ឯកឧត្ដមរដ្ឋមន្រ្តីទេសចរណ៍ ណែនាំមន្ទីរជំនាញ និងផ្នែកពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់បន្តជម្រុញទេសចរណ៍ផ្ទៃក្នុង ឲ្យបានកាន់តែខ្លាំងថែមទៀត
(សៀមរាប)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិ ជំងឺកូវីដ-១៩ បានណែនាំដល់មន្ទីរជំនាញ និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តបន្តជម្រុញទេសចរណ៍ផ្ទៃក្នុង ឲ្យបានកាន់តែខ្លាំងថែមទៀត។
ឯកឧត្ដមរដ្ឋមន្រ្តី បានណែនាំដូចនេះនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា» នៅសណ្ឋាគារ សុខា ខេត្តសៀមរាប។
ឯកឧត្ដមរដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ទៀតថា នាឱកាសឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក រហូតដល់ចុងសប្តាហ៍នេះ នឹងមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងជាច្រើនធ្វើដំណើរកម្សាន្ត នៅគោលដៅទេសចរណ៍នានាទូទាំងប្រទេស ដែលបានបើកដំណើរការតាមគន្លងប្រក្រតីភាពថ្មី ដែលបង្កើតបានជាឱកាសសម្រាប់ទ្រទ្រង់ដល់ការងើបឡើងវិញ ពេលលេញនៃវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ចផ្សេងៗ។
ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានណែនាំឲ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងមូលដ្ឋានអាជីវកម្ម មន្ទីរទេសចរណ៍ និងភ្ញៀវទេសចរត្រូវខិតខំចូលរួមអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» វិធានសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍និងនីតិប្រតិស្តង់ដារអប្បបរមា (SOP) របស់ក្រសួងទេសចរណ៍ វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានហ្មត់ចត់។
ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្រ្តី ថោង ខុន ក៏បានជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍នានា រៀបចំការហោះហើរក្នុងស្រុកឡើងវិញតភ្ជាប់គោលដៅសំខាន់ៗភ្នំពេញ សៀមរាប ព្រះសីហនុ ទៅតារាសាគរ ដើម្បីជាការគាំទ្រទៅដល់ការទទួលទេសចរណ៍វ៉ាក់សាំង និងអាចទៅអនាគតភ្ជាប់ទៅមណ្ឌលគីរីនាទិសឦសាន្ត និងបាត់ដំបង នាទិសពាយ័ព្យផងដែរ៕