រដ្ឋមន្ត្រី ថោង ខុន ជំរុញ​ឱ្យ​ក្រុម​ការងារ​សម្រេច​ការត្រៀម​រៀបចំ​បុណ្យ​ទន្លេ​ឱ្យបាន ១០០% នៅ​៣​សប្ដាហ៍​ទៀត ខណៈ​គិត​ត្រឹម​ពាក់កណ្ដាល​ខែ​កុម្ភៈ​នេះ ការងារ​ទាំងឡាយ​សម្រេច​បាន ៧០-៨០% ហើយ​

(​កំពង់ឆ្នាំង​)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ត្រៀម​រៀបចំ​ពិធី​បុណ្យ​ទន្លេ​លើ​ទី​៥ នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ជំរុញ​ដាស់តឿន​ក្រុមការងារ​គ្រប់​អនុគណៈកម្មការ​ទាំងអស់ ត្រូវ​ខិតខំ​សម្រេច​ការងារ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​នេះ​ឱ្យបាន ១០០% ខណៈ​គិត​ត្រឹម​សប្ដាហ៍​ទី​៣ នៃ​ខែ​កុម្ភៈ​នេះ ការងារ​ទាំងឡាយ​សម្រេច​បាន​ប្រមាណ​ពី ៧០-៨០% ហើយ​។​

​ការជំរុញ​ផែនការ​ការងារ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៥ នៅ​សាលាខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ ឆ្នាំ​២០១៩​។ កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកជំទាវ ដោ​ក សុ​ទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​។​

​ទន្ទឹម​នឹង​កិច្ច​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​នេះ ដែល​មកល់​ពេល​នេះ​បាន​ប្រមាណ ៧០ - ៨០%  ហើយ​នោះ ទិសដៅ​ការងារ​មួយចំនួនទៀត ត្រូវបាន​ឯកឧត្តម ថោង ខុន ណែនាំ​បញ្ជាក់បន្ថែម និង​ដាក់ឱ្យ​អនុវត្ត​បន្ត ដើម្បី​សម្រេច​ឱ្យបាន ១០០% ក្នុង​៣​សប្តាហ៍​ទៀត ដូច​មាន​តទៅ​៖

* ក្រុមការងារ​ត្រូវ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​សំរាម​ដល់​អាជីវករ ដែល​លក់​ម្ហូបអាហារ នំចំណី និង​ទំនិញ​របស់​ខ្លួន​នៅក្នុង​ពិធីបុណ្យ​ទន្លេ​ខាងមុខនេះ ដើម្បី​ឱ្យ​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពសប្បាយ​រីករាយ ហើយ​ពោរពេញ​ដោយ​ភាព​ស្អាត​ថែមទៀត​។ រាល់​ស្ដង់​នី​មួយៗ​ត្រូវមាន​ធុងសំរាម ហើយ​អាជីវករ​ក៏​ត្រូវ​ចូលរួម​សម្អាត​អនាម័យ​នៅ​តាម​ស្ដង់​របស់​ខ្លួន​ផងដែរ​។​

* ថ្វី​ដ្បិត​ការរៀបចំ​តុបតែង​លម្អ​ទូទាំង​ក្រុង​កំពង់ឆ្នាំង កំពុង​មាន​ភាព​មមាញឹក និង​កំពុង​លេច​ជា​រូបភាព​បណ្ដើរ​ក៏ពិតមែន ប៉ុន្តែ​ឯកឧត្តម​រដ្ឋមន្ត្រី​នៅតែ​ដាស់តឿន​ជាប្រចាំ ដើម្បី​ឱ្យ​ក្រុមការងារ​ខាង​រៀបចំ​តុបតែង​សោភ័ណភាព​នេះ ឱ្យ​បាន​លឿន​ឆាប់រហ័ស និង​ទាន់​ពេលវេលា​។​

* ចំពោះ​សកម្មភាព​កីឡា ត្រូវបាន​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានឱ្យដឹងថា ប្រភេទ​កីឡា​ដែល​ត្រៀម​រៀបចំ​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ចំនួន​១១​ប្រភេទ ចែកចេញ​ជា​២​ផ្នែក​៖ ផ្នែក​ទី​១៖ កីឡា​បង្ហាញ​ពី​អត្តសញ្ញាណ (​កីឡា​បុរាណ​) មាន​កីឡា​ចំបាប់​បុរាណ​ខ្មែរ ប្រដាល់​គុន​ខ្មែរ កីឡា​ទាញព្រ័ត្រ ប្រណាំង​សេះ ប្រណាំង​ទូកង និង​កីឡា​ល្បុក្កតោ ផ្នែក​ទី​២៖ កីឡា​ទំនើប មាន​បាល់ទាត់ បាល់ទះ បាល់បោះ រត់ប្រណាំង ជិះ​កង់​។​

* ត្រូវ​បន្ត​ការរៀបចំ​ក្រុង​កំពង់ឆ្នាំង​ឱ្យ​បាន​ស្អាត​ជា​ង​មុន ដើម្បី​ឱ្យ​ទីក្រុង​ដ៏​សំខាន់​នេះ ជាប់​ជ័យលាភី​ទីក្រុង​ស្អាត​អាស៊ាន​។ ប្រសិន បើ​ក្រុង​កំពង់ឆ្នាំង ទទួលបាន​ជ័យលាភី​ពី​អាស៊ាន​នេះ​មែន វា​គឺជា​សមិទ្ធផល​ធំ​មួយ​ទៀត ក្រោយ​ពី​ការរៀបចំ​បុណ្យ​ទន្លេ​នេះ​។​

* ត្រូវ​រៀបចំ​កន្លែង ឬ​សួន​ដាំ​ដើមឈើ​នៅក្នុង​ក្រុង​ឱ្យបាន​ច្រើន និង​ត្រូវ​បំផុស​ចលនា​យុវជន​ចូលរួម​ដាំ​ដើមឈើ​យ៉ាងហោចណាស់​ឱ្យ​បាន​ម្នាក់​មួយ​ដើម និង​គូស្រករ​មួយគូ​ដើមឈើ ២​ដើម នៅ​ក្នុង​សួន​ដែល​យើង​រៀបចំ​ទុក​នោះ ពិសេស​ត្រូវ​ត្រៀម​ទុក​កូន​ឈើ​ឱ្យ​បាន​ស្រេច និង​ត្រូវមាន​ក្រុមការងារ​ចាំ​ជួយ​សម្រួល​ដល់​អ្នក​ដែល​ទៅ​ដាំ​ដើមឈើ​។​

* ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ដាក់​ពង្រាយ​បង្គន់​អនាម័យ​សាធារណៈ​ឱ្យបាន​ច្រើន និង​នៅ​ទីតាំង​ដែល​សមរម្យ ក្នុង​ពិធីបុណ្យ​ទន្លេ​នេះ​។ រាល់​បង្គន់​សាធារណៈ ត្រូវ​រៀបចំ​ទៅ​តាម​ស្តង់ដារ​ជាតិ​និង​អាស៊ាន និង​ត្រូវមាន​អ្នក​ចាំ​សម្អាត​ជាប្រចាំ​។​

* ក្រៅ​ពី​ការ​ដាស់តឿន​ពី​សេវា​ស្នាក់នៅ សេវា​ម្ហូបអាហារ​របស់​វិស័យ​ឯកជន ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ និង​អនុគណៈកម្មការ​ទទួល​បន្ទុក ត្រូវ​ចុះ​ទៅ​ជួយ​រៀបចំ​ជាមួយ​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម និង​គណៈកម្មការ​វត្ត ដើម្បី​ជួយ​រៀបចំ​ការ ទទួល​ប្រជាជន​មកពី​ចម្ងាយ ដែល​មក​ទស្សនា​បុណ្យ​ទន្លេ ពិសេស​រៀបចំ​កន្លែង​សម្រាក អគ្គិសនី ទឹកស្អាត​ប្រើប្រាស់ ដោយ​ឯក ឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា «​បុណ្យ​ទន្លេ​ក៏​ជា​ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​ប្រជាជន និង​ប្រជាជន​»​។​

* ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​សិប្បកម្ម​ក្នុង​ខេត្ត រៀបចំ​ការតាំងពិព័រណ៍​ក្នុង​ពិធីបុណ្យ​ទន្លេ​ឱ្យបាន​ច្រើន ដើម្បី​លើក ស្ទួយ​វិស័យ​សិប្បកម្ម​ក្នុង​ខេត្ត​ឱ្យ​បាន​ផុលផុស​ឡើង ពិសេស​ឯកឧត្តម​រដ្ឋ​មន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យ​សហគមន៍​ក្អម​ឆ្នាំង យក​ផលិត ផល​របស់​ខ្លួន​មក​តាំងពិព័រណ៍​ឱ្យបាន​ច្រើន ហើយ​ឯកឧត្តម​បាន​ណែនាំ​ទៅ​កាន់​អនុគណៈកម្មការ ត្រូវ​ផ្ដល់​ស្ដង់​ពិព័រណ៍​ដល់​ពួក​គេ​ចំនួន ៣​ស្ដង់ ដើម្បី​ឱ្យ​ការតាំង​បង្ហាញ​ធំ​ទូលាយ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អះអាងថា ឯកឧត្តម​នឹង​គោរព​អញ្ជើញ​សម្ដេច​តេជោ​នាយ​ករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចូល​ទៅ​ទស្សនា​ស្ដង់​ពិព័រណ៍​ក្អមឆ្នាំង​នេះ​ផងដែរ​។​

* ចំពោះ​សកម្មភាព​សិល្បៈ និង​ទស្សនីយភាព​ត្រូវបាន​ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​អនុគណៈកម្មការ​រៀបចំ​ទស្សនីយភាព​សិល្បៈ រាយការណ៍​ឱ្យដឹងថា ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ឆ្នាំង ខាងមុខនេះ មាន​ការសម្ដែង​សិល្បៈ​បុរាណសម័យ​ច្រើន​សម្បូរបែប និង​ប្លែកៗ ដោយ​មាន​ការចូលរួម​សម្ដែង​ពី​ក្រុម​សិល្បៈ​មកពី​ខេត្ត​ជិតខាង ពិ សេស​សិល្បៈ​ធំ​ក្នុង​ពិធីបុណ្យ​ទន្លេ​នេះ គឺ​ល្ខោន​រឿង «​ពុទ្ធិ​សែន​នាង​ក​ង្រី​»៕​