លោកជំទាវរដ្ឋលេខាធិការ ហ៊ុន ដានី៖ «ស្ត្រីមានតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍសហគមន៍ទេសចរណ៍»
(ព្រៃវែង)៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការតំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកវគ្គបណ្តុះបណ្តាលស្តីពី «ស្ត្រីសហគមន៍ និងទេសចរណ៍» ដែលបានធ្វើឡើងនៅសហគមន៍អភិរក្សសត្វស្លាបទួលព័ន្ធតាឡី តំបន់បឹងស្នេហ៍ ខេត្តព្រៃវែង។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងរំលេចឱ្យឃើញពីតួនាទីរបស់ស្ត្រីសហគមន៍ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព ជាមួយនឹងការផ្សព្វផ្សាយស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍ ក្នុងការការពារនិងបង្ការការចម្លងនៃជំងឺកូវីដ-១៩។
ថ្លែងក្នុងពិធីនេះ លោកជំទាវ ហ៊ុន ដានី បានលើកឡើងថា៖ ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ ការពង្រឹងសហគមន៍ទេសចរណ៍ បានក្លាយជាទិសដៅរួមមួយរបស់សហគមន៍អាស៊ាន ដែលបានដាក់ចេញកាលពីពេលថ្មីៗនេះបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសគឺជំរុញឱ្យភ្ញៀវទេសចរបានទៅទស្សនាដល់សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ ក៏ដូចជាតំបន់ទេសចរណ៍ជនបទឱ្យបានកាន់តែខ្លាំងក្លាជាងមុន។
លោកជំទាវ បានបន្ថែមទៀតថា ដំណើរការអភិវឌ្ឍទេសចរណ៍សហគមន៍ បាននិងកំពុងក្លាយជាយន្តការដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល ក្នុងនោះស្រ្តីក៏បានរួមចំណែកមួយភាគធំក្នុងការផ្តល់សេវានានាក្នុងសហគន៍ប្រកបដោយគុណភាព សម្រាប់ទ្រទ្រង់វិស័យទេសចរណ៍។
ជាមួុយគ្នានេះ ក្រសួងតែងតែជំរុញលើកទឹកចិត្ត និងតម្រង់ទិសស្ត្រីសហគមន៍ឱ្យប្រតិបត្តិសកម្មភាពទេសចរណ៍ បដិសណ្ឋារកិច្ច និងថែរក្សាធនធានធម្មជាតិ ប្រពៃណី ជីវភាពសហគមន៍ដែលមាន ប្រែក្លាយជាការទាក់ទាញទេសចរឱ្យមកកម្សាន្តដើម្បីអាចរកចំណូលបន្ថែមពីសេវាកម្មនេះ។
លោកជំទាវ ក៏បានសំណូមពរផងដែរដល់ប្រជាសហគមន៍ត្រូវតែអនុវត្តឱ្យបានមុឺងម៉ាត់នូវវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីផ្តល់នូវភាពកក់ក្តៅដល់ភ្ញៀវ។ ការជម្នះព្រមគ្នាប្រកបដោយឆន្ទ:ប្រឆាំងនឹងជំងឺកូវីដ-១៩នេះ នឹងនាំឱ្យយើងសុខសាន្ត។
សូមបញ្ជាក់ថា សហគមន៍អភិរក្សសត្វស្លាបទួលព័ន្ធតាឡី តំបន់បឹងស្នេហ៍ មានទីតាំងស្ថិតនៅភូមិទ័ពស្តេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រពីទីរួមខេត្ត ។ សហគមន៍នេះមានប្រជាពលរដ្ឋរស់នៅចំនួន ២៣៦គ្រួសារ ក្នុងនោះមានស្រ្តីចំនួន៥៥៧នាក់ផងដែរ។ បច្ចុប្បន្ន សហគមន៍នេះបាននិងកំពុងអភិវឌ្ឍបណ្តើរៗពីសហគមន៍អភិរក្សសត្វស្លាប ទៅជាសហគមន៍អេកូទេសចរណ៍៕