សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យពង្រឹងការត្រួតពិនិត្យការចេញ-ចូលក្នុងភូមិសាស្ដ្ររាជធានី-ខេត្ត និងត្រូវធ្វើតេស្ដរហ័សអ្នកដែលមកពីតំបន់ផ្ទុះជំងឺកូវីដ១៩
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យការចេញ-ចូល ក្នុងភូមិសាស្ដ្ររបស់ខ្លួន ពិសេសសម្រាប់អ្នកដំណើរដែលចេញមកពីតំបន់ ដែលមានការផ្ទុះឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩។
ក្នុងសេចក្ដីណែនាំលេខ០៣ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់អភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តការយកសំណាករបស់អ្នកដំណើរ ដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩ និងការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព។
បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យការពង្រឹងវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ដែលវិលត្រឡប់ទៅរស់នៅ ឬស្នាក់នៅរយៈពេលវែងនៅក្នុងភូមិសាស្រ្តដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ចំណុចទី៥ នៃសេចក្ដីណែនាំនេះបានបញ្ជាក់យ៉ាងដូច្នេះថា «គណៈអភិបាលរាជធានី ខេត្ត ត្រូវពង្រឹងការអនុវត្តតាមសេចក្តីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ជាពិសេស ការពង្រឹងការត្រួតពិនិត្យការចេញ-ចូលភូមិសាស្ត្រ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន សម្រាប់អ្នកដំណើរ ដែលចេញមកពីតំបន់ដែលមានការផ្ទុះឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ជាអាទិ៍ ការយកសំណាករបស់អ្នកដំណើរដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩, ការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព, ការពង្រឹងវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរដែលវិលត្រឡប់ ទៅរស់នៅ ឬស្នាក់នៅរយៈពេលវែង នៅក្នុងភូមិសាស្រ្តដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំអាជ្ញាធរមានសមត្ថកិច្ចដែលគ្រប់គ្រងការចេញ-ចូលតាមច្រកទ្វារព្រំដែន ទាំងព្រំដែនគោក ទាំងព្រំដែនទឹក និងច្រកទ្វារចេញ-ចូលតាមផ្លូវអាកាស និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីចាត់វិធានការម៉ឺងម៉ាត់ ក្នុងក្របខណ្ឌសមត្ថកិច្ចរៀងៗខ្លួន ជាពិសេស ការយកសំណាករបស់អ្នកដំណើរដើម្បីវិភាគរកមេរោគកូវីដ-១៩ និងការពង្រឹងវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូល ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការការនាំចូលពីក្រៅប្រទេសនូវមេរោគកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនប្រភេទថ្មី។
សម្ដេចតេជោ ហ៊ុន សេន បានសង្កត់ធ្ងន់បន្ថែមថា គណៈអភិបាលរាជធានី ខេត្ត ដែលពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីដាក់ចេញរួមគ្នា នូវវិធានការចាំបាច់នានា ដែលត្រូវអនុវត្តក្នុងភូមិសាស្រ្តរាជធានី ខេត្ត ដែលមានព្រំប្រទល់ជាប់គ្នា សំដៅគ្រប់គ្រងតំបន់ដែលមានការផ្ទុះឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ឬដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺនេះក្នុងភូមិសាស្ត្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន៕