រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំនិងពិនិត្យទីតាំងជាក់ស្តែងសម្រាប់ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២

(ព្រះសីហនុ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារដែលនៅសេសសល់ និងពិនិត្យទីតាំងជាក់ស្តែងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ ដើម្បីត្រៀមលក្ខណៈសម្រាប់ទទូលប្រតិភូអន្តរជាតិ ថ្នាក់រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់។
កិច្ចប្រជុំនិងពិនិត្យទីតាំងជាក់ស្តែងសម្រាប់ការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះ ធ្វើឡើងនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការនៃក្រសួងទេសចរណ៍ កម្លាំងសមត្ថកិច្ច និងក្រុមការងារជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ។
គួរជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អង្គប្រជុំបានបញ្ជាក់ថា ការងារត្រៀមរៀបចំ ATF 2022 នេះសម្រេចបានប្រមាណ៩០%ហើយ ដោយការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍ (ស្តង់) កម្មវិធីបើក កម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ ត្រូវបានកំណត់ និងរៀបចំឡើងជាបណ្តើរៗស្របតាមវិធានសុវត្ថិភាព។ លើសពីនេះទៀត រហូតមកដល់ពេលនេះមានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍ឣាស៊ានទាំងអស់ និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១១៤រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers)សរុបចំនួន១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន១០៧ក្រុមហ៊ុន មកពី៣៥ប្រទេស ក្នុងនោះឣ្នកទិញអន្តរជាតិ (International Buyers) ចំនួន១០០ក្រុមហ៊ុន និងក្នុងស្រុក (Local Buyers) ចំនួន៧ក្រុមហ៊ុន។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ដោយមានការគាំទ្រយ៉ាងមុតមាំពីប្រទេសសមាជិកអាស៊ានទាំងអស់ អាស៊ានបូក និងផ្នែកឯកជន ដែលទទួលបានការចុះឈ្មោះ និងការបញ្ជាក់ពីការចូលរួមលើសពីការរំពឹងទុកក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដែលបន្តមាននៅឡើយ ឯកឧត្តម ថោង ខុន បានណែនាំ និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធនៃខេត្តព្រះសីហនុ ដើម្បីធានាឲ្យបាននូវការរៀបចំកិច្ចប្រជុំ និងសកម្មភាពនានានៃព្រឹត្តការណ៍អន្តរជាតិនេះប្រកបដោយសុវត្ថិភាពស្របតាមនីតិវិធីស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល និងនីតិវិធីស្តង់ដាតាមគោលដៅទេសចរណ៍ (SOP) របស់រដ្ឋបាលខេត្តព្រះសីហនុ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ឣំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន (ASEANTA Meetings) និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ក៏នឹងមានកម្មវិធីដាំដើមឈើនៃការចងចាំការចូលចតនៃនាវាទេសចរណ៍ MS Westerdam កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន (ASEAN Ministers' Golf Tournament) និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ (Island Tour) ដែលជាការបោះជំហានដ៏ធំបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ។
ឯកឧត្តម គួច ចំរើន បានទទួលនូវអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី និងអង្គប្រជុំ នឹងបានចាត់ឱ្យអភិបាលរងខេត្ត លោក ម៉ាង ស៉ីណេត រៀបចំការងារការពារសុវត្ថិភាពសុខាភិបាលជូនគណៈប្រតិភូមកពីបណ្ដាប្រទេសសមាជិកអាស៊ានទាំងពេលមកដល់ និងពេលត្រលប់ទៅវិញ។
ឯកឧត្តមអភិបាលខេត្តក៏នឹងពិនិត្យលើការជំរុញការចាក់វ៉ាក់សាំងដូសទី៣ជូនក្រុមការងារ បុគ្គលិកដែលចូលរួមរៀបចំការងារក្នុងព្រឹត្តិការណ៍ ATF តាមបណ្ដាគោលដៅរៀបចំកម្មវិធី និងនៅក្នុងសណ្ឋាគារឆ្នេរសុខាផងដែរ។
បន្ទាប់ពីកិច្ចប្រជុំត្រួតពិនិត្យការងារ អង្គប្រជុំទាំងមូលក៏បានត្រួតពិនិត្យនៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងបរិវេណសណ្ឋាគារសុខា។ នាពេលនោះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលបដិសណ្ឋារកិច្ចប្រតិភូទាំងអស់ និងបានណែនាំដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធរៀបចំកម្លាំងតាមគោលដៅ សំដៅធានាឲ្យបាននូវសុខសុវត្ថិភាពជូនប្រតិភូទាំងអស់។ លើសពីនេះ រដ្ឋបាលខេត្តព្រះសីហនុនឹងជួយគាំទ្រជ្រោមជ្រែងដល់ការរៀបចំព្រឹត្តិការណ៍នេះ ប្រកបដោយការទទួលខុសត្រូវ។
ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននឹងយកឱកាសនេះប្រកាសបើកទេសចរណ៍ក្នុងតំបន់របស់ខ្លួនឡើងវិញចេញពីប្រទេសកម្ពុជាតែម្ដង។
គួរបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នាខែមករា ឆ្នាំ២០២២ ខាងលើនេះ មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសចំនួន៩ កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ម៉ាឡេស៉ី ឥណ្ឌូណេស៉ី ព្រុយណេ និងហ្វីលីពីន ចំណែកប្រទេសវៀតណាម គឺចូលរួមដោយអនុរដ្ឋមន្ត្រីទេសចរណ៍ ក្នុងនាមតំណាងរដ្ឋមន្ត្រីទេសចរណ៍របស់ខ្លួន៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.