សម្ដេចតេជោ ហ៊ុន សែន ប្រកាសអំពីគម្រោងចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យ អាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ
យោងតាមសារសំឡេងពិសេស ដែលសារព័ត៌មានកម្ពុជាថ្មី ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងមានការចាំបាច់ ដើម្បីចាក់ជូនកុមារ និងយុវវ័យអាយុ១២ ដល់អាយុ១៧ឆ្នាំបន្តទៀត បន្ទាប់ពីដំណើរការចាក់ វ៉ាក់សាំង សម្រាប់អ្នកដែលមានអាយុពី១៨ឆ្នាំឡើងទៅ ដែលមកដល់ពេលនេះ យើងចាក់បានប៉ុន្មានជា៥លាន ៤សែននាក់រួចស្រេចទៅហើយ»។
ដូច្នេះពិតប្រាកដណាស់ថា កម្ពុជាមានតម្រូវការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវ័យចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ ១៧ឆ្នាំ ដែលតាមពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានប្រមាណជាង១លាន ៩សែន នាក់ ដោយសម្ដេចតេជោបញ្ជាក់ថា គឺជុំវិញ២លាននាក់ ដែលត្រូវការវ៉ាក់សាំងចំនួន៤លានដូស ឬជាង ៤លានដូសបន្ថែមទៀត សម្រាប់ការចាក់ជូនចំពោះកុមារ និងយុវវ័យកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕