វេទិកាជាតិអេកូទេសចរណ៍លើកទី២ នឹងនាំសិក្ខាកាមជិត៣០០នាក់ទៅទស្សនកិច្ចសហគមន៍ល្បីៗចំនួន ៦ នៅខេត្តសៀមរាប

(សៀមរាប)៖ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) ដែលជាអ្នករៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២១ នឹងដឹកនាំសិក្ខាកាមដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រតិបត្តិករទេសចរណ៍ ប្រជាសហគមន៍ និងភាគីពាក់ព័ន្ធសរុបជិត ៣០០ នាក់ ទៅទស្សនកិច្ចនៅតាមសហគមន៍ល្បីៗចំនួន ៦ នៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែមករាស្អែកនេះ។
វេទិកាជាតិអេកូទេសចរណ៍លើកទី២ ត្រូវបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ ក.គ.អ.អ. ក្នុងនាមតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ក្នុងថ្ងៃដំបូងនៃវេទិកាជាតិអេកូទេសចរណ៍លើកទី២នេះ ក្រុមការងាររៀបចំបានសម្របសម្រួលឱ្យមានបទបង្ហាញសំខាន់ៗមួយចំនួន ដោយមានការចូលរួមពីវាគ្មិនជាច្រើននាក់ មកពីតំណាងក្រសួងទេសចរណ៍ តំណាងក្រសួងបរិស្ថាន តំណាងក្រសួងកសិកម្ម តំណាងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងប្រៃសណីយ៍ តំណាងអគ្គិសនីកម្ពុជា (EDC) ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) តំណាងអង្គការយូណេស្កូ (UNESCO) នាយកគម្រោងព្រៃឡង់បៃតង តំណាងអង្គការម្លប់បៃតង តំណាងក្រុមហ៊ុន Hanuman Group តំណាងធនាគារពិភពលោក (World Bank) នាយកធនាគារអភិវឌ្ឍន៍អាស៉ី (ADB) តំណាងទីភ្នាក់ងារ USAID តំណាងអង្គការ WWF ប្រចាំកម្ពុជា តំណាងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) ប្រធានអង្គការសត្វព្រៃ និងរុក្ខជាតិជាដើម។
ក្រៅពីនេះ ក៏មានការតាំងបង្ហាញនូវផលិតផលសិប្បកម្មតម្បាញ សិប្បកម្មក្អមឆ្នាំង និងកុលភាជន៍ សិប្បកម្មកន្ត្រក សិប្បកម្មចម្លាក់ បន្លែ ផ្លែឈើ ផ្ការុក្ខជាតិ ទឹកឃ្មុំធម្មជាតិ ឱសថបុរាណ គ្រឿងផ្សំក្នុងម្ហូបអាហារ ប្រេងខ្យល់ និងប្រេងកូឡា ស្រាដែលផលិតចេញពីផ្លែឈើក្នុងសហគមន៍ និងផលិតផលជាច្រើនទៀត។ ក៏មានដែរនូវផ្ទាំងបដា ខិត្តប័ណ្ណ សៀវភៅ រូបភាព និងវីដេអូ ដែលណែនាំបង្ហាញពីតំបន់ទេសចរណ៍ និងផលិតផលទេសចរណ៍នៅក្នុងសហគមន៍ជាដើម។
ឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា សហគមន៍ដែលក្រុមការងារត្រៀមនាំសិក្ខាកាមទៅទស្សនកិច្ចទាំង ៦ នោះ រួមមាន៖
* សហគមន៍បាគងភូមិខ្ញុំ ស្ថិតក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង។
* សហគមន៍ភ្នំគូលែន ស្ថិតក្នុងភូមិគូលែន ឃុំខ្នងភ្នំ ស្រុកស្វាយលើ។
* សហគមន៍វប្បធម៌ធម្មជាតិទឹកជប់ខ្នារពោធិ៍ ស្ថិតក្នុងភូមិជប់ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម។
* សហគមន៍បឹងឈូកបន្ទាយស្រី ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី។
* សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតក្នុងភូមិគោកក្ដុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។
* សហគមន៍ភូមិដ្ឋានធម្មជាតិរុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី។
ឯកឧត្តម ជុក ជំនោរ បានឱ្យដឹងថា គោលបំណងនៃការរៀបចំដំណើរទស្សនកិច្ចទៅកាន់សហគមន៍ទាំងនេះ គឺដើម្បឆ្លុះបញ្ចាំងអំពីអ្វីដែលបានពិភាក្សាគ្នានៅក្នុងវេទិកានាថ្ងៃទីមួយ ខណៈថ្ងៃទីមួយនេះមានការចែករំលែកនូវបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងសហគមន៍ ក៏ដូចជាបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងសហគមន៍នីមួយៗ។ ម្យ៉ាងទៀត ក្នុងដំណើរទស្សនកិច្ចនេះក៏ដើម្បីដឹងថាការគ្រប់គ្រងរបស់សហគមន៍ទាំង ៦ នោះមានលក្ខណៈពិសេស និងសក្ដានុពលខុសប្លែកគ្នាអ្វីខ្លះ។
ឯកឧត្តមបានបន្ថែមទៀតថា បន្ទាប់ពីទទួលបាននូវព័ត៌មាន ឬរកឃើញនូវបញ្ហាណាមួយ នៅពេលត្រលប់មកវិញ គេនឹងយកបញ្ហាទាំងនោះលើកឡើងដោយផ្ទាល់នៅក្នុងពិធីបិទវេទិកាជាតិអេកូទេសចរណ៍លើកទី២ ហើយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំកិច្ចពិភាក្សាក្នុងពេលបិទវេទិកានេះ ព្រមទាំងមានការដោះស្រាយភ្លាមៗ ប៉ុន្តែប្រសិនបើមានបញ្ហាណាដែលមិនអាចដោះស្រាយភ្លាមៗបានទេ ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងពិគ្រោះគ្នាដោះស្រាយនៅពេលក្រោយបន្តទៀត៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.