រដ្ឋមន្ត្រី​ទេសចរណ៍​៖ បុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ឆ្នាំង​ខាងមុខនេះ ជា​ឱកាស​តាំងពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​ដ៏​ធំ​

(​កំពង់ឆ្នាំង​)៖ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៥ ជាមួយ​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន រួចមក ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្ត​កំពង់ឆ្នាំង ខាងមុខនេះ គឺជា​ឱកាស​ដ៏​ធំ​មួយ​ក្នុង​ការរៀបចំ​តាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក ពិសេស​ផលិតផល​កសិកម្ម សិប្បកម្ម និង​ទេសចរណ៍​។​

​គួរ​ជម្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង ដើម្បី​ត្រៀម​រៀបចំ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៥ រួច មកហើយ ដែល​ព្រឹត្តិការណ៍​ទេសចរណ៍​ប្រចាំ​ឆ្នាំ​នេះ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​១៥-១៦-១៧ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​។​

​ដើម្បី​ត្រៀម​រៀបចំ​ពិធី​បុណ្យ​ឱ្យមាន​ភាព​អធិក​អ​ធ័ម ក្រសួង​ទេសចរណ៍ រួម​ទាំង​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​ជួបប្រជុំ​ជាមួយគ្នា​ជា​បន្តបន្ទាប់​ចំនួន ៣​លើក មកហើយ ហើយ​លើក​ទី​៣​នេះ គឺ​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​កំពង់ឆ្នាំង​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ក្រោម​ការខិតខំ​របស់​ខេត្ត​កំពង់ឆ្នាំង ការងារ​ធំៗ​មួយចំនួន​សម្រេចបាន​ពាក់កណ្ដាល​ហើយ ខណៈ​ការងារ​ដែល​សេសសល់​ទាំង​ប៉ុន្មាន ក្រុមការងារ​អន្តរក្រសួង​កំពុង​បន្ត​អនុវត្ត​ជា​រៀងរាល់ថ្ងៃ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ខេត្ត​កំពង់​ឆ្នាំមាន​សោភ័ណភាព​ប្រកបដោយ​ភាព​ទាក់ទាញ មាន​សន្តិសុខ សណ្ដាប់​ធ្លាប់​ល្អ និង​ផ្ដល់​ភាពសប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​បាន​ឯកភាព​គ្នា​ហើយ​ថា យើង​យក​ឱកាស​នេះ ដើម្បី​បង្ហាញ​នូវ​កម្លាំង​សាច់ដុំ​របស់​យើង អំពី​ផលិតផល​ក្នុងស្រុក មាន​ផលិតផល​កសិកម្ម សិប្បកម្ម និង​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​ខេត្ត​មួយ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ច្រើន មាន​កន្លែង​កម្សាន្ត​ច្រើន ហើយ​ជា​ខេត្ត​ដែល​មាន​សក្តានុពល​ខាង​ផ្នែក​កសិកម្ម​»​។​

​ក្នុងចំណោម​ស្ដង់​ពិព័រណ៍​ទាំងអស់ ដែល​នឹង​តាំង​បង្ហាញ​ក្នុង​ពិធីបុណ្យ​ទន្លេ​ខាងមុខ ស្ដង់​ពិព័រណ៍​ប្រមាណ ២​ភាគ​៣ នឹង​ត្រូវ​ទុក​សម្រាប់​តាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក ដែល​នេះ​ជា​ការផ្ដល់​អាទិភាព​សម្រាប់​ផលិតផល​ក្នុងស្រុក​របស់​កម្ពុជា ខណៈ​ដែល​រាជរដ្ឋាភិបាល បាន​និង​កំពុង​ខិតខំ​រៀបចំ​គោលនយោបាយ​ពិសេស ដើម្បី​ជំរុញ​ឱ្យ​ផលិតផល​ទេសចរណ៍​ក្នុង​ស្រុក​ឱ្យ​កាន់តែខ្លាំង​។

​ចំពោះ​ការតាំងពិព័រណ៍​ផលិតផល​ទេសចរណ៍​នេះ​ទៀតសោត លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ទៀតថា គណៈកម្មការ​អន្តរក្រសួង ក៏​នឹង​អញ្ជើញ​ខេត្ត​នៅ​ជុំវិញ​មក​ចូលរួម​តាំង​បង្ហាញ​ពីលិត​ផល​ទេសចរណ៍​របស់​ខ្លួនផ​ង​ដែរ ដូចជា ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ស្ពឺ ខេត្ត​កណ្ដាល ជាដើម​។​

​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​មាន​វត្ត​អារាម​ដល់​ទៅ ១២​វត្ត ឯណោះ​។ ក្រៅពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏ដូចជា​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង រៀបចំ​គេហដ្ឋាន​របស់​ខ្លួន និង​សេវា​ម្ហូបអាហារ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ ដែល​មក​លេង​ពិធីបុណ្យ​ទន្លេ​ខាង​ផងដែរ​។ ត្រង់​ចំណុច​នេះ គណៈអធិបតី​ទាំងពីរ បាន​បញ្ជាក់​ហើយ​ថា ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដែល​ចង់​មក​ទស្សនា​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ មិន​ចាំបាច់​មាន​ការព្រួយបារម្ភ​ពី​កន្លែង​ស្នាក់នៅ និង​ម្ហូបអាហារ​សម្រាប់​ហូបចុក​ឡើយ​។​

​ជា​ការពិត​ណាស់ បើទោះជា​ពិធីបុណ្យ​ទន្លេ ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ​ខាង​មុខ​ក៏ពិតមែន ប៉ុន្តែ​ភ្ញៀវទេសចរ​មួយចំនួន​ក៏​មិនមែន​ទៅ ឬ​មក​ទស្សនា​ពិធីបុណ្យ​នេះ​ទាំង​៣​ថ្ងៃ​នោះ​ទេ ពួក​គាត់​តែង​ឈៀង​ទៅ​ទស្សនា​រមណីយដ្ឋាន​ទេសចរណ៍​ដទៃទៀត ដែល​នៅ​ជិតៗ​នោះ​។​

​ត្រង់​ចំណុច​នេះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បានឱ្យដឹងថា រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​ខិតខំ​រៀបចំ​កន្លែង​កម្សាន្ត​នានា នៅក្នុង​ក្រុង​កំពង់ឆ្នាំង ហើយ​បាន​និង​កំពុង​រៀបចំរ​មណី​យដ្ឋា​ន​ទេសចរណ៍​នានា​នៅ​ជុំវិញ​ខេត្ត ដើម្បី​ត្រៀម​ទទួល​វត្តមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នៅ​អំឡុង​ពេល​ពិធីបុណ្យ​ទន្លេ​នោះ​៕​