ឯកឧត្ដមរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវជំរុញឲ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុណកំណើនទេសចរទៅវិញទៅមក

(វៀងចន្ទន៍)៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អមដោយ លោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ជួបសម្តែងការគួរសមជាមួយលោក គិកែវ ខាយ ខាំភិធូន (Kikeo Khaykhamphithoune) ឧបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
ឧបនាយករដ្ឋមន្រ្តីឡាវបានបង្ហាញពីអារម្មណ៍រំភើបចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តី និងបានរំលឹកលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ លោកនៅតែចាំមិនភ្លេច និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ជំនួយជាវ៉ាក់សាំង សម្ភារពេទ្យ និងថវិកាដល់រដ្ឋាភិបាលឡាវសម្រាប់ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះ ប្រទេសឡាវអាចបើកដូចធម្មតាវិញ។ លោកឧបនាយករដ្ឋមន្រ្តីឯកភាពជាមួយលោករដ្ឋមន្រ្តីក្នុងការតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរតាមរយៈការបើកជើងហោះហើរបន្ថែម និងបានទទួលយកទៅពិនិត្យ ដើម្បីជំរុញឲ្យអាកាសចរឡាវបើកការហោះហើរបន្ថែមមកកាន់កម្ពុជា។
បន្ទាប់ពីបានជំនួបសម្តែងការគួរសមជាមួយឯកឧត្ដម គិកែវ ខាយ ខាំភិធូន រួចមកឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំមន្រ្តីជំនាញជួបប្រជុំទ្វេភាគីជាមួយលោកសជំទាវ សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ដើម្បីពិភាក្សាលើសក្តានុពលក្នុងការជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទីបី និងពិនិត្យលើលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្រ្តីទេសចរណ៍កម្ពុជា-ឡាវលើកទី២ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ផងដែរ។
ជាលទ្ធផល រដ្ឋមន្រ្តីទេសចរណ៍នៃប្រទេសទាំងពីរបានពិនិត្យឃើញដូចគ្នានូវសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំងពីរ ដែលជាកាតាលិករសម្រាប់ទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងតំបន់។
រដ្ឋមន្រ្តីទាំងពីរយល់ស្របគ្នាក្នុងការជំរុញឲ្យឧត្តមមន្រ្តីទេសចរណ៍នៃប្រទេសទាំងពីរពិនិត្យលើការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ប្រទេសកម្ពុជាប្រើប្រាស់ផ្លូវល្បឿនលឿនមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា និងអាចឲ្យទេសចរកម្ពុជាអាចកំសាន្តតាមរថភ្លើងល្បឿនលឿនរបស់ឡាវពីទីក្រុងវៀងចន្ទន៍ទៅតំបន់ទាក់ទាញផ្សេងៗរបស់ឡាវ ជាពិសេសថែមទៀតនោះ គឺការជំរុញលំហូរទេសចរចិន និងប្រទេសទីបីផ្សេងទៀតមក ប្រទេសទាំងពីរតាមរយៈសក្តានុពលនៃរថភ្លើងល្បឿនលឿនរបស់ឡាវ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។ ទាក់ទងនឹងការហោះ ហើរ ភាគីកម្ពុជាស្វាគមន៍ និងត្រៀមពិនិត្យសម្រួលផ្តល់គោលនយោបាយ ពិសេសក្នុងការហោះហើរវៀងចន្ទន៍ ភ្នំពេញ ក្រុងព្រះសីហនុ ឬអាចសុំសិទ្ធនិងគោលនយោបាយ ពិេសសផ្សេងទៀតតាមការស្នើសុំរបស់មិត្តឡាវ។
បន្ថែមលើនេះ រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដូចជា កម្មវិធីជិះកង់កម្ពុជា-ឡាវ ម៉ារ៉ាតុន ពិព័រណ៍ម្ហូបអាហារ ដើម្បីអបអរសាទរខួប ៦៧ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ និងប្រើប្រាស់ឱកាសនៃការរៀបចំព្រឹត្តិការណ៍កម្មវិធីស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងឆ្នាំ២០២៣ ឆ្នាំទស្សនាកម្ពុជា ២០២៣ និងវេទិកាទេសចរណ៍អាស៊ាន ២០២៤ នៅប្រទេសឡាវ ដើម្បីទាក់ទាញលំហូរទេសចរមក កាន់ប្រទេសទាំងពីរ។
គួរបញ្ជាក់ផងដែរថា នាអំឡុងពេលនៃកិច្ចប្រជុំនេះ ក៏មានកិច្ចប្រជុំរវាងវិស័យឯកជននៃប្រទេសទាំងពីរដើម្បីពិនិត្យលើការរៀបចំកញ្ចប់ទេសចរណ៍រួម តភ្ជាប់ទំនាក់ទំនងធុរកិច្ចទេសចរណ៍៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.