រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ និងអង្គភាពព័ត៌មាន Fresh News ដែលមានសមាសភាពសរុបចំនួន ១២ នាក់ បានសហការគ្នាចុះបំពេញទស្សនកិច្ចនៅ «សហគមន៍អេកូទេសចរណ៍តាំងបំពង់»
ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ និងអង្គភាពព័ត៌មាន Fresh News ដែលមានសមាសភាពសរុបចំនួន ១២ នាក់ បានសហការគ្នាចុះបំពេញទស្សនកិច្ចនៅ «សហគមន៍អេកូទេសចរណ៍តាំងបំពង់» ដើម្បីផ្តិតយករូបភាព និងវីដេអូស្ដីពីសក្ដានុពលទេសចរណ៍នៅសហគមន៍ដ៏ទាក់ទាញនេះ។
បេសកកម្មនេះមានរយៈពេលប្រាំមួយថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដោយ៖
* ថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារបានទៅទស្សនកិច្ចនៅតំបន់ភ្នំខ្នងក្រពើ ផ្ទះស៉ីអាយ និងទឹកធ្លាក់អូរខ្មែរក្រហម ឬទឹកធ្លាក់អូរឆាំឆា។ នៅទីនោះ ក្រុមការងារយើងបានស្នាក់នៅផ្ទះស៉ីអាយ និងបានឡើងទៅដល់កំពូលភ្នំខ្នងក្រពើ ដែលមានផែនសិលាបែកក្រឡារៀងគ្នាស្រដៀងនឹងខ្នងក្រពើ។ ក្រៅពីនេះ ក្រុមការងារយើងបានប្រទះឃើញផ្កាដ៏កម្របំផុតមួយប្រភេទ នោះគឺ «ផ្កាបំពង់ក្រឡោម» ព្រមទាំងផ្កាចាហួយ និងបុប្ផាផ្កាព្រៃមួយចំនួនទៀត សាយភាយពិដោរគន្ធាក្រអូបពេញព្រឹក្សា។ ទេសភាពវាលស្មៅ វាលស្រល់នៅតាមជម្រាលភ្នំ អាកាសធាតុត្រជាក់ល្ហឹម ពិតជាបានផ្ដល់នូវភាពទាក់ទាញនៅតំបន់ភ្នំខ្នងក្រពើគួរជាទីមនោរម្យ។
មគ្គុទ្ទេសក៍សហគមន៍អេកូទេសចរណ៍តាំងបំពង់បានដំណាលឲ្យដឹងថា កាលពីព្រេងនាយ ធ្លាប់មានក្រពើមួយក្បាលអស់បុណ្យជួបភ័យដល់ក្ដីមរណា ក៏បានអណ្ដែតទៅគឿងជាប់លើខ្នងភ្នំនេះ ខណៈដែលកាលណោះទឹកសមុទ្រនៅមានកម្រិតនីវ៉ូខ្ពស់នៅឡើយ។ ចំណេរកាលកន្លងផុតទៅ សាកសពក្រពើនោះក៏ប្រែទៅជាថ្មសិលាមានសណ្ឋានប្រហែលនឹងខ្នងក្រពើ ទើបក្រោយមកទីនោះក៏ជាប់ឈ្មោះថា «ខ្នងក្រពើ» រហូតដល់ពេលបច្ចុប្បន្ន។
* ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារបានស្នាក់នៅផ្ទះស៉ីអាយដដែល ប៉ុន្តែបានប្ដូរគោលដៅទស្សនកិច្ចទៅកាន់តំបន់ភ្នំខ្នងវិហារវិញ ដែលជាគោលដៅទេសចរណ៍ដាច់ដោយឡែកពីតំបន់ភ្នំខ្នងក្រពើ ទោះបីនៅជិតតំបន់ភ្នំក្រពើ និងផ្ទះស៉ីអាយក៏ដោយ។
នៅទីនោះសម្បូរទៅដល់ភ្នំតូចធំខ្ពស់ទាបដែលមានផែនថ្មសិលាធំៗដុះចំពីលើកំពូលភ្នំមួយចំនួន មានសណ្ឋានប្រៀបដូចជាខឿន ឬគ្រឹះព្រះវិហារ ឬប្រាសាទយ៉ាងដូច្នេះដែរ ប៉ុន្តែផែនថ្មទាំងនោះគឺដុះតាមបែបធម្មជាតិនោះទេ។ នៅតំបន់ខ្នងភ្នំវិហារនេះដែរ មានការយល់ច្រឡំអំពីការកំណត់ទីតាំងខុសៗគ្នា ដោយប្រជាពលរដ្ឋប្រចាំតំបន់ធ្លាប់បានកំណត់ទីតាំងមួយ (ទីតាំងចាស់) ថាជាភ្នំខ្នងវិហារ ដែលមានផែនសិលាដូចគ្រឹះវិហារ មានវាលស្មៅ វាលស្រល់ និងទេសភាពព្រឹក្សាលតាវល្លិ ហើយស្ថិតនៅចំណុចក្បែរផ្លូវធ្វើដំណើរទៅភ្នំខ្នងផ្សារ ឆ្ងាយពីទឹកធ្លាក់អូរខ្មែរក្រហម។ ចំណែកទីតាំងភ្នំមួយទៀត (ទីតាំងថ្មី) ត្រូវបានរកឃើញតាមក្រោយដោយក្រុមអ្នកថតរូបមួយក្រុម។ ដោយសារទីនោះមានផែនសិលាសណ្ឋានដូចគ្រឹះវិហារដែរនោះ ពួកគេក៏កំណត់ឈ្មោះថាជាភ្នំខ្នងវិហារដែរ។ ទីតាំងភ្នំខ្នងវិហារដែលរកឃើញថ្មីនេះ គឺនៅជិតទឹកធ្លាក់អូរខ្មែរក្រហម ហើយថែមទាំងមានទឹកឆាយនៅក្បែរមួយកន្លែងទៀតផងដែរ។ តែទោះជាយ៉ាងណា ទីតាំងសំខាន់ៗទាំងពីរនេះត្រូវបានចាត់ទុកថានៅក្នុងតំបន់ខ្នងវិហារទាំងមូល។
* ថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារបានធ្វើដំណើរចេញពីផ្ទះស៉ីអាយ នៃតំបន់ភ្នំខ្នងក្រពើ បន្តឆ្ពោះទៅតំបន់ភ្នំខ្នងផ្សារ ដែលត្រូវចំណាយពេលធ្វើដំណើរប្រមាណ ៥ ម៉ោង ទើបបានទៅដល់ជើងភ្នំខ្នងសំពៅ ដែលជាភ្នំដ៏សំខាន់មួយនៅក្នុងតំបន់ភ្នំខ្នងផ្សារ។ ភ្នំខ្នងផ្សារមានរយៈកម្ពស់ប្រមាណ ១,១៥០ ម៉ែត្រពីកម្រិតនីវ៉ូទឹកសមុទ្រ។
នៅតំបន់ភ្នំខ្នងផ្សារនេះទៀតសោត គឺមានកន្លែងទេសចរណ៍យ៉ាងច្រើនសម្បូរបែប ក្នុងនោះមានដូចជាភ្នំខ្នងផ្សារ ភ្នំខ្នងសំពៅ ភ្នំខ្នងស្រូវ ទឹកអូរដែលអាចមុជលេងកម្សាន្តបាន លានព្រះអង្គ វាលស្មៅពណ៌បៃតងស្រស់ខ្ចី ជំរំដើមស្រល់ ដែលសុទ្ធតែអាចគយគន់ទេសភាពធម្មជាតិគួរជាទីរមណីយ។ នៅលើកំពូលភ្នំខ្នងផ្សារ ភ្ញៀវទេសចរអាចមើលទៅដល់តំបន់ស្ទឹងអារ៉ែងនៃខេត្តកោះកុងបានផងដែរ។
ប្រវត្តិតំបន់៖ អ្នកស្រុកបាននិយាយថា កាលពីដើមឡើយ នៅប្រទេសកម្ពុជាយើង ភាគច្រើនពោរពេញទៅដោយទឹកសមុទ្រ ហើយនៅកំពូលភ្នំខ្នងផ្សារនេះ គឺជាទីផ្សារធ្វើជំនួញជួញដូររវាងប្រជាជនម្ចាស់ស្រុក និងពាណិជ្ជករមកពីនាយសមុទ្រ ទើបក្រោយមកភ្នំនេះជាប់ឈ្មោះថា «ភ្នំខ្នងផ្សារ» រហូតដល់ពេលបច្ចុប្បន្ន។ ចំណេរកាលក្រោយមក ទឹកសមុទ្រក៏ដល់នូវកាលវេលាស្រកចុះបន្តិចម្ដងៗទៅវិញ ពេលនោះមានសំពៅរបស់ឈ្មួញអ្នកទិញស្រូវមួយ មានការយឺតយ៉ាវចាកចេញពីខ្នងផ្សារមកទាន់ ក៏កឿងសំពៅជាប់នឹងដី បណ្ដាលឱ្យក្រឡាប់ ហើយកំពប់ស្រូវចេញពីសំពៅអស់ទៅ ទើបគេហៅទីនោះថា «ភ្នំខ្នងសំពៅ» និង «ភ្នំខ្នងស្រូវ»។
ជាការពិតណាស់ រយៈពេលប្រាំមួយថ្ងៃនេះ ក្រុមការងាទទួលបាននូវបទពិសោធន៍យ៉ាងច្រើននៃដំណើរទេសចរណ៍បែបផ្សងព្រេងនេះ និងបានជួបជាមួយភ្ញៀវទេសចរបុរសនារីជាច្រើននាក់ ដែលពួកគេបានពុះពារធ្វើដំណើរឡើងទៅកាន់ទីនោះយ៉ាងអង់អាចស្វាហាប់។
សូមជម្រាបថា សហគមន៍អេកូទេសចរណ៍តាំងបំពង់ មានទីតាំងស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប៉ុន្តែសក្ដានុពលទេសចរណ៍របស់សហគមន៍នេះ គឺលាតសន្ធឹងទៅដល់តំបន់ឧទ្យានជាតិក្រវាញកណ្ដាល ដែលគ្របដណ្ដប់លើខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់៕