​សារមន្ទីរ​ជាតិ​រឹត​បន្តឹង​ការ​គ្រង​ស​ម្លៀ​ក​បំពាក់​បុរាណ​សម្រាប់​ថត​នៅ​ទី​តាំងរបស់​ខ្លួន

សារមន្ទីរ​ជាតិ​បាន​ប្រកាស​រឹត​បន្តឹង​អាជីវករ​ដែល​ផ្តល់​សេវា​ជួល​ស​ម្លៀ​ក​បំពាក់​បុរាណ​សម្រាប់​ការ​ថតរូប​អតិថិជន​របស់​ពួក​គេ​នៅ​សារមន្ទីរ​ជាតិ​ក្រុងភ្នំពេញ​ ​ដោយសារតែ​ការ​មិន​បាន​ស្នើសុំ​ការ​អនុញ្ញាត​មុន​នឹង​ចូល​ទីតាំង​សារមន្ទីរ​ជាតិ​ដើម្បី​ថតរូប​ ​ហើយ​ស​ម្លៀ​ក​បំពាក់​បុរាណ​ដែល​ពួកគេ​ប្រើប្រាស់​សម្រាប់​ថត​ក៏​មិន​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ទៅ​ទៀត​។​

​សារមន្ទីរ​ជាតិ​បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃពុធ​ថា​ ​ការ​រឹត​បន្តឹង​នេះ​មិនមែន​មានន័យ​ថា​ ​សារមន្ទីរ​ជាតិ​កម្ពុជា​មិន​គាំទ្រ​ដល់​វិ​ស​័​យ​ឯកជន​ក្នុង​ការ​ផ្សព្វផ្សាយ​លើក​តម្លៃ​វប្បធម៌​ខ្មែរ​ ​ប៉ុន្តែ​ដើម្បី​ចៀសវាង​ការ​រិះគន់​ពី​មហាជន​ ​ក៏ដូចជា​ការ​ស្តីបន្ទោស​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​មក​លើ​សារមន្ទីរ​ជាតិ​ ​នៅ​ពេល​ដែល​ពួក​គេ​ប្រើប្រាស់​ស​ម្លៀ​ក​បំពាក់​បុរាណ​ខុស​នឹង​ទម្រង់​ដើម​ដើម្បី​ថត​។​

នៅ​​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា​៖​ ​«អាជីវករ​បាន​ប្រើប្រាស់​ស្ថាប័នរដ្ឋ​ក្នុង​ការ​ផ្តល់​សេវាកម្ម​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត​។​ ​ហេតុនេះ​សារមន្ទីរ​ជាតិ​ចាំបាច់​ត្រូវ​មាន​វិធានការ​ទប់​ស្កាត់​មួយ​ចំនួន​ ​រាប់ទាំង​ការ​ហាម​ឃាត់​ ​ឬ​ផ្អាក​សកម្មភាព​ថត​រហូតដល់​សារ​ម​នី្ទ​រ​ជាតិ​បាន​ទទួល​ការ​ណែនាំ​ឬ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ជា​មុន​សិន​»​។​

​សារមន្ទីរ​ជាតិ​បាន​ណែនាំ​ដល់​អាជីវករ​ទាំង​នោះ​ថា​៖​ ​«​អាជីវករ​ចាំបាច់​ត្រូវ​ទាក់ទង​ទៅ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​ដើម្បី​សុំ​ការ​ឯកភាព​លើ​គំរូ​ស​ម្លៀ​ក​បំពាក់​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ជួល​ដល់​អតិថិជន​របស់​ខ្លួន​»​។​

​សារមន្ទីរ​ជាតិ​បញ្ជាក់​ថា​ ​នេះ​មិនមែន​ជា​ការ​តឹងតែង​ឡើយ​ ​ប៉ុន្តែ​វា​ជា​ការ​ជួយ​ក្រើន​រំលឹក​ក្នុងនាម​សេនាធិការ​របស់​​​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​ព្រោះ​កន្លង​មក​ជំហរ​របស់​ថ្នាក់​ដឹកនាំ​សារ​ម​នី្ទ​រ​ជាតិ​តែង​តែ​សម្របសម្រួល​ជូន​សាធារណជន​អាច​ចូល​ប្រើប្រាស់​ទីតាំង​សារ​ម​នី្ទ​រ​ជាតិ​ក្នុង​ករណី​មាន​ការ​ស្នើសុំ​ជាមុន​និង​បាន​ទទួល​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​។​

​សារមន្ទីរ​ជាតិ​បញ្ជាក់​បន្ថែម​ថា​ ​កន្លង​មក​ក៏​មាន​ករណី​ប្រើប្រាស់​ស​ម្លៀ​ក​បំពាក់​បុរាណ​ខុស​ឆ្គង​មួយ​ចំនួន​ដែរ​ ​ជាពិសេស​ការ​ប្រើប្រាស់​ពណ៌​ ​ការ​រចនា​គ្រឿង​អលង្ការ​ ម្កុ​ដ​ ​និង​ស្បៃ​បន្ថែម​លើ​ឈុត​បុរាណ​។​ ​ហេតុនេះ​ទើប​
សារ​ម​នី្ទ​រ​ជាតិ​ស្នើយោបល់​ពី​អ្នក​ជំនាញ​របស់​​​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​ដើម្បី​ចៀ​វាង​កំហុស​ឆ្គង​ក្នុង​ការ​ផ្សព្វផ្សាយ​ដែល​ប្រាសចាក​ទម្រង់​ដើម​និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​

​លោក​ ​យូ​ ​សភា​ ​សាស្ត្រាចារ្យ​វប្បធម៌​និង​អរិយធម៌​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​បាន​លើក​ឡើង​ថា​ ​ជា​ធម្មតា​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​នី​មួយ​តែងតែ​បទ​ប​ញ្ញតិ​ផ្ទាល់ខ្លួន​ ​ដើម្បី​រក្សា​និង​ការពារ​បាន​នូវ​ទម្រង់​ដើម​ស្របតាម​ទម្រង់​ដើម​ ​ហើយ​ការ​អនុវត្ត​តាម​បទ​ប​ញ្ញតិ​នោះ​នឹង​គ្មាន​ផល​ប៉ះពាល់​ឬ​ប្រាសចាក​នឹង​ទម្រង់​ដើម​។​

​លោក​និយាយ​ថា​ ​ការ​ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​បាន​បណ្ដុះ​ចំណេះ​ដឹង​ដល់​មនុស្ស​ជំនាន់​ក្រោយ​យល់​ដឹង​ច្បាស់​នូវ​ការ​ស្លៀកពាក់​សម្លៀក​បំពាក់​បុរាណ​ត្រឹមត្រូវ​នឹង​អ្វី​ដែល​ជា​មរតក​ដើម​នៃ​វប្បធម៌​ខ្មែរ​បុរាណ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​ថែមទាំង​បាន​បណ្ដុះ​គំនិត​អភិ​រក្ស​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ទៀត​ផង​។​


​លោក​បន្ត​ថា​៖​ ​«​ការ​រឹត​បន្តឹង​ខ្លាំង​ពេក​ ​ក៏​អាច​ជះ​ផល​អវិជ្ជមាន​បន្តិចបន្តួច​មក​លើ​ការ​ផ្សព្វផ្សាយ​វប្បធម៌​ផង​ដែរ​ ​ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​ស្រឡាញ់​និង​មានបំណង​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ​លែង​មាន​អារម្មណ៍​ប្រើប្រាស់​ស​ម្លៀ​ក​បំពាក់​បុរាណ​សម្រាប់​ថតរូប​ ​ដែល​ធ្វើ​ឱ្យ​ការប្រើប្រាស់​ស​ម្លៀ​ក​បំពាក់​ប្រពៃណី​បុរាណ​កាន់​តែ​មាន​ការ​ថយ​ថយ​ចុះ​ជាក់​ជាមិនខាន​»​។​

​លោក​បញ្ជាក់​ថា​៖​ ​«​នេះ​ជា​ការ​ខាត​បង់​ប្រយោជន៍​បន្តិច​បន្តិច​បើ​ធៀប​នឹង​ការ​រក្សា​
ស​ម្លៀ​ក​បំពាក់​បុរាណ​តាម​ទម្រង់​ដើម​។​ ​ដូច្នេះ​សម្រាប់​អ្នក​ស្រឡាញ់​វប្បធម៌​ដើម​របស់​ខ្មែរ​គួរ​អនុវត្ត​ការណែនាំ​របស់​គេ​ ​ហើយ​ស្ថាប័ន​សាមី​ក៏​គួរ​មាន​វិធីសាស្ត្រ​ណា​មួយ​ដើម្បី​ការ​បន្ធូរ​
បន្ថយ​នូវ​វិធានការ​ដើម្បី​ពួកគេ​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​ដើម​របស់​ខ្មែរយើង​»​។​

​កាលពី​ខែ​មីនា​កន្លងមក​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​បង្ហាញ​ពី​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ចំពោះ​ការ​អភិ​រក្ស​ស​ម្លៀ​ក​បំពាក់​បុរាណ​ខ្មែរ​ក្នុង​ទម្រង់​ដើម​ ​ដើម្បី​ចៀសវាង​ប្រទេស​ជិត​ខាង​ចោទ​កម្ពុជា​លួច​ចម្លង​វប្បធម៌​របស់​គេ​ ​ពីព្រោះ​វប្បធម៌​កម្ពុជា​មាន​លក្ខណៈ​ស្រដៀងគ្នា​នឹង​វប្បធម៌​របស់​ប្រទេសជិតខាង​ទាំងនោះ​។​

​លោក​នាយករដ្ឋមន្ត្រី​បាន​និយាយ​នៅ​ពេល​នោះ​ថា​ ​ការ​បង្ហាញ​វប្បធម៌​សិល្បៈ​ខ្មែរ​ដល់​ប្រ​ទេ​សពលរដ្ឋ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​និង​ជំនាន់​ក្រោយ​ ​ជាការល្អ​ហើយ​ ​ប៉ុន្តែ​បើ​ការ​បង្ហាញ​មិន​ត្រឹមត្រូវតាម​ទម្រង់​ដើម​ស្មើនឹង​បំផ្លាញ​នូវ​វប្បធម៌​ខ្មែ​ទៅវិញ​៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.