​ការពារ ទុក​សត្វ​ឱ្យ​ភ្ញៀវទេសចរ​មើល ទុក​ព្រៃឈើ​ឱ្យ​ភ្ញៀវទេសចរ​ទស្សនា​កម្សាន្ត ផ្ដល់​សេវា​ដល់​ភ្ញៀវទេសចរ បង ប្អូន​នឹង​ទទួលបាន​ប្រាក់ចំណូល​យ៉ាងច្រើន ជួយ​ជំរុញ​ជីវភាព​កាន់តែ​ល្អប្រសើរ ជាជាង​ការបំផ្លាញ​ធនធានធម្មជាតិ​ទាំងនោះ​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍​នេះ​ទៀតសោត ក៏​ត្រូវការ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ចំនួន ៤​ផ្នែក រួមមាន​៖

* P1= Public (​ផ្នែក​សាធារណៈ​)៖ រដ្ឋាភិបាល​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ត្រូវ​យកចិត្តទុកដាក់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ (​ផ្លូវ​ចូល​ទស្សនា​) ត្រូវ​ត​បណ្ដាញ​អគ្គិសនី ត្រូវ​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​អ៉ីន​ធឺ​រណេត សេវា​ទូរស័ព្ទ ត្រូវ​បង្កើត​សាលារៀន​ជូន​ប្រជាជន ត្រូវ​បណ្ដុះបណ្ដាល​ជំនាញ ឬ​ចំណេះដឹង​នានា​ដល់​ប្រជាជន​រៀបចំ​គោលនយោបាយ បទដ្ឋាន​គតិយុត្ត​នានា និង​ច្បាប់ ដើម្បី​គាំទ្រ និង​ការពារ​សហគមន៍​។​ល​។​

* P2= Partnership (​ដៃគូ​អភិវឌ្ឍន៍​)៖ ដៃគូរ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ ដូចជា អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ធនាគា​អភិវឌ្ឍន៍អាស៊ី (ADB) អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​ប្រទេស​អ្នកផ្តល់​ជំនួយ​ត្រូវ​ផ្តល់​ហ​រិញ្ញ​ប្បទាន និង​ជំនួយ​បច្ចេកទេស​ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស ការគ្រប់គ្រង​អភិវឌ្ឍន៍​សហគមន៍ ការបណ្តុះបណ្តាល​ព័ត៌មានវិទ្យា ការផ្សព្វផ្សាយ​ពី​សហគមន៍​ដែល​មាន​ការទទួលខុសត្រូវ តាមរយៈ​បណ្តាញ​សហគមន៍​អន្តរជាតិ​។​

* P3= Private (​ផ្នែក​ឯកជន​)៖ ការី​ទេសចរណ៍ ទី​ភ្នាក់ងារទេសចរណ៍ និង​ធុរជន​ទេសចរណ៍ ត្រូវ​ជួយ​ផ្សព្វផ្សាយ ព្រមទាំង​រៀបចំ​កញ្ចប់​ទស្សនកិច្ច ដែល​មាន​ការទទួលខុសត្រូវ​ទៅកាន់​សហគមន៍​ទេសចរណ៍ និង​អាច​ជួយ​ពិចារណា​នាំ​គម្រោង​វិនិយោគ​ខ្នាត​តូច (Small Scale) ដូចជា Eco-lodges មកកាន់​សហគមន៍​។ ប៉ុន្តែ​អ្នកវិនិយោគ​មិនមែន​ជា​ម្ចាស់​លើ​សហគមន៍​នោះ​ទេ សហគមន៍​គឺជា​ម្ចាស់ រីឯ​អ្នកវិនយោគតាម​សេវា​នី​មួយៗ ជា​អ្នក​រួម​ចំណែក​ជួយ​ដល់​សហគមន៍​។​

* P4= People (​ប្រជា​សហគមន៍ និង​ទេសចរ​)៖ ប្រជា​សហគមន៍​ជា​បញ្ហា​គន្លឹះ ពួកគាត់​ត្រូវ​ឆ្លងកាត់​ការអប់រំ បណ្តុះបណ្តាល ដើម្បី​ឱ្យ​ពួក​គាត់​យល់​អំពី​គុណ​តម្លៃ និង​អត្ថប្រយោជន៍ ពិសេស​ចំណូល​ថវិកា​ដែល​បាន​ពី​សកម្មភាព​ទេសចរណ៍ ជាជាង​ចំណូល​ដែល​បានមកពី​ការ​ប្រមាញ់​សត្វព្រៃ និង​ការកាប់​បំផ្លាញ់​ព្រៃឈើ​។​

​ពាក់ព័ន្ធ​នឹង​រមណីយដ្ឋាន​ទឹកធ្លាក់​អន្លង់​ស្វាយ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ដល់​ភ្ញៀវទេសចរ​មក​ទស្សនា​កម្សាន្ត​ឱ្យបាន​ច្រើន​កុះករ ក្នុង​ឱកាស​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៥ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃ​ទី​១៥-១៧ ខែ​មីនា ឆ្នាំ​២០១៩ ខាង​មុខ​ផង​ដែរ ព្រោះ​នៅ​ទីនោះ​មាន​ទឹកធ្លាក់​ត្រជាក់​ល្ហឹម​ដ៏​សែនរ​មនា​៕​