រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី ប្តេជ្ញាស្តារវិស័យទេសចរណ៍អាស៊ានបូកបីឡើងវិញ

(ព្រះសីហនុ)៖ អាត្រានៃភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនានៅបណ្ដាប្រទេសអាស៊ានបូកបី មានការធ្លាក់ចុះដល់ទៅប្រមាណ ៨១.៥% នៅឆ្នាំ២០២០ ដូច្នេះហើយរដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកបីក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីជំរុញចលនាទេសចរណ៍ក្នុងប្រទេសអាស៊ានបូកបីឡើងវិញ។
ការប្ដេជ្ញានេះធ្វើឡើងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី២១ តាមទម្រង់ Hybrid (ដោយផ្ទាល់ និងតាមវីដេអូខនហ្វើរិន) នៅក្រុងព្រះសីហនុ ដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងសហប្រធាន លោក អូហ៍ យ៉ុងវូ (OH Yeong-Woo) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងកីឡានៃសាធារណរដ្ឋកូរ៉េ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ចិន ជប៉ុន និងកូរ៉េ អគ្គលេខាធិការអាស៊ាន មជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សរុបប្រមាណ១០០នាក់។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះទេសចរអន្តរជាតិប្រមាណ ៨១.៥% នៅឆ្នាំ២០២០ ដែលបានធ្វើប៉ះពាល់ដល់ការងាររាប់លាននាក់ដោយសារការបិទអាជីវកម្ម និងការរឹតបន្តឹងការធ្វើដំណើរជាដើម។
នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកបីបានស្វាគមន៍ដល់ការចាប់ផ្តើមនៃការបើកទេសចរណ៍អាស៊ានឡើងវិញ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីពិនិត្យលទ្ធភាពជំរុញទេសចរណ៍ក្នុងប្រទេសអាស៊ានបូកបី ដោយតម្កល់សុវត្ថិភាព និងសុខមាលភាពរបស់ទេសចរជាចម្បង។
រដ្ឋមន្ត្រីបូកបីបានសម្តែងការកោតសរសើរចំពោះកម្ពុជា ដែលធ្វើឲ្យវេទិកាទេសចរណ៍អាស៊ានកើតមានឡើងដោយផ្ទាល់នៅលើទឹកដីខេត្តព្រះសីហនុ ក្នុងស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ និងក្នុងការដឹកនាំរៀបចំគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍ និងឡាប៊ែល «អាស៊ាន៖ ភាពកក់ក្តៅ និងសុវត្ថិភាព ASEAN Stamp: Warm & Safe»។
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីបានវាយតម្លៃផងដែរលើលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបីឆ្នាំ២០២១-២០២៥ ដែលផ្តោតលើចំណុចសំខាន់ចំនួនពីរ រួមមាន៖ ១. ការស្តារវិស័យទេសចរណ៍ប្រទេសអាស៊ានបូកបីឡើងវិញ និង ២. ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង សំដៅដល់ការអភិវឌ្ឍទេសចរណ៍អាស៊ានបូកបីប្រកបដោយចីរភាព ការទទួលខុសត្រូវ និងមានភាពធន់កាន់តែប្រសើរឡើង៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.