រដ្ឋមន្ត្រី​ទេសចរណ៍ និង​អភិបាល​ខេត្ត​កំពង់ឆ្នាំង ប្រារព្ធ​ពិធី​ក្រុង​ពាលី​មុន​បុណ្យ​ទន្លេ និង​ដង្ហែ​ក្បួន​ដល់​ផ្ទៃ​ទន្លេ​តែម្ដង​

(​កំពង់ឆ្នាំង​)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង លោកជំទាវ ដោ​ក សទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នា​ល្ងាច​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ប្រារព្ធ​ពិធី​ក្រុង​ពាលី​សុំ​សេចក្ដីសុខ​ចម្រើន​ក្នុងពេល​ប្រារព្ធ​ពី​ធី​បុណ្យ​ទន្លេ​លើ​ក​ទី​៥ នៅ​ខេត្ត​កំពង់ឆ្នាំង​។​

​អ្វី​ដែល​ពិសេស​នោះ ឯកឧត្តម ថោង ខុន ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​ក្នុង​ពិធី​ក្រុង​ពាលី បាន​ដង្ហែ​កន្ទោង​ថ្វាយ​បារមី​ព្រះ​ម៉ែ​គង្គា អម​ដោយ​ភ្លេង​ឆៃយ៉ាំ​យកទៅ​បណ្ដែត​ដល់​ទឹកទន្លេ នៃ​ក្រុង​កំពង់ឆ្នាំង​តែម្ដង ខណៈ​កំពុង​ដង្ហែ​ក្បួន​ពិធី​ខាងលើ ប្រជាជន​ជាច្រើន​បាន​ចេញមក​អបអរសាទរ​នៅ​អម​ដងផ្លូវ​យ៉ាងច្រើន​កុះករ ដែល​ម្នាក់ៗ​ពោរពេញ​ទៅដោយ​ស្នាមញញឹម​គ្រប់ៗ​គ្នា​។​

​សូមជម្រាបថា រំលង​តែមួយ​យប់​ទៀត​ប៉ុណ្ណោះ ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្ត​កំពង់ឆ្នាំង នឹង​ឈាន​ចូល​មក​ដល់​ហើយ ពោល​នៅ​ថ្ងៃទី​១៥ ១៦ ១៧ ខែ​មីនា​។​
«​ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​» ត្រូវ​បាន​សម្រេច​យក​មក​ធ្វើ​ជា​ប្រធានបទ​សម្រាប់​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​។​

​ដោយ​ក្ដី​នឹករឭក​ចំពោះ​ប្រជាជន សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក៏​នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធិ​បើក​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ​ផងដែរ​៕​