រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន៖ ATF បង្ហាញថាអាស៊ានពិតជាត្រូវការគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន និងការផ្សារភ្ជាប់គ្នា
(ព្រះសីហនុ)៖ ក្រោមការវាយតម្លៃរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានបង្ហាញថា តាមរយៈវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះ ប្រទេសសមាជិកអាស៊ាន អាស៊ានបូកបី អាស៊ាន-ឥណ្ឌា អាស៊ាន-រុស្ស៉ី និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ពិតជាត្រូវការគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើន និងការផ្សារភ្ជាប់គ្នា។
ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានលើកឡើងក្នុងឱកាសបិទបញ្ចប់វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នារាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី នីវ៉ាយ៉ាន ហ្គីរី អាត់នីយ៉ានី (Ni Wayan Giri Adnyani) លេខាធិការអចិន្ត្រៃយ៍ តំណាងលោក សាន់ឌីយ៉ាហ្កា សាឡាហ៊ូដឌីន អ៊ុនណូ (SANDIAGA Salahuddin Uno) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
នាឱកាសថ្លែងសុន្ទរកថាបិទ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើថា «ព្រឹត្តិការណ៍ ATF 2022 នេះ ពិតជាបង្ហាញថា យើងត្រូវការគ្នាទៅវិញទៅមកកម្រិតណា ដើម្បីការរីកចម្រើន និងការផ្សារភ្ជាប់គ្នា»។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ព្រឹត្តិការណ៍ ATF 2022 បាននាំមកនូវលទ្ធផល និងសមិទ្ធផលដ៏អស្ចារ្យ។ ជាក់ស្តែង ប្រទេសសមាជិកអាស៊ានបានឯកភាពលើការប្រកាសបើកដំណើរការទេសចរណ៍អាស៊ានឡើងវិញជាជំហានៗ។ វាជាសារប្រកបដោយក្តីសង្ឃឹមដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់។ ការប្រកាសនេះនឹងជំរុញការជឿជាក់និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ។
ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍កម្ពុជារូបនេះបានបញ្ជាក់ថា ភាពជោគជ័យនៃព្រឹត្តិការណ៍ ATF 2022 នឹងមិនអាចទៅរួចនោះទេ ប្រសិនបើមិនមានការគាំទ្រយ៉ាងខ្លាំងពីប្រទេសសមាជិកទាំងអស់ តំណាងការទូតរបស់ប្រទេសសមាជិក និងប្រទេសជាដៃគូ ដៃគូអាស៊ាន អ្នកទិញ អ្នកលក់ អ្នកសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវក្នុងព្រឹត្តិការណ៍នេះ ហើយបានផ្តល់ឱ្យអាស៊ាន និងភាគីពាក់ព័ន្ធនូវការសម្របសម្រួលទាំងអស់ ដើម្បីឱ្យការចូលរួមប្រកបដោយប្រសិទ្ធភាព។
គួរជម្រាបថា បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថា ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានប្រគល់ស្លាកបន្តវេនទៅឱ្យប្រទេសឥណ្ឌូណេស៊ី ក្នុងនាមម្ចាស់ផ្ទះបន្ទាប់រៀបចំវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២៣។
វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ» ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ ប្រទេសសមាជិកអាស៊ានបានឯកភាពលើការប្រកាសបើកដំណើរការទេសចរណ៍អាស៊ានឡើងវិញជាជំហានៗ ខណៈកម្ពុជាបានប្រកាសបើកប្រទេសទាំងស្រុង និងខិតខំផ្សព្វផ្សាយប្រទេសរបស់ខ្លួនជាគោលដៅទេសចរណ៍សុវត្ថិភាពទូទាំងប្រទេស៕