រដ្ឋមន្ត្រី ថោង ខុន៖ សហគមន៍នេសាទ និងតំបន់ការពារធម្មជាតិបឹងពារាំងក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប នឹងក្លាយជាសហគមន៍ទេសចរណ៍ដ៏ទាក់ទាញ

(សៀមរាប)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តសៀមរាប បានអះអាងថា សហគមន៍នេសាទ និងតំបន់ការពារធម្មជាតិបឹងពារាំងក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប នឹងក្លាយជាសហគមន៍ទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀត នៅខេត្តសៀមរាប ដើម្បីបំពេញតម្រូវការបន្ថែមជូនភ្ញៀវទេសចរ។

ជាការពិតណាស់ នៅសហគមន៍នេសាទ និងតំបន់ការពារធម្មជាតិបឹងពារាំងនេះ មានសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរដែលស្រលាញ់ចូលចិត្តធម្មជាតិ មើលសត្វស្លាប គយគន់ថ្ងៃលិច ជិះទូកកម្សាន្តនៅជុំវិញបឹងជាដើម។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលបានអះអាងអំពីការគ្រប់គ្រងនៅតំបន់បឹងពារាំងក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប នៅក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាបរួចមក ឯកឧត្តម ថោង ខុន បានពន្យល់ថា ក្រសួងទេសចរណ៍មិនទាមទារនូវការចុះបញ្ជី ឬការគ្រប់គ្រងទៅលើសហគមន៍នេសាទ ឬសហគមន៍តំបន់ការពារធម្មជាតិទេ ប៉ុន្តែក្រសួងទេសចរណ៍អាចទទួលស្គាល់សហគមន៍ណាមួយ ជាសហគមន៍ទេសចរណ៍បាន លុះត្រាតែសហគមន៍ទេសចរណ៍នោះ អាចបង្ហាញគោលការណ៍ ២សំខាន់៖ ទី១. សហគមន៍ទាំងនោះមានសក្តានុពលទេសចរណ៍អាចទាក់ទាញភ្ញៀវទេសចរបាន និងទី២. សហគមន៍ទាំងនោះបានរៀបចំត្រឹមត្រូវតាមស្តង់ដាសហគមន៍ទេសចរជាតិ និងអាស៊ាន។

ជាក់ស្តែងនៅតំបន់បឹងពារាំងនេះ ប្រជាពលរដ្ឋសហគមន៍បានចូលរួមយ៉ាងសកម្ម ក្នុងការអភិរក្សនូវធនធានជលផល ជាពិសេសត្រីធម្មជាតិ ដែលជាប្រភពទាក់ទាញសត្វស្លាបរាប់សែនក្បាលឲ្យមកស្នាក់អាស្រ័យ ធ្វើសំបុកពងកូន ដែលទាំងនេះបង្កើតបានជាសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរដែលស្រលាញ់ចូលចិត្តធម្មជាតិ មើលសត្វ គយគន់ថ្ងៃលិច ជិះទូកកម្សាន្តនៅជុំវិញបឹងជាដើម។

គំរូនៃការប្រែក្លាយសហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ ទៅជាសហគមន៍ទេសចរណ៍ ក៏ត្រូវបានអនុវត្តប្រកបដោយជោគជ័យនៅសហគមន៍មួយចំនួន ដូចជាសហគមន៍អេកូទេសចរណ៍ជីផាត សហគមន៍ទេសចរណ៍ធម្មជាតិចំបក់ និងសហគមន៍អេកូទេសចរណ៍អារ៉ែងជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព បានឆ្លុះបញ្ជាំងឱ្យឃើញថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សមស្របសម្រាប់ការអភិវឌ្ឍ និងអភិរក្សក្នុងតំបន់ការពារធម្មជាតិប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋានអាចចូលរួមយ៉ាងសកម្ម ក្នុងការសម្រេចចិត្ត ឬអាចនិយាយបានថា ជាការផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋមូលដ្ឋាន (Local Empowerment) ដោយប្រជាពលរដ្ឋអាចទទួលផលប្រយោជន៍ដោយផ្ទាល់ពីទេសចរណ៍ ប្រកបដោយសមធម៌ បង្កើនការការអភិរក្សនូវធនធានធម្មជាតិក្នុងតំបន់ដែលខ្លួនគ្រប់គ្រង បង្កើននូវកម្រិតជីវភាព និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុកប្រកបដោយប្រសិទ្ធភាព។

គួរកត់សម្គាល់ថា ក្នុងក្របខណ្ឌនៃរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន កម្ពុជាគឺជាប្រទេសនាំមុខក្នុងការរៀបចំស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន និងស្តង់ដាផ្ទះស្នាក់អាស៊ាន ហើយកាលពីវេទិការទេសចរណ៍អាស៊ានកាលពីខែមករា ឆ្នាំ២០១៩ នៅប្រទេសវៀតណាម កម្ពុជាមានសហគមន៍ទេសចរណ៍ចំនួន៣ និងផ្ទះស្នាក់ចំនួន៥ ដែលបានទទួលរង្វាន់ពីអាស៊ាន រួមមាន៖
ទី១៖ សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ក្នុងខេត្តកោះកុង។
ទី២៖ សហគមន៍ទេសចរណ៍កំពង់ភ្លុក ក្នុងខេត្តសៀមរាប។
ទី៣៖ សហគមន៍ទេសចរណ៍បន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ។

ចំពោះផ្ទះស្នាក់ចំនួន៥ ដែលបានទទួលជ័យលាភីអាស៊ានឆ្នាំ២០១៩ ផងដែរនោះ រួមមាន៖
ទី១៖ ផ្ទះស្នាក់ឥសាន្តបុរី ក្នុងសហគមន៍សំបូរព្រៃគុក ខេត្តកំពង់ធំ។
ទី២៖ ផ្ទះស្នាក់ទុនសារិន ក្នុងសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ខេត្តសៀមរាប។
ទី៣៖ ផ្ទះស្នាក់តាំងងិន ក្នុងសហគមន៍ទេសចរណ៍ជីផាត ខេត្តកោះកុង។
ទី៤៖ ផ្ទះស្នាក់បាណាណា ក្នុងសហគមន៍រ៉ុនតាឯក ខេត្តសៀមរាប។
ទី៥៖ ផ្ទះស្នាក់កឿនស្រីមុំ ក្នុងសហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ៕