អាជ្ញាធរជាតិអប្សរា កំពុងជួយសង្រ្គោះតួប្រាង្គទី២២ របស់ប្រាសាទបាគង
សៀមរាប ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ -- ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទឥដ្ឋ ប្រាង្គទី២២ របស់ប្រាសាទបាគង ដែលបានសាងឡើងពីឥដ្ឋនៅផ្នែកខាងជើងដោយមាន សភាពទ្រុឌទ្រោម និងកំពុងតែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរ ជាតិអប្សរា បានឱ្យដឹងថា ស្ថានភាពនៃការខូចខាតប្រាង្គទី២២ នៃប្រាសាទបាគងនេះ កំពុងប្រឈមនិងហានិភ័យខ្លាំង ទើបអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងរចនាសម្ព័ន្ធ ប្រាង្គ ដើម្បីលើកតម្លៃសំណង់បុរាណ។ មន្ត្រីដដែលបញ្ជាក់ទៀតថា ប្រាង្គទី២២ មានបញ្ហា ប្រឈមខ្ពស់ ដោយប្រាង្គកណ្ដាលនៅរួតទី៣ ទី៤ ផ្នែកខាងលិច និងនៅតាម ជញ្ជាំង ប្រាង្គនាទិសឦសានមានស្នាមប្រេះហែកចេញពីគ្នា តាំងតែពីលើរហូតដល់ក្រោម ដែលអាច នឹងដួលរលំ ប្រសិនបើមានការប្រែប្រួលអាកាសធាតុ។
បច្ចុប្បន្ន ក្រុមការងារកំពុងជួយសង្គ្រោះពង្រឹងរចនាសម្ព័ន្ធឥដ្ឋ ជញ្ជាំង តួប្រាង្គដែល រងការពុកផុយខ្លាំងតាំងពីក្រោមរហូតដល់កំពូលលើជាមួយ និងបច្ចេកទេសបិទស្នាមប្រេះ នៅតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើការពង្រឹងឡើងវិញនូវរចនាសម្ព័ន្ធពាក់ព័ន្ធ មួយចំនួនទៀតដោយប្រើខ្សែកាបចងគ្រីបនៅខាងក្រៅកុំឱ្យរលុះផង។
លោក សារាយ គឹមហួល ឱ្យដឹងទៀតថា ដំណាក់ដំបូងដែលត្រូវសង្រ្គោះបន្ទាន់ គឺត្រូវពង្រឹងគ្រឹះ ឬសង្រ្គោះត្រង់ចំណុចណាដែលមានហានិភ័យខ្ពស់ បន្ទាប់មកត្រូវ សង្រ្គោះនៅកន្លែងផ្សេងៗទៀតដែលមានហានិភ័យបន្តបន្ទាប់។ ការងារមួយទៀត គឺត្រូវសម្អាតស្ងួតដោយដកយកកូនរុក្ខជាតិតូចៗដែលដុះនៅលើប្រាង្គ បោសសម្អាតដីចេញពី កន្លែងដែលត្រូវពង្រឹង បន្ទាប់ទៀត ត្រូវកោសស្លែចេញអស់ហើយ និងត្រូវសម្អាតដោយទឹក ដើម្បីងាយស្រួលតភ្ជាប់ជាមួយកំបោរបាយអជាដើម។
កាលពីឆ្នាំ២០១៩មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមធ្វើការទល់ទ្រដើម្បីទប់លំ នឹងរចនាសម្ព័ន្ធប្រាង្គទី២២ នៃប្រាសាទបាគងនេះដែរ៕