១០ខែឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានទេសចរសរុប១.៧៩លាននាក់
(សៀមរាប)៖ ក្នុងរយៈពេល១០ខែឆ្នាំ២០២២ (មករា-តុលា) នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបជាង១.៧៩លាននាក់ កើនឡើងជាង៨៨៦ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
នៅក្នុងពិធីប្រារព្ធខួប២០ឆ្នាំរបស់សាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូល នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា «រយៈពេល១០ខែឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានទេសចរសរុបចំនួន១,៧៩២,៥៤៩នាក់ កើនឡើង៨៨៦.៣៣៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១»។
ឯកឧត្ដមបានបន្តថា ក្នុងចំណោមទេសចរសរុបទាំង១,៧៩២,៥៤៩នាក់នោះ មានភ្ញៀវទេសចរជាតិចំនួន១,៦២៣,២០០នាក់ កើនឡើង៨៣០.៤៥% និងទេសចរអន្តរជាតិមានចំនួន១៦៩,៣៤៩នាក់ កើនឡើង២២២៤.៣០%។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមថា តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួនជាង២.២៧លាននាក់ កើនឡើងជាង៣២៦% បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងនោះទេសចរជាតិអាចនឹងឡើងដល់ប្រមាណជាង២លាននាក់ ក្នុងកំណើនជាង២៩១% ហើយទេសចរអន្តរជាតិនឹងឡើងដល់ជាង២៣ម៉ឺននាក់ ក្នុងកំណើនជាង១៧៦៣%។
គួរជម្រាបថា រយៈពេល១០ខែឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១.៥៧លាននាក់ កើនឡើង៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង១០.៨៦លាននាក់ កើនឡើង២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។
បើតាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន កម្ពុជារំពឹងថានឹងទាក់ទាញទេសចរអន្តរជាតិឱ្យបានប្រមាណជាង២លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ១១លាននាក់ នៅឆ្នាំ២០២២នេះ៕