រដ្ឋមន្ត្រីទេសចរណ៍ និងវិស័យឯកជន បង្ហាញគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងទាក់ទាញ សម្រាប់ដំណើរកម្សាន្ត ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ
(ភ្នំពេញ)៖ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមិនទាន់មានជម្រើសក្នុងការទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវិស័យទេសចរណ៍ឯកជន បានបង្ហាញអំពីជម្រើសគោលដៅមួយចំនួន ខណៈមូលដ្ឋានគោលដៅទេសចរណ៍តាមខេត្តសំខាន់ៗ ក៏បានអះអាងពីការរៀបចំត្រៀមចាំទទួលភ្ញៀវទេសចរផងដែរ។
ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា យោងតាមអ្វីដែលក្រសួងទេសចរណ៍ បានសង្កេតឃើញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១មក គឺមានការរំពឹងទុកថា នឹងភ្ញៀវទេសចរចេញដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈមកទល់ពេលនេះ នៅគោលដៅធំមានការកក់សណ្ឋាគារ ផ្ទះសំណាក់ ច្រើនណាស់ដែរហើយ ដូចជា សៀមរាប មណ្ឌលគិរី ខេត្តជាប់តំបន់ឆ្នេរជាដើម។
ឯកឧត្ដមរដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ទោះបីសាំងឡើងថ្លៃ តែប្រជាពលរដ្ឋក៏មានការសន្សំសំចៃដែរ ដើម្បីទុកថវិកាចាយវាយនៅពេលចូលឆ្នាំ.....មិនជិះឡានមួយម្នាក់ឯងទេ គឺអាចធ្វើដំណើរទៅជាក្រុមៗ ដើម្បីកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើដំណើរ»។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តលើកឡើងអំពីគោលដៅពិសេសៗមួយចំនួនដូចជានៅសៀមរាបអង្គរ អាជ្ញាធរជាតិអប្សរាបានខិតខំកែលម្អសោភ័ណភាពបានច្រើន ការដើរកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរក៏ពោរពេញដោយធាតុអាកាសត្រជាក់ស្រួល ខណៈដែលនៅក្រុងសៀមរាប សម្ដេចតេជោ ហ៊ុន សែន ក៏ទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវទាំង៣៨ខ្សែរួចរាល់ហើយដែរ។ នៅក្រុងព្រះសីហនុ ក៏ជាគោលដៅទេសចរណ៍មួយធំដែរ ដោយសារភ្ញៀវទេសចរចង់ទៅមើលការអភិវឌ្ឍទីក្រុង លេងទឹកសមុទ្រ ឆ្នេរខ្សាច់ស្អាតៗ បណ្ដាកោះក៏មានភាពទាក់ទាញច្រើន។ នៅខេត្តមណ្ឌលគិរី ខេត្តរតនគិរីក៏កក់បានច្រើនដែរ។ ក្រៅពីនោះ នៅខេត្តបាត់ដំបងដែលមានតំបន់កសិទេសចរណ៍ក៏មានការរៀបចំបានល្អៗដែរ។ នៅមានការកើតឡើងនូវគោលដៅទេសចរណ៍ថ្មីៗច្រើន ដូចជាអេកូទេសចរណ៍នៅខាងស្រុកវាលវែង ខេត្តពោធិ៍សាត់ និយាយរួម ស្ទើរតែគ្រប់ខេត្តទាំងអស់គឺបានរៀបចំឱ្យមានតំបន់កសិទេសចរណ៍ សហគមន៍អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ច្នៃប្រឌិតថ្មីៗជាច្រើន។
ឯកឧត្ដមរដ្ឋមន្ត្រីបានរំឭកអំពីគោលការណ៍ថ្មីនៃការធ្វើដំណើរកម្សាន្តដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចុះថ្មីៗនេះ គឺត្រូវប្រកាន់ខ្ជាប់នូវការងារបីចំណុច៖
ទី១៖ ត្រូវអនុវត្តនូវវិធានការណ៍ «៣-ការពារ ៣-កុំ» ប្រកាន់ខ្ជាប់នូវការពាក់ម៉ាស រក្សាគម្លាត សម្អាតនឹងទឹកអាកុលឱ្យបានត្រឹមត្រូវ ពិសេសត្រូវយកកាតវ៉ាក់សាំងដាក់តាមខ្លួន រាល់ពេលចេញដើរកម្សាន្ត ព្រោះមានកន្លែងខ្លះតម្រូវឱ្យភ្ញៀវបង្ហាញកាតចាក់វ៉ាក់សាំង ម្យ៉ាងទៀតក្រសួងសុខាភិបាលក៏មានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលចាក់វ៉ាក់សាំងនៅកន្លែងកម្សាន្តនោះតែម្ដង ប្រសិនបើដល់វេនចាក់ដូសទី៣ (ដូសជំរុញ)។
ទី២៖ ត្រូវប្រកាន់នូវស្មារតីគោរពច្បាប់ចរាចរណ៍ក្នុងការបើកបរធ្វើដំណើរ ដើម្បីឱ្យការធ្វើដំណើរឱ្យទៅដល់គោលដៅ និងត្រលប់មកផ្ទះវិញប្រកបដោយសុវត្ថិភាព។
ទី៣៖ ត្រូវប្រកាន់ខ្ជាន់នូវការថែរក្សាអនាម័យជាប់ជានិច្ច ដើម្បីបង្ការការពារការឆ្លងជំងឺឆ្លងផ្សេងៗ ពិសេសគឺជំងឺកូវីដ១៩ (អូមីក្រុង)។
លោកជំទាវ ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានថ្លែងនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះថា ដោយពិធីបុណ្យចូលឆ្នាំថ្មីជិតចូលមកដល់ហើយនោះ ប្រជាពលរដ្ឋក៏បានកក់សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានឯកជនជាបណ្ដើរៗហើយដែរនៅតាមបណ្ដាខេត្តផ្សេងៗ ដូចជានៅខេត្តជាប់តំបន់ឆ្នេរក៏មានការកក់សឹងតែពេញទៅហើយ នៅខាងប៉ែកភាគឦសានក៏មានការកក់ច្រើន រីឯនៅខាងខេត្តសៀមរាបក៏កក់ច្រើនដែរ។
ប្រធានសមាគមរូបនេះបានផ្ដល់ជាមតិយោបល់ថា សម្រាប់ភ្ញៀវទេសចរគួរតែជ្រើសរើសកន្លែងកម្សាន្តដែលធំទូលាយ ដូចជាតាមបណ្ដាខេត្តធំៗដែលសម្បូរសេវាកម្មច្រើន។ បើតាមលោកស្រី ឆាយ ស៉ីវលីន ខេត្តសៀមរាបនៅតែជាប៉ូលទេសចរណ៍មួយដ៏សំខាន់ក្នុងការទទួលភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈបច្ចុប្បន្នពោរពេញដោយភាពស្អាត និងទាក់ទាញ សម្បទាទេសចរណ៍ក៏មានច្រើន រីឯការផ្គត់ផ្គង់សេវាកម្មនោះក៏ច្រើនដែរ។
នៅខេត្តសៀមរាប សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខឆាប់ៗនេះ នឹងមានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាបនៅក្រុងសៀមរាប ផាប់ស្ត្រីត (Pub Street) អុំទូកលេងនៅតាមដងស្ទឹងសៀមរាប ល្បែងល្បាំប្រជាប្រិយ ការតាំងពិព័រណ៍ ពិធីកម្សាន្តតាមបែបសាសនានៅប្រាសាទចៅសាយទេវតាជាដើម។ នេះបើតាម លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។
លោកប្រធានមន្ទីរទេសចរណ៍បានបន្តទៀតថា មិនត្រឹមតែនៅក្នុងខេត្តប៉ុណ្ណោះទេ នៅតាមបណ្ដាស្រុកផ្សេងទៀតក៏រៀបចំកម្មវិធីកម្សាន្តច្រើន។ ក្រៅពីនោះ ភ្ញៀវទេសចរក៏អាចទៅទស្សនាកម្សាន្តនៅតាមគោលដៅប្រមាណ១៧គោលដៅទៀត ដូចជានៅសហគមន៍អេកូទេសចរណ៍ចង្ក្រានរយ ស្រុកវ៉ារិន នៅតំបន់ភ្នំគូលែនក៏មានសហគមន៍ថ្មីៗ២-៣ទៀតដែរ។ ជាមួយគ្នានោះ តំបន់ទន្លេសាបក៏មានភាពទាក់ទាញ ដូចជានៅសហគមន៍ចុងឃ្នាសក៏មានការរៀបចំឱ្យមានសកម្មភាពទេសចរណ៍ទាក់ទាញឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានទទួលយកមកគ្រប់គ្រងវិញ។
បើតាមលោកជំទាវ ឆាយ ស៉ីវលីន ក្រៅអំពីខេត្តសៀមរាប និងតំបន់ឆ្នេរសមុទ្រ ភ្ញៀវទេសចរក៏អាចទៅទស្សនាកម្សាន្តនៅតាមតំបន់អេកូទេសចរណ៍ផ្សេងៗទៀត ដូចជានៅខេត្តកោះកុង ដែលជាតំបន់សម្បូរទៅដោយអេកូទេសចរណ៍ សម្រាប់ភ្ញៀវទេសចរដែលចង់ផ្សារភ្ជាប់ជាមួយធម្មជាតិ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែងដែលសម្បូរទៅតំបន់អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍នៅតាមដងទន្លេ ក៏ដូចជាខេត្តមណ្ឌលគិរី និងខេត្តរតនគិរីនៅតំបន់ភូមិភាគឦសាន ដែលសម្បូរទៅដល់តំបន់ទេសចរណ៍ច្រើន និងអាកាសធាតុល្អ។ ក្រៅពីនេះ ខេត្តបាត់ដំបងក៏ជាជម្រើសល្អៗសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តដំណើរទេសចរណ៍នៅតាមរមណីយដ្ឋាន តំបន់បេតិកភណ្ឌប្រវត្តិសាស្ត ម្ហូបអាហារឆ្ងាញ់ៗជាដើម។
បន្ទាប់ការបើកប្រទេសឡើងវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនោះ បានជំរុញឱ្យចលនាទេសចរផ្ទៃក្នុងចេះតែមានការរីកចម្រើនកើនឡើង ខណៈប្រជាជនកម្ពុជាក៏មានការចេញដើរកម្សាន្តច្រើនទៅគ្រប់ទីកន្លែងនៃគោលដៅទេសចរណ៍ក្នុងប្រទេស ដូចជាគោលដៅអេកូទេសចរណ៍ សៀមរាប-អង្គរ តំបន់ឆ្នេរជាដើម។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ការជំរុញឱ្យភ្ញៀវទេសចរចេញដើរកម្សាន្តច្រើនបែបនេះ ក៏ដោយសារមានហេដ្ឋរចនាសម្ពន្ធល្អ និងក្រោមម្លប់សន្តិភាពពេញផ្ទៃប្រទេស។ ទោះជាយ៉ាងណា ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវសារាចរណែនាំដល់មន្ទីរទេសចរណ៍ទូទាំងប្រទេស និងមូលដ្ឋានអាជីវកម្មទេសចរណ៍ចូលរួមអនុវត្តផងដែរ។
សូមជម្រាបថា ដើម្បីធានាសុវត្ថិភាព សុខភាពសាធារណៈ វិបុលភាព និងភាពពេញចិត្តសម្រាប់ភ្ញៀវទេសចរកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ក្រសួងបានចេញសារចរណេនាំក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដូចខាងក្រោម៖
១៖ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរជំនាញ និងដៃគូពាក់ព័ន្ធ រៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រានចូលឆ្នាំ និងកម្មវិធីកម្សាន្តសប្បាយនានាតាមទំនៀមទំលាប់ប្រពៃណីទៅតាមលទ្ធភាពជាក់ស្តែង។
២៖ ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ «៣ការពារ និង ៣កុំ» ឲ្យបានខ្ជាប់ខ្ជួន ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
៣៖ ត្រូវពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត។
៤៖ ត្រូវជំរុញឲ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានារៀបចំឲ្យមានកម្មវិធីលើកទឹកចិត្តចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិកបម្រើការទាំងអស់ត្រូវទទួលបានការចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។
៥៖ ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
៦៖ ត្រូវរៀបចំឲ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះឲ្យបានទូលំទូលាយ និងគ្រប់រូបភាពទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ឲ្យបានទាន់ពេលវេលាជាប្រចាំថ្ងៃ៕