រដ្ឋមន្ត្រី ថោង ខុន ជួប​រដ្ឋមន្ត្រី​វប្បធម៌ និង​ទេសចរណ៍​ចិន ពិភាក្សា​ជំរុញ​កំណើន​ទេសចរ​ចិន​មក​កម្ពុជា​

(​ភ្នំពេញ​)៖ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ឡ ស៊ូ​កាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​មួយ​ចំនួន ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​បរទេស ពិសេស​ទេសចរ​ជនជាតិ​ចិន ជម្រាប​ដល់​លោក ឡ ស៊ូ​កាង ព្រមទាំង​បាន​លើកឡើង​នូវ​ចំណុច​គន្លឹះ​មួយចំនួន ដើម្បី​បង្កើន​ទេសចរ​ចិន​មក​កម្ពុជា​។​

​កិច្ចពិភាក្សា​នេះ ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ នា​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៩ ពោល​គឺ​ក្នុងអំឡុងពេល​ទស្សនកិច្ច​របស់​ឯកឧត្តម ឡ ស៊ូ​កាង និង​គណៈប្រតិភូ​ចិន នៅ​ប្រទេស​កម្ពុជា ដែល​មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧-៣១ ខែ​មករា​។​

​ក្នុងជំនួប​នោះ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ដើម្បី​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ស្អាត បៃតង និង​សេវា​ប្រកបដោយ​គុណភាព និង​ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ ពិសេស​ទេសចរ​ចិន​មក​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ថែមទៀត ក្រសួង​ទេសចរណ៍ បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ ៤​ចំណុច​៖

១៖ បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ប្រកប​ដោយ​ការច្នៃប្រឌិត និង​នវានុវត្តន៍ (Creative & Innovative) តាមរយៈ​ការទាក់ទាញ​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​។​
២៖ ពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ តាមរយៈ​យុទ្ធនាការ «​សេវា​មួយ ស្តង់ដា​មួយ​» និង «​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​»​។​
៣៖ ពង្រឹង​ការឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍​ឲ្យ​កាន់តែ​ខ្លាំង​តាម​របៀប Traditional Marketing, Digital Marketing, E-Marketing​។​
៤៖ ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​តាម​ប្រព័ន្ធ Online (Smart Tourism)​។​

​ដើម្បី​ជំរុញ​ទាក់ទាញ​ទេសចរ​ចិន​មក​កម្ពុជា​ឱ្យបាន​កាន់តែ​ច្រើន ក្រសួង​ទេសចរណ៍​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​ចិន និង​អនុវត្ត​សៀវភៅ​ស​ស្ដីពី China Ready ដោយ​ផ្តោត​លើ ៤​ចំណុច​សំខាន់ៗ​៖ ការសម្រួល​ការធ្វើដំណើ​រ ការបញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ អំពី​ទីផ្សារ​ចិន​ដល់​ភាគី​ពាក់ព័ន្ធ ការ​ពង្រឹងគុណភាព​ឧស្សាហកម្ម​ទេសចរណ៍ តាមរយៈ​ការអនុវត្ត​ប្រព័ន្ធ​បញ្ជាក់​គុណភាព (China Ready Accreditation System) ដល់​សេវាកម្ម​ទេសចរណ៍ និង​យន្តការ​គាំទ្រ​គម្រោង​បង្កើត China Ready Center នៅ​កម្ពុជា​។​

​នៅ​ឆ្នាំ​២០១៨ ក្រសួង​ទេសចរណ៍ បាន​ចូលរួម​ក្នុង​សន្និសីទ និង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ធំៗ​ចំនួន ៦​លើក នៅ​ប្រទេស​ចិន​។ ទន្ទឹមនឹងនេះ នៅ​ឆ្នាំ​២០១៨ ក៏​មាន​សកម្មភាព និង​ព្រឹត្តិការណ៍​ជាច្រើន​ទៀត​របស់​ភាគី​ចិន (​ដឹកនាំ​ដោយ​អភិបាល ឬ​អភិបាលរង​ខេត្ត​របស់​ចិន​) មក​ផ្សព្វផ្សាយ​អំពី​គោលដៅ​ទេសចរណ៍​ចិន​នៅ​កម្ពុជា​ផងដែរ​។​

​ឯកឧត្តម ឡ ស៊ូ​កាង ក៏​បាន​កោតសរសើរ​អំពី​ការអភិវឌ្ឍន៍​នៅ​កម្ពុជា ព្រោះ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ពិសេស​កត្តា​សុខសន្តិភាព សុវត្ថិភាព​ល្អ និង​សម្បត្តិ​វប្បធម៌​ដ៏​ល្អ​ឯក​របស់​កម្ពុជា ដូចជា​ប្រាសាទ​អង្គរវត្ត​ជា​បេតិកភណ្ឌ​ពិភពលោក ដែល​មាន​ទេសចរ​ជាច្រើន​ទស្សនា (​រួម​មាន​ទេសចរ​ចិន​) និង​រូបលោក​ក៏​បាន​ទស្សនា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​សន្យា​បន្ត​ជំរុញ​ភ្ញៀវទេសចរ​ចិន និង​អ្នក​វិនិយោគ​មក​កម្ពុជា​ឱ្យបាន​ច្រើន​បន្ថែមទៀត​។​

​ផ្ដើមចេញ​ពី​កិច្ចសហការ​ដ៏​ល្អ​នេះ ជា​លទ្ធផល ចំនួន​ទេសចរ​អន្តរជាតិ ពិសេស​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការកើនឡើង​គួរឲ្យកត់សម្គាល់​៖

* ឆ្នាំ​២០១៧ ទេសចរ​អន្តរជាតិ​សរុប​មក​ទស្សនា​កម្ពុជា​មាន ៥.៦​លាន​នាក់ កើនឡើង ១១.៨% ក្នុងនោះ​ទេសចរ​ចិន​មាន​ចំនួន​ជាង ១.២​លាន​នាក់ (២១.៦% នៃ​ចំនួន​ទេសចរ​សរុប​) កើនឡើង ៤៥.៩%​។​
* ឆ្នាំ​២០១៨ ទេសចរ​អន្តរជាតិ​សរុប​មក​ទស្សនា​កម្ពុជា​មាន​ប្រមាណ ៦.២​លាន​នាក់ កើនឡើង​ប្រមាណ ១១% ក្នុងនោះ​ទេសចរ​ចិន​មាន​ប្រមាណ ២​លាន​នាក់ (៣០.៦% នៃ​ចំនួន​ទេសចរ​សរុប​) កើនឡើង ៧០%​។​
* ទេសចរ​ចិន​មក​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​លេខ​១ ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ក្នុងចំណោម​ទីផ្សារ​ធំៗ​ទាំង​១០​។​
* ឆ្នាំ​២០២០ កម្ពុជា​អាច​នឹង​ទទួល​ទេសចរ​ចិន​បាន ៣​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប ៧​លាន​នាក់​។​
* ឆ្នាំ​២០២៥ កម្ពុជា​អាច​នឹង​ទទួល​ទេសចរ​ចិន​បាន ៥​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប​ប្រមាណ ១១​លាន​នាក់​។​
* ឆ្នាំ​២០៣០ កម្ពុជា​អាច​នឹង​ទទួល​ទេសចរ​ចិន​បាន ៨​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប​ប្រមាណ ១៥​លាន​នាក់​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.