រមណីយដ្ឋានធម្មជាតិ (ទឹកធ្លាក់ហោង) នៅខេត្តត្បូងឃ្មុំ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត
(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានដឹកនាំដោយលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីរាជការ សហការជាមួយរដ្ឋបាលព្រៃឈើ និងសង្កាត់ បានចុះពិនិត្យដល់ទីតាំងរមណីយដ្ឋាន ទឹកធ្លាក់ហោង ដើម្បីដាំកូនឈើតាមដងផ្លូវ អមមាត់អូរ សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ត និងបានណែនាំអាជីវករឲ្យសំអាតបរិស្ថាន ទុកដាក់សម្រាមក្នុងធុងឲ្យបានត្រឹមត្រូវ សម្រាប់ត្រៀមទទួលភ្ញៀវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។
សូមជម្រាបថា រមណីយដ្ឋានទឹកធ្លាក់ហោង ជារមណីយដ្ឋានធម្មជាតិ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀតក្នុងខេត្តត្បូងឃ្មុំ ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ មានចម្ងាយប្រមាណ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្តត្បូងឃ្មុំ។ ទឹកធ្លាក់ហោង គឺជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រ ដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ ហើយមានទេសភាពស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ។
ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិតៗ និងហែលទឹកកម្សាន្តលេងជាមួយទឹកហូរ នាខែវស្សា ក៏ដូចជាទៅដើម្បីអធិដ្ឋានព្រះពុទ្ធបដិមា និងសុំពរជ័យពីព្រះសង្ឃដែលនៅទីនោះ។
ក្នុងនោះដែរមន្ទីទេសចរណ៍បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលមកកម្រាន្តតំបន់នេះរួមគ្នារៀបចំថែរក្សាទឹកធ្លាក់ និងល្អាងថ្មហោង ឲ្យមានសម្រស់ធម្មជាតិស្រស់ត្រកាលជាទីកម្សាន្តដ៏សែនមនោរម្យបែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាកលំហែកាយនៅទីនេះ៕