ក្រសួងទេសចរណ៍ ផ្សព្វផ្សាយការអនុវត្តគោលនយោបាយ «លើកកម្ពស់សមភាពយេនឌ័រ» ក្នុងវិស័យរបស់ខ្លួន

(ខេត្តកំពង់ធំ)៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការអនុវត្តគោលនយោបាយ «លើកកម្ពស់សមភាពយេនឌ័រ» របស់ក្រសួងទេសចរណ៍។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារក្លរៀ ក្រុងស្ទឹងសែន ដោយមានការចូលរួមពីលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងប្រតិបត្តិករ សេវាករទេសចរណ៍ក្នុងខេត្តកំពង់ធំជាច្រើនរូប។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា ដើម្បីចូលរួមអនុវត្តគោលនយោបាយ “សមភាពយេនឌ័រ” ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្ត្របញ្ជ្រាប និងលើកកម្ពស់យេនឌ័រក្នុងវិស័យរបស់ខ្លួនស្របតាមយន្តការជាតិ ដើម្បីជំរុញការលើកកម្ពស់សិទ្ធិ តួនាទី និងបង្កើនភាពអង់អាចដល់ស្ត្រីដែលជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួង និងស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍។
លោកជំទាវរដ្ឋលេខាធិការ បានលើកបង្ហាញថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ បានចែងអំពីប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏ដូចជាមានសិទ្ធិជ្រើសរើសមុខរបរសមស្រប ទទួលប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នា និងលុបបំបាត់រាល់ទម្រង់នៃការរើសអើងគ្រប់ប្រភេទលើស្ត្រី ។ ទន្ទឹមនេះយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ នៅតែបន្តប្តេជ្ញាក្នុងការលើកស្ទួយស្ថានភាពស្ត្រី ដែលជាឆ្អឹងខ្នងនៃសង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ។ ដោយឡែកគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ក្នុងគោលដៅទី៣ គឺជាក្របខណ្ឌជាក់លាក់ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ជាពិសេសលើការអប់រំ ការអភិវឌ្ឍសេដ្ឋកិច្ច សេវាសាធារណៈ និងការទប់ស្កាត់អំពើហិង្សាលើស្ត្រី។
លោកកជំទាវរដ្ឋលេខាធិការ ក៏បានគូសរំលេចផងដែរថា បើទោះបីស្ថិតក្នុងបរិការណ៍កូវីដ-១៩ ក៏ក្រសួងទេសចរណ៍ នៅតែបន្តខិតខំតាមគ្រប់រូបភាព ដើម្បីជួយបង្កើនភាពអង់អាចដល់ស្ត្រីតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ទាំងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ សំដៅជួយស្ត្រីឱ្យមានទាំងជំនាញទន់ និងជំនាញរឹងស្របទៅតាមទីផ្សារការងារ និងក្លាយទៅជាអ្នកដឹកនាំនៅក្នុងអាជីវកម្ម សេវាកម្ម ព្រមទាំងត្រៀមខ្លួនសម្រាប់ការបើកឡើងវិញនៃវិស័យទេសចរណ៍។
ក្រៅពីនេះ ក្រសួងទេសចរណ៍ដែលមានមន្ទីរទេសចរណ៍ខេត្តកំពង់ធំជាសេនាធិការ ក៏បានសហការជាមួយគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីរបស់ក្រសួងកិច្ចការនារី (PGM-WEE) តែងបានរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលដល់ស្ត្រីសហគមន៍ជាប់ជាប្រចាំ ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងការបង្កើនភាពអង់អាចដល់ស្រ្តីជាលក្ខណៈបុគ្គល និងលក្ខណៈជាក្រុមផងដែរ។
ក្នុងន័យនេះ គោលនយោបាយ និងកម្មវិធីនានារបស់ក្រសួងនៅតែបន្តជំរុញនិងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ និងមើលឃើញពីសក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យមួយនេះចំពោះសេដ្ឋកិច្ចជាតិ។ ក្រសួងបានយកឱកាសនៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និងជំរុញបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីបំផុសចលនាទេសចរណ៍ក្នុងស្រុក និងត្រៀមទទួលទេសចរអន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួចហើយ សំដៅធ្វើយ៉ាងណាឱ្យស្ត្រីទទួលបាននូវឱកាសការងារបន្ថែមទៀតពីវិស័យមួយនេះ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.