រដ្ឋមន្ត្រី​ទេសចរណ៍ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរ​វៀតណាម ពង្រីក​ជើង​ហោះ​វៀតណាម​-​កម្ពុជា

​នា​ល្ងាច​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​ពានរង្វាន់ ជូន​ទី​ភ្នាក់ងារទេសចរណ៍​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការលក់​សំបុត្រ​ជូន​ក្រុមហ៊ុន​អាកាសចរ Vietnam Airlines នៅ​សណ្ឋាគារ​ភ្នំពេញ​។ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​លោក Nguyen Trac Toan ភារធារី​នៃ​ស្ថាន​រដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក Ngo Tri Hung នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរ Vietnam Airlines រួម​ទាំង​ប្រតិបត្តិ​ក​រ សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​អ្នកពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។​

​ឯកឧត្តម ថោង ខុន បាន​ថ្លែងថា អត្រា​កំណើន​នៃ​ភ្ញៀវទេសចរ បាន​កើនឡើង​ជា​ទី​មោទនៈ​នេះ គឺ​សម្រេច​បាន​ដោយសារ​កត្តា​សុខ​សន្តិភាព​ពេញលេញ និង​ដោយសារ​គោលនយោបាយ​បើកចំហ​ជើងមេឃ របស់​រាជរដ្ឋាភិបាល​កម្ពុជា ការបើក​ច្រកព្រំដែន​អន្តរជាតិ​កាន់តែ​ទូលំទូលាយ ជាមួយ​បណ្តា​ប្រទេសជិតខាង និង​កិច្ចប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា របស់​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​សំរួល​ការធ្វើ​ដំណើរ និង​ដឹកជញ្ជូន​តាម​ច្រកទ្វារ​អន្តរជាតិ​នានា​។​

​ឯកឧត្តម​បាន​បន្តថា បច្ចុប្បន្ន​ឧស្សាហកម្ម​ដឹកជញ្ជូន និង​ធ្វើ​ដំណើរ ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុងការ​រុញ​ដោល និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ក្នុងនោះ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស ក៏​មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់ ដោយ​ឈរ​លើ​គោលការណ៍​សុវត្ថិភាព​ខ្ពស់ និង​ចំណេញ​ពេលវេលា​ធៀប​នឹង​មធ្យោបាយ​ផ្សេងៗ​ទៀត​។ ដើម្បី​ទ្រទ្រង់​ដល់​ការរីកលូតលាស់​នៃ​វិស័យ​ទេសចរណ៍ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ការអភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​មធ្យោបាយ​ដឹកជញ្ជូន ទាំង​ផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់ (​ព្រលានយន្តហោះ កំពង់ផែ ចំណត​) និង​បច្ចេកវិទ្យា​ក្នុង​វិស័យ​ដឹកជញ្ជូន គឺជា​កត្តា​កំណត់​ចាំបាច់​សំរាប់​និរន្តរភាព នៃ​វិស័យ​ទេសចរណ៍​។​

​ឯកឧត្តម​បាន​ថ្លែង​បន្តទៀតថា ខណៈពេល​ដែល​ក្រុមហ៊ុន​អាកាសចរ Vietnam Airlines បាន​នឹង​កំពុង​ពង្រឹង​ប្រតិបត្តិ​ការខ្លួន តាមរយៈ​ការ​ដាក់ឲ្យ​ប្រើប្រាស់​យន្ត​ហោះ​ទំនើបៗ ដូចជា B787 Dreamliner, Airbus A350, A321 នោះ ឯកឧត្តម​ក៏បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​មេត្តា​យកចិត្តទុកដាក់ ពង្រីក​ជើងហោះហើរ ពី​ប្រទេស​វៀតណាម​មក​កាន់​រាជធានី​ភ្នំពេញ តំបន់​សៀមរាប តំបន់​ឆ្នេរសមុទ្រ និង​តំបន់​កោះ​សំខាន់ៗ របស់​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។​

​ឯកឧត្តម​ ក៏បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់មេត្តា​ បន្ត​ចូលរួម​គាំទ្រនិង​ជំរុញ​ការផ្សព្វ ផ្សាយ ​វិស័យ​ ទេសចរណ៍​កម្ពុជាឲ្យ​កាន់តែ​ទូលំទូលាយទាំង​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស តាមរយៈ​ការបង្កើត​ផលិតផល​ថ្មីៗ និង​រៀបចំ​កញ្ចប់​ខ្សែ​ទស្សនកិច្ច​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ដោយ​ដាក់បញ្ចូល​នូវ​ព្រឹត្តិការណ៍ និង​ពិធីបុណ្យ​ធំៗ​នានា​របស់​កម្ពុជា​ផង ដើម្បីឱ្យ​ភ្ញៀវ​ទេសចរ​បាន​មកលេង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​។​

​សូមជម្រាបថា បច្ចុប្បន្ន​មាន​ជើងហោះហើរ​ពី​វៀតណាម មក​កម្ពុជា​សរុប​២៣​ជើង ក្នុង​មួយ​ថ្ងៃ​៖ សៀមរាប​-​ហូ​ជី​ម៉ិញ ៦​ជើង​, សៀមរាប​-​ហាណូយ ៦​ជើង​, ភ្នំពេញ​-​ហូ​ជី​ម៉ី​ញ ៥​ជើង ក្រៅពីនោះ​មាន​ជើងហោះហើរ​សៀមរាប​-​ដា​ណា​ង និង​ព្រះសីហនុ​-​ហូជីមិញ​ផងដែរ ដែល​ភាគច្រើន​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Vietname Airline ក្រុមហ៊ុន​អាកាសចរ​ជាតិ​កម្ពុជា​អង្គរ​អ៊ែរ ក្រុមហ៊ុន Vietjet ក្រុមហ៊ុន​អាកាសចរ Silk Air និង​ក្រុមហ៊ុន​អាកាសចរ Qatar Airways៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.