រដ្ឋមន្ត្រី​ទេសចរណ៍​ផ្ដាំ​មន្ត្រីរាជការ និង​វិស័យ​ឯកជន​ត្រូវ​ខិតខំ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​ស្ត្រី ព្រោះ​ស្ត្រី​ជា​កម្លាំងចលករ​ដ៏​ធំ​ក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍​

(​ភ្នំពេញ​)៖ ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​អន្ដរជាតិ​នារី ៨​មីនា នៅ​CKCC នា​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រីរាជការ រួម​ទាំង​វិស័យ​ឯកជន​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​លើ​ការងារ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​ស្ត្រី ព្រោះ​ស្ត្រី​ក៏​ជា​កម្លាំងចលករ​ដ៏​ធំ​មួយ ក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍​ឱ្យ​បន្ត​ការ រីក ចម្រើន​ផងដែរ​។​

ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា កត្តា​សុខសន្ដិភាព និង​ស្ថិរភាព​នយោបាយ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ធានា​នូវ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុងនោះ​រួមមាន​វិស័យ​ទេសចរណ៍​ផងដែរ​។ ជាក់ស្ដែង វិស័យ​ទេសចរណ៍​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ ទុកជា «​មាស​បៃតង​» ចូលរួម​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​-​សង្គម បង្កើត​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ជា​ការនាំចេញ​នៅ​នឹង​កន្លែង ព្រមទាំង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​អភិរក្ស​បរិស្ថាន ឆ្លើយតប​នឹង​បម្រែបម្រួល​អាកាសធាតុ​ប្រ កបដោយ​ប្រសិទ្ធភាព​។​

នៅ​ឆ្នាំ​២០១៨ កន្លងទៅ កម្ពុជា​សម្រេចបាន​កំណើន​ក្នុង​អត្រា ១០.៧% ជាមួយនឹង​ការ​មក​ដល់​នៃ​ទេសចរ​អន្តរជាតិ​ជាង ៦.២​លាន​នាក់ និង​នាំ​ប្រាក់​ចំណូល​ប្រមាណ ៤,៣៥៦​លាន​ដុល្លារ​អាមេរិក ចាក់​បញ្ជូល​ក្នុង​សេដ្ឋកិច្ច​ជាតិ​។ ស្ត្រី​មាន​ប្រមាណ ៦០% ដែល​បាននិងកំពុង​បម្រើការ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។ ស្ត្រី​មាន​វត្តមាន​នៅ​គ្រប់​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ហើយ​បាន​ចូល រួម ចំណែក​យ៉ាង​សកម្ម​ក្នុង​ចលនា​ប្រឡង​ប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​»​។​

បើ​តាម​ឯកឧត្តម ថោង ខុន ឆ្នាំ​២០១៩​នេះ គឺជា​ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ​មួយ សម្រាប់​ការលើកកម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា ដោយ​រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្តីពី សមភាព​យេនឌ័រ​លើកដំបូង​។ គោលនយោបាយ​នេះ នឹង​ក្លាយជា​ក្រប​ខណ្ឌ​គោលនយោបាយ​ដ៏​សំខាន់ ដែល​ជា​ផែនទី​ចង្អុល​ទិស​ក្នុង​ការលើកកម្ពស់​សម​ភាព​យេនឌ័រ និង​បញ្ជ្រាប​យេនឌ័រ​ទៅតាម​វិស័យ និង​ស្ថាប័ន​ដែល​មាន​គោលដៅ​សំខាន់​ចំនួន​៣ រួមមាន​៖

ទី​១៖ ធ្វើ​ស្ថាប័ន​នីយកម្ម (Institutionalisation) ក្រប​ខណ្ឌ​ផ្អែកលើ​លទ្ធផល (Result-Based Framework) ក្នុង​ការងារ​លើកកម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា ដោយ​មាន​ចំណុច​ដៅ​ជាក់លាក់​នៅតាម​វិស័យ​នីមួយៗ​។​
​ទី​២៖ បង្កើន​ធនធានមនុស្ស ធនធាន​ហិរញ្ញវត្ថុ ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​នៅ​តាម​វិស័យ​។​
​ទី​៣៖ បង្កើត​ប្រព័ន្ធ​តាមដាន និង​ត្រួតពិនិត្យ​មួយ​ដែល​មាន​លក្ខណៈ​សង្គតិភាព និង​ផ្តល់​គណនេយ្យភាព​សាធារណៈ​ដល់​ស្ត្រី និង​ក្មេង​ស្រី​នៅ​កម្ពុជា​។​

ដោយឡែក ក្រសួង​ទេសចរណ៍​តែងតែ​គិតគូរ​ដល់​ការបញ្ជ្រាប​យេនឌ័រ នៅ​គ្រប់​ដំណើរការ​ការងារ​របស់ខ្លួន ដោយ​ផ្តោត​ការ យក ចិត្តទុកដាក់​ដល់​មន្ត្រីរាជការ​ជា​ស្ត្រី និង​ស្ត្រី​បម្រើ​សេវាកម្ម​អាជីវកម្ម​ឧស្សាហកម្ម​ទេសចរណ៍ សមាគម​ទេសចរណ៍​នានា និង​ព្យា យាម​ទប់ស្កាត់​ផលប៉ះពាល់​ជា​អវិជ្ជមាន ដែល​អាច​បណ្តាលមកពី​ឧក្រិដ្ឋកម្ម​ពេស្យាចារ ការជួញដូរ​មនុស្ស ការរំលោភ​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ ការជួញដូរ​គ្រឿងញៀន ការជួញដូរ​កុមារ​។​ល​។​

លើសពីនេះ ដើម្បី​សម្រេចបាន​នូវ​សមភាព​យេនឌ័រ និង​លើកកម្ពស់​តួនាទី​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ ក្រសួង​បាន​ខិតខំ​បង្កើន​ចំនួន​មន្ត្រីរាជការ​ជា​ស្ត្រី រួមទាំង​មន្ត្រី​ជា​ស្ត្រី​ដែល​មាន​សិទ្ធិ​សម្រេច ហើយ​បាន​ជំរុញ​និង​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​នៅ​តាម​គ្រប់​កម្រិត​ទាំង ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ កំណត់​នូវ​ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍ​ធនធានមនុស្ស ដែល​ជា​កត្តា​មួយ​ចាំបាច់​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ ក្នុង​ការសម្រេច​ឱ្យបាន​នូវ​ទិសដៅ​ការងារ​សមធម៌ និង​ប្រសិទ្ធភាព​។​

ឆ្លៀត​ក្នុងឱកាស​អបអ​សាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ រួម​ទាំង​វិស័យ​ឯកជន​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​លើ​ការងារ​បណ្តុះបណ្តាល​ជំនាញ​បន្ថែមទៀត ដើម្បី​ជួយ​ស្ត្រី​ក្នុង​ការបង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច និង​បន្ត​លើកកម្ពស់​សីលធម៌​សង្គម សុជីវធម៌ និង​រួមចំណែក​ក្នុង​គោលនយោបាយ ភូមិ ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព ដើម្បី​រក្សា​សុខ​សន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម សាមគ្គី​ជា​ធ្លុង​មួយ ព្រមទាំង​រក្សា​សេចក្តីថ្លៃថ្នូរ ដើម្បី​ឆ្ពោះទៅរក​ភាព​សម្បូរ​សប្បាយ និង​សុខដុមរមនា​ជា​រៀងរហូត ជាពិសេស​បន្ត​ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ចងក្រង​ក្រុម​នារី​ឯកជន នារី​ឆ្នើម​ក្នុង​វិស័យ​ទេស ចរណ៍ ដើម្បី​ឱ្យ​ពួកគេ​ក្លាយទៅជា​នារី​ឆ្នើម ក្នុង​ក្របខណ្ឌ​តំបន់​ក៏ដូចជា​ពិភពលោក​៕​