រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងប្រតិភូអន្តរជាតិរួមគ្នាដាំដើមឈើនៅវាលថ្មដុំ ដើម្បីអបអរសាទរវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២

(ព្រះសីហនុ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងតំណាងរដ្ឋមន្រ្តីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានមួយចំនួន ព្រមទាំងប្រតិភូជាតិ-អន្តរជាតិ ដែលអញ្ជើញចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATA 2022) បានចូលរួមក្នុងពិធីដាំដើមឈើដើម្បីអបអរសាទរវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២។
ពិធីដាំដើមឈើនេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅវាលថ្មដុំ ក្បែរដើមឈើចាំស្នេហ៍ ខេត្តព្រះសីហនុ ក្នុងនោះក៏មានការចូលរួមពីឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ តំណាងរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូត តំណាងអង្គទូត តំណាងសមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វីក (PATA) អង្គការទេសចរណ៍ពិភពលោក (UNWTO) និងអគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ដែលបានចូលរួមក្នុងវេទិការទេសចរណ៍អាស៊ានលើទី៤០ ឆ្នាំ២០២២។
ឯកឧត្ដម គួច ចំរើន បានលើកឡើងថា ចាប់តាំងពីកម្ពុជា បានប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ គឺជាព្រឹត្តិការណ៍អន្តរជាតិដំបូងបង្អស់ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងរៀបចំកិច្ចប្រជុំដោយផ្ទាល់នៅខេត្តព្រះសីហនុ។ វេទិកាដ៏ឱឡារឹកនាពេលនេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កម្ពុជាកំពុងទទួលបាននូវអត្ថប្រយោជន៍ដ៏ធំធេងពីសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងការគ្រប់គ្រងបាននូវស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងបង្កើនភាពសាំក្នុងសហគមន៍ ហើយដែលប្រជាពលរដ្ឋម្នាក់ៗបានចាក់វ៉ាក់សាំងយ៉ាងតិច២លើក និងកំពុងដំណើរការចាក់ដូសទី៣ ឬដូសជំរុញផងដែរ។
បន្ថែមពីលើនេះ ការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នាពេលនេះគឺជាសញ្ញាដ៏រឹងមាំមួយដែលសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបោះជំហានឆ្ពោះទៅរករបៀបវារៈជាអាទិភាពនៃយន្តការពហុភាគីនិយមក្នុងការផ្លាស់ប្ដូរគំនិតយោបល់ ព័ត៌មានល្អៗ ដើម្បីជំរុញនិងអភិវឌ្ឍសម្បទាទេសចរណ៍ និងការផ្លាស់ប្ដូរភ្ញៀវទេសចរអាស៊ានប្រកបដោយគុណភាព និងសុវត្ថិភាពនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ជាសកលនេះ។
ឯកឧត្ដម គួច ចំរើន បានបន្តថា ខេត្តព្រះសីហនុ ជាតំបន់ប៉ូលអភិវឌ្ឍសេដ្ឋកិច្ចជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ក្នុងផែនការរៀបចំដែនដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨ គឺរៀបចំនិងអភិវឌ្ឍ «ក្រុងព្រះសីហនុជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន» តាមរយៈការអភិវឌ្ឍទីក្រុងទំនើបបៃតងប្រកបដោយភាពច្នៃប្រឌិត រស់រវើក និងបរិស្ថានរស់នៅល្អប្រសើរ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ និងកោះដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅ លម្ហែកាយ និងការកម្សាន្ត មជ្ឈមណ្ឌលគាំទ្រឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ច្រកចេញចូលអន្តរជាតិ និងភស្តុភាកម្មជាតិ ដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក ជាទីក្រុងគំរូក្នុងការគ្រប់គ្រង និងអភិបាលកិច្ចល្អ។
ឯកឧត្ដមបានបន្តទៀតថា ក្រោមកិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលដោយលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ខេត្តព្រះសីហនុ និងខេត្តតំបន់ឆ្នេរបីផ្សេងទៀតរបស់កម្ពុជា ត្រូវបានជាប់ជាសមាជិកក្លឹបឆ្នេរសមុទ្រដ៏ស្អាតបំផុតលើសកលលោក និងត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» ដោយមានកោះតូច-ធំចំនួន៣២ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ជាពិសេសក្រុងព្រះសីហនុ និងតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះ គ្របដណ្តប់ដោយថ្មប៉ប្រះទឹក ផ្កាថ្ម ស្មៅសមុទ្រ និងព្រៃកោងកាង ដែលជាគោលដៅទេសចរណ៍ចម្បងបំផុតនៅក្នុងខេត្ត។
សូមជម្រាបថា ការដាំដើមឈើជានិមិត្តរូបនាពេលនេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុបានជ្រើសរើសយកដើមស្ញាវ ជាប្រភេទដើមឈើម្យ៉ាងដុះលូតលាស់នៅតំបន់អាស៊ីអាគ្នេយ៍ អូស្រ្តាលីខាងជើង និងតាមបណ្តាកោះនានាក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ដើមស្ញាវនេះមានកំពស់ចន្លោះពី ៦ ទៅ ៣៥ម៉ែត្រ និងខ្ពស់បំផុត៦០ម៉ែត្រ ហើយលូតលាស់ប្រមាណ ២ម៉ែត្រក្នុង១ឆ្នាំ។ ដើមស្ញាវនេះ ជួយរក្សាស្ថិរភាព និងគុណភាពដីខ្សាច់ មានការលូតលាស់ល្អ និងមានភាពធន់ខ្ពស់ ទោះបីមានកម្រិតជាតិអំបិលខ្ពស់ ជារបាំងខ្យល់ព្យុះ ទប់ ទល់ការហូរច្រោះខ្សាច់នៅតាមឆ្នេរ កាត់បន្ថយសំនឹកដីខ្សាច់ ពីកម្លាំងខ្យល់ ទឹកហូរ ឬរលកសមុទ្រ ធន់នឹងកម្លាំងខ្យល់បក់ និងជួយរក្សាតុល្យភាពអាសូតក្នុងបរិយាកាស។
ការជ្រើសរើស ដើមស្ញាវ ដាំជានិមិត្តរូបក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ គឺបង្ហាញពីភាពធន់ ភាពរឹងមាំ និងភាពស្រស់ស្រាយរីករាយអបអរសាទរ នៃការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.