រួមគ្នាលុបបំបាត់ការផ្សព្វផ្សាយ និងចែកចាយរូបភាពផ្ទុយពីបច្ចុប្បន្នភាពក្នុងតំបន់អង្គរ ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍!

អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ-អន្តរជាតិ ក្នុងគោលដៅអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ បានរៀបចំអភិវឌ្ឍន៍ គ្រប់គ្រង ជួសជុល អភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកនេះឱ្យរួចផុតពីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ រហូតបានក្លាយជាគោលដៅទេសចរណ៍ដ៏ធំមួយក្នុងសកលលោក និងទទួលបានចំណាត់ថ្នាក់លេខមួយជាគោលដៅទេសចរណ៍ផ្ទួនៗគ្នានាឆ្នាំកន្លងមក។

តាមរយៈវិស័យអភិរក្សបេតិកភណ្ឌ និងវិស័យទេសចរណ៍វប្បធម៌ រមណីយដ្ឋានអង្គរបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបានផ្តល់នូវប្រយោជន៍ដ៏ឧត្តុងឧត្តមទាំងផ្ទាល់និងប្រយោលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ជាពិសេសផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។

ផ្ទុយទៅវិញ កន្លងមកនេះមានការផ្សព្វផ្សាយ និងចែករំលែករូបភាពពុំស្តែងចេញអំពីបច្ចុប្បន្នភាពនៃតំបន់រមណីយដ្ឋានអង្គរទៅក្នុងបណ្តាញព័ត៌មានសង្គមដែលសកម្មភាពទាំងនោះខុសពីការពិតទៅនឹងអ្វីដែលអាជ្ញាធរជាតិអប្សរាបច្ចុប្បន្នកំពុងបំពេញយ៉ាងសស្រាក់សស្រាំ។ លើសពីនេះ ការផ្សព្វផ្សាយ និងចែកចាយរូបភាពផ្ទុយពីបច្ចុប្បន្នភាពបែបនេះអាចបង្កឱ្យភ្ញៀវទេសចរមានការយល់ច្រឡំ និងគិតមិនល្អក្នុងការសម្រេចចិត្តជ្រើសរើសមកទស្សនានៅកម្ពុជានិងរមណីយដ្ឋានអង្គរ។

ទាក់ទងនឹងបញ្ហានេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ក្រៅពីកិច្ចការជួសជុលអភិរក្សប្រាសាទ បានយកចិត្តទុកដាក់ធ្វើជាប្រចាំថ្ងៃលើកិច្ចការលើកកម្ពស់បរិស្ថានឱ្យមានភាពបៃតងនៅក្នុងតំបន់អង្គរតាមរយៈការរៀបចំសួនស្មៅ ការដាំដើមឈើប្រណីត ការទប់ស្កាត់អ្នកលក់ដូរនៅលើវាលស្មៅតាមកសិន្ធុអង្គរវត្ត ការរៀបចំចំណតយានយន្ត ការធ្វើផ្លូវកង់ ការស្ថាបនានិងថែទាំផ្លូវថ្នល់ក្នុងឧទ្យានអង្គរ។ល។ កិច្ចការទាំងនេះ គឺក្នុងបំណងបម្រើដល់សេវាកម្មទេសចរណ៍និងលើកកម្ពស់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន។

លោក ឡុង កុសល ក៏បានបញ្ជាក់ទៀតថា ការប្រើប្រាស់រូបភាពដែលពុំឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងបច្ចុប្បន្ន ពុំមែនជារឿងល្អប្រសើរទេ។ ដូច្នេះ សូមសាធារណជនប្រើប្រាស់រូបភាពនិងខ្លឹមសារដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាក់ស្តែងនៃតំបន់រមណីយដ្ឋានអង្គរ ជាពិសេសសកម្មភាពដែលអាជ្ញាធរជាតិអប្សរាបានធ្វើនាបច្ចុប្បន្ននេះ ដូចជាការរៀបចំចំណត ការដាំស្មៅ ដាំផ្កា ដាំដើមឈើ។ល។ ដើម្បីរឹតតែទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់រមណីយដ្ឋានអង្គរកាន់តែកើនឡើងមិនខាន។

សូមរួមគ្នាលុបបំបាត់ការផ្សព្វផ្សាយនិងចែកចាយរូបភាពមិនមែនបច្ចុប្បន្នភាពអំពីតំបន់រមណីយដ្ឋានអង្គរ ដើម្បីបំផុសនិងផ្សព្វផ្សាយរូបភាពល្អៗ និងភាពស្រស់ស្អាតនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ជាតិ!!!

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហ៊ុ រិទ្ធី

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.