«សហគមន៍បាគងភូមិខ្ញុំ» ជាផលិតផលទេសចរណ៍ថ្មីលើដីសៀមរាប! រដ្ឋមន្ត្រី ថោង ខុន បង្ហាញការគាំទ្រពេញទំហឹង និងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយគាំទ្របន្ថែមដល់សហគមន៍

(សៀមរាប)៖ ស្របតាមគោលនយោបាយទេសចរណ៍ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ឱ្យខេត្តសៀមរាបមានផលិតផលទេសចរណ៍ថ្មីៗបន្ថែមលើសពីតំបន់បេតិកភណ្ឌពិភពលោកនោះ ឥលូវនេះ «សហគមន៍បាគងភូមិខ្ញុំ» បានអភិវឌ្ឍន៍ខ្លួនយ៉ាងស្រស់ឆើតឆាយលើទឹកដីឃុំបាគង ស្រុកប្រាសាទបាគង អាចបម្រើបានស្ទើរតែគ្រប់សេចក្ដីត្រូវការរបស់ភ្ញៀវទេសចរក្នុងប្រទេស។
សហគមន៍បាគងភូមិខ្ញុំនេះ បានបើកទទួលបម្រើសេវាកម្មជូនភ្ញៀវទេសចរក្នុងស្រុករយៈពេលជិតមួយខែមកហើយ ហើយទទួលបានការគាំទ្រពីភ្ញៀវទេសចរគួរឱ្យកត់សម្គាល់ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញចលនាទេសចរផ្ទៃក្នុង ស្របពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ-១៩។
វត្តមានរបស់សហគមន៍ទេសចរណ៍នេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោកស្រី ឆាយ ស៉ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) រដ្ឋបាលស្រុកប្រាសាទបាគង និងរដ្ឋបាលឃុំបាគងផងដែរ។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍បាគងភូមិខ្ញុំ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ដើម្បីឱ្យសហគមន៍មានភាពស្ថិតស្ថិរទៅបាន ចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋឱ្យបានច្រើន និងត្រូវបែកចែកចំណូលប្រកបដោយសមធម៌ទៅឱ្យពួកគាត់ មានន័យថា អ្នកធ្វើកិច្ចការងារណា ត្រូវតែទទទួលបានប្រាក់ចំណូលពីការងារនោះ ដោយអ្នកធ្វើតិចបានតិច ធ្វើច្រើនបានច្រើន។ នៅពេលដែលសហគមន៍អនុវត្តការបែងចែកនេះត្រឹមត្រូវ នោះប្រជាពលរដ្ឋនឹងទទួលបានចំណូលសមរម្យ អាចដោះស្រាយជីវភាពគ្រួសារបាន ប្រជាពលរដ្ឋនឹងមិនចំណាកស្រុកទៅណាឡើយ ហើយពួកគាត់នឹងនៅបម្រើការក្នុងវិស័យទេសចរណ៍ជាមួយសហគមន៍ ប្រកបដោយភាពរីករាយសុខដុមរមនីយ។
ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដល់ប្រធានសហគមន៍ ត្រូវផ្តោតលើការយកចិត្តទុកដាក់ចំពោះបដិសណ្ឋារកិច្ចនៅក្នុងសហគមន៍ និងត្រូវផ្ដល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព រីឯបុគ្គលិកបម្រើសេវាកម្មត្រូវមានភាពញញឹមរួសរាយរាក់ទាក់ សំដីសំដៅក៏ត្រូវមានភាពសមរម្យដាក់ភ្ញៀវទេសចរ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំដល់មន្ទីរទេសចរណ៍ខេត្តត្រូវជួយសហគមន៍បន្ថែមទៀត ពិសេសគឺការបណ្ដុះបណ្ដាលធនធានមនុស្ស (ជ្រើសរើសចេញពីក្នុងមូលដ្ឋានផ្ទាល់) អំពីការទទួលបដិសណ្ឋារកិច្ច ការបម្រើសេវាកម្មផ្សេងៗ និងគុណភាពសេវាកម្ម ព្រោះសេវាកម្មជាការទាក់ទាញភ្ញៀវទេសចរ។ ម្យ៉ាងវិញទៀត បញ្ហាអនាម័យ បរិស្ថាន និងសំរាមក៏ត្រូវគិតគូរឱ្យបានហ្មត់ចត់ផងដែរ មានន័យថា ក្នុងសហគមន៍មិនត្រូវមានសំរាម ត្រូវមានបរិស្ថានស្អាត ម្ហូបអាហារ និងរបស់របរប្រើប្រាស់ត្រូវមានអនាម័យជានិច្ច។
ឯកឧត្តមបានបញ្ជាក់ថា ឱ្យតែបដិសណ្ឋារកិច្ច គុណភាពសេវាកម្ម និងអនាម័យដំណើរការបានល្អ សហគមន៍នឹងអាចទាក់ចិត្តភ្ញៀវទេសចរបានកាន់តែច្រើន និងចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍ខេត្តសៀមរាបបានកាន់តែល្អផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើដល់អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងមន្ទីរទេសចរណ៍ខេត្ត គប្បីបន្តការជួយគាំទ្រដល់សហគមន៍បាគងភូមិខ្ញុំនេះ ដើម្បីឱ្យផលិតផលទេសចរណ៍ដ៏ល្អនេះកាន់តែមានការរីកចម្រើនទៅមុខ និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព នវានុវត្តន៍ និងការទទួលខុសត្រូវខ្ពស់ ពោលគឺត្រូវដើរឱ្យស្របនឹងទស្សនទាន «ការអភិវឌ្ឍបម្រើឱ្យការអភិរក្ស ការអភិរក្សបម្រើឱ្យការអភិវឌ្ឍ»។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហាញក្ដីសង្ឃឺមថា ការអនុវត្តរួមគ្នានេះនឹងនាំជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យកាន់តែមានជីវភាពរីកចម្រើនតទៅមុខ និងអភិរក្សបាននូវសម្បត្តិបេតិកភណ្ឌជាតិនៅទីនោះផងដែរ។
លោក សូត្រ សួរ ប្រធានសហគមន៍បាគងភូមិខ្ញុំ បានឱ្យដឹងថា គោលបំណងនៃការបង្កើតសហគមន៍ទេសចរណ៍នេះឡើង គឺដើម្បី៖
១៖ ជំរុញសក្ដានុពលទេសចរណ៍នៅតំបន់ប្រាសាទបាគង តាមរយៈការតភ្ជាប់ទំនាក់ទំនងការទស្សនាប្រាសាទ និងទេសភាពជនបទ សំដៅទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តឱ្យបានច្រើនឡើង។
២៖ ជំរុញលើកទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋានក្នុងការបង្កើតផលិតផលកសិកម្ម បន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ និងផលិតផលអនុស្សាវរីយ៍ក្នុងមូលដ្ឋាន ដើម្បីលក់ជូនភ្ញៀវទេសចរ បង្កើនចំណូលផ្ទាល់ លើកកម្ពស់ជីវភាពសហគមន៍ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។
៣៖ លើកកម្ពស់អនាម័យ និងបរិស្ថានស្អាតក្នុងសហគមន៍ ចូលរួមជំរុញ និងអនុវត្តចលនា «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងផ្ដល់ភាពកក់ក្ដៅ»។
លោក សូត្រ សួរ បានបន្តថា សហគមន៍បាគងភូមិខ្ញុំ បានចាប់ផ្ដើមរៀបចំខ្លួនបន្តិចម្ដងៗតាំងពីឆ្នាំ២០១០ មកម្ល៉េះ។ មកដល់ពេលបច្ចុប្បន្ន សហគមន៍មានសេវាកម្មទេសចរណ៍ និងសេវាកម្មម្ហូបអាហារជាច្រើនសម្បូរបែប ក្នុងនោះមានដូចជា ម្ហូបអាហារ ភេសជ្ជៈ តូបអង្គុយជុំវិញមាត់ទឹក ជិះទូកកម្សាន្ត សួនកម្សាន្តសម្រាប់កុមារ បោះតង់ ទស្សនាការតាំងឧបករណ៍បុរាណ ទស្សនាកម្មវិធីទេសចរណ៍វប្បធម៌ប្រចាំថ្ងៃ ស្ទួចត្រី ដាក់បង្កៃ ដាក់មង ឆ្លុះត្រីពេលយប់ អាំងត្រី-សាច់ ដុតពោត-ដំឡូង ទិញបន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ និងកសិផលរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ក្រៅពីនេះ សហគមន៍ក៏មានរៀបចំកម្មវិធីកម្សាន្តជាច្រើនទៀតនៅពេលរដូវបុណ្យទានម្ដងៗ ដូចជា ការសម្ដែងក្បាច់គុនល្បក្កតោ ចាប៉ី ល្ខោន យីកេ របាំ ដែលសុទ្ធតែជាអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិខ្មែរតាំងពីបុរាណកាលមក៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.