ក្រសួងទេសចរណ៍ ដាក់ឲ្យអនុវត្តស្តង់ដាប្រតិបត្តិអប្បបរមា តាមគន្លងប្រក្រតីភាពថ្មី ដល់ប្រភេទអាជីវកម្មទេសចរណ៍ធំៗចំនួន៤

(ភ្នំពេញ)៖ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្រសួងទេសចរណ៍បានប្រកាសដាក់ឱ្យអនុវត្តបទដ្ឋានគតិយុត្ត «ការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មី» សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ដែលកំពុងធ្វើសកម្មភាព រួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
ការប្រកាសដាក់ឱ្យអនុវត្តបទដ្ឋាន SOP ដ៏សំខាន់បំផុតនេះ ត្រូវបានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តស្ដង់ដា SOP តាមគន្លងប្រក្រតីភាពថ្មី តាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិសេសគឺផ្សព្វផ្សាយដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា ការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ខាងលើ បានរៀបចំឡើងស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃការអនុវត្តមួយចំនួន ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មីតាមស្ថានភាពបច្ចុប្បន្ន។ វិធានសុវត្ថិភាពនេះ ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍។
ឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា «មូលដ្ឋានអាជីវកម្មទេសចរណ៍ណា បំពេញបានតាមលក្ខណៈវិនិច្ឆ័យដូចបានកំណត់ក្នុងវិធានសុវត្ថិភាពទេសចរណ៍ នឹងទទួលបានលិខិតបញ្ជាក់ទទួលស្គាល់អាជីវកម្មដែលមានសុវត្ថិភាពប្រឆាំងនឹងកូវីដ-១៩»។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានស្នើសុំរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធត្រូវចុះអនុវត្ត ចុះណែនាំ និងផ្សព្វផ្សាយដល់គ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរាយការណ៍ជាប្រចាំ ពិសេសត្រូវអប់រំប្រជាពលរដ្ឋ ភ្ញៀវទេសចរ បុគ្គលបម្រើការនៅតាមគោលដៅទេសចរណ៍នីមួយៗ និងប្រតិបត្តិករទេសចរណ៍ដែលជាដៃគូសហការ ដើម្បីពង្រឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ និងធានាឱ្យបាននូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរ។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ការជំរុញឱ្យមានការអនុវត្តបទដ្ឋានគតិយុត្តខាងលើនេះ គឺដើម្បីជួយឱ្យអាជីវកម្មទេសចរណ៍ទាំង ៤ ប្រភេទធំៗខាងលើ អាចធ្វើសកម្មភាពអាជីវកម្មរបស់ខ្លួនបានផង និងសម្របខ្លួនរៀនរស់ក្នុងប្រក្រតីភាពថ្មីមួយ។
ឯកឧត្ដមរដ្ឋមន្ត្រីបន្តទៀតថា នៅពេលអាជីវកម្មទេសចរណ៍ទាំង ៤ នេះអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីទាំងនេះបានត្រឹមត្រូវ នឹងទទួលបានក្ដីទុកចិត្តពីសំណាក់ភ្ញៀវទេសចរ។ យើងទាំងអស់គ្នានឹងចូលរួម ប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីជំរុញការទាក់ទាញទេសចរក្នុងស្រុក និង អន្តរជាតិ៕ សូមចុចលើតំណរ Link ខាងក្រោមដើម្បីទទួលបានលិខិតបទដ្ឋានគតិយុត្ត
https://bit.ly/3DEeOfA
https://tinyurl.com/ekc35dey

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.