ហ្វីលីពីន​នឹង​ភ្ជាប់​ជើងហោះហើរ​ត្រង់​ម៉ានីល​-​ភ្នំពេញ​លើកដំបូង នា​ដើម​ខែ​មេសា​

(​ភ្នំពេញ​)៖ ក្រុមហ៊ុន​អាកាសចរ Philippines Airline នឹង​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​លើកដំបូង​ពី​រដ្ឋធានី​ម៉ានីល​-​រាជធានី​ភ្នំពេញ នា​ដើម​ខែ​មេសា ឆ្នាំ​២០១៩ ខាង​មុខ​ឆាប់ៗ​នេះ ដែល​ប្រការ​នេះ កម្ពុជា​ក៏​សង្ឃឹមថា នឹង​ទទួលបាន​កំណើន​ភ្ញៀវ​ទេសចរ​បន្ថែម តាម រយៈ​ការហោះហើរ​ត្រង់​នេះ​ផងដែរ​។​

​មុន​ចាប់ផ្ដើម​ប្រតិបត្តិការ​នេះ ប្រតិភូ​ក្រុមហ៊ុន​អាកាសចរ Philippines Airline ដឹកនាំ​ដោយ​លោក Jaime J. Bautista ប្រធាន​ក្រុមហ៊ុន បាន​មក​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ នា​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៩​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម តុ​ប សុភ័ក អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក សារព័ត៌មាន​ថា គោលបំណង​នៃ​ការជួប​ពិភាក្សា​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ទេសចរណ៍ នាពេលនេះ គឺ​ប្រតិ ភូ​ក្រុមហ៊ុន​អាកាសចរ Philippines Airline ចង់​ជម្រាប​ឱ្យដឹងថា ក្រុមហ៊ុន​របស់​គេ​នឹង​ចាប់ផ្ដើម​ហោះហើរ​ត្រង់​ពី​រដ្ឋធានី​ម៉ានីល​ទៅមក​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម​អនុ​រដ្ឋលេខាធិការ​បាន​មានប្រសាសន៍ថា តាម​ការរំពឹងទុក គឺ​ក្រុមហ៊ុន​អាកាសចរ Philippines Airline នឹង​បើក​ការ ហោះហើរ​ត្រង់​នា​ដើម​ខែ​មេសា ឆ្នាំ​២០១៩ ខាងមុខ​។ ឯកឧត្តម​អនុ​រដ្ឋលេខាធិការ​បាន​បន្តថា ការហោះហើរ​ត្រង់​នេះ​ប្រើ​ពេល​តែ​ប្រមាណ​ជាង ២​ម៉ោង ប៉ុណ្ណោះ​។​

​ក្រសួងទេសចរណ៍​មាន​សុទិដ្ឋិនិយម​ថា តាមរយៈ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់នេះ គឺ​នឹង​ជួយ​ជំរុញ​កំណើន​ទេសចរ​ពី​ហ្វីលីពីន និង​ប្រទេស​ទី​៣ មក​កាន់​កម្ពុជា​កាន់តែ​ច្រើន ខណៈ​បច្ចុប្បន្ន ភ្ញៀវទេសចរ​ហ្វីលីពីន​ដែល​មក​ទស្សនា​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ ប្រមាណ​តែ​ជាង ៩​ម៉ឺន​នាក់ ប៉ុណ្ណោះ​។​

​ឯកឧត្តម តុ​ប សុភ័ក បាន​លើកឡើង​ថា តាម​ប្រសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ម៉ានីល​-​ភ្នំពេញ​នេះ គឺជា​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់​កម្ពុជា ពីព្រោះ​តាំងពី​ឆ្នាំ​១៩៧០​មក កម្ពុជា​មិនទាន់មាន​ជើងហោះហើរ​ត្រង់​ណា​មួយ ពី​ភ្នំពេញ​ទៅមក​ម៉ានីល​ឡើយ ប៉ុន្តែ​ដោយសារ​កម្ពុជា​បច្ចុប្បន្ន​មាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ទើប​ក្រុមហ៊ុន​អាកាសចរ Philippines Airline ក៏​ដូចជា​ក្រុមហ៊ុន​អាកាសចរ​ក្រៅ​ប្រទេស​ដទៃ​ទៀត ពង្រីក​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​បែបនេះ​។ ម្យ៉ាង វិញទៀត កត្តា​ដែល​ជំរុញ​ឱ្យ​មាន​ការហោះហើរ​ត្រង់នេះ ក៏​ដោយសារ​និន្ននាកា​ររបស់​ភ្ញៀវទេសចរ​បច្ចុប្បន្នផង​ដែរ ពោល​គឺ​ពួកគេ​និយម​ចូលចិត្ត​ការហោះហើរ​ត្រង់ ងាយស្រួល និង​ប្រើពេល​ខ្លី​ឆាប់​ដល់​គោលដៅ​។​

​សូមជម្រាបថា បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរ​មួយ​របស់​ហ្វីលីពីន ក៏​បាន​ហោះហើរ​ត្រង់​ពី​ទីក្រុង​សេ​ប៊ូ (​ទីក្រុង​មួយ​នៅលើ​កោះ​សេ​ប៊ូ នៃ​ប្រទេស​ហ្វីលីពីន​) មក​ក្រុង​សៀមរាប​ផងដែរ ដោយ​ក្នុង​មួយ​សប្ដាហ៍​ហោះហើរ​បាន​ចំនួន​៤​ជើង​៕​