ឯកអគ្គរដ្ឋទូតគុយបាសន្យាចំពោះឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន នឹងជំរុញឱ្យមានទេសចរ និងវិនិយោគិនមកកម្ពុជាបន្ថែម ក្រោយវិបត្តិ Covid-19 រសាយបាត់

(ភ្នំពេញ)៖ ស្ថានទូតគុយបាប្រចាំរាជធានីភ្នំពេញ បានបង្ហាញពីការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះវិស័យទេសចរណ៍ក៏ជាវិស័យសំខាន់មួយ ដែលនៅតែបន្តការរីកចម្រើន និងចូលរួមជំរុញការអភិវឌ្ឍសង្គម-
សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង ខណៈវត្តមានភ្ញៀវទេសចរ និងវិនិយោគិនគុយបាក៏មាននៅកម្ពុជាដែរ។

ប៉ុន្តែដូចដែលបានដឹងហើយថា ដោយសារការរីករាលដាលជំងឺ Covid-19 បានធ្វើឱ្យពិភពលោកជួបនូវវិបត្តិធ្ងន់ធ្ងរ ពិសេសវិស័យទេសចរណ៍ក៏រងនូវផលប៉ះពាល់យ៉ាងខ្លាំង។ មិនខុសពីសភាពការណ៍ទូទៅក្នុងពិភពលោកប៉ុន្មានដែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគរបស់គុយបា បានចាកចេញពីប្រទេសកម្ពុជាស្ទើរតែទាំងអស់ ដោយសារតែអ្នកខ្លះក៏ត្រូវផុតទិដ្ឋការ អ្នកខ្លះក៏ចង់ត្រលប់ទៅមាតុភូមិវិញ ស្របពេលនឹងការភ័យខ្លាចការឆ្លងជំងឺ Covid-19, នេះបើតាមលោកស្រី លីយួរកា រ៉ូទ្រីហ្គេស ប៉ារីយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា។

នៅក្នុងកិច្ចពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ លោកស្រី លីយួរកា រ៉ូទ្រីហ្គេស ប៉ារីយ៉ូស បានសន្យាថា ចាំដល់ពេលវិបត្តិជំងឺ Covid-19 រសាយផុតចេញពីពិភពលោក សាធារណរដ្ឋគុយបានឹងបន្តជំរុញឱ្យភ្ញៀវទេសចរ និងអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត។

លោកស្រី លីយួរកា រ៉ូទ្រីហ្គេស បានបញ្ជាក់ថា ភាគីគុយបានៅតែបន្តគាំទ្រ និងពង្រឹងទំនាក់ទំនងល្អជាមួយកម្ពុជា ខណៈឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានបង្ហាញការពេញចិត្តចំពោះទំនាកទំនងមិត្តភាព ដែលប្រទេសទាំងពីរសម្រេចបានកន្លងមក។

ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើទៅកាន់លោកស្រីឯកអគ្គរដ្ឋទូតគុយបា ធ្វើយ៉ាងណាជួយសហការឱ្យមានការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអេស្ប៉ាញរបស់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត ពីព្រោះប្រជាពលរដ្ឋគុយបា និងប្រជាពលរដ្ឋនៅប្រទេសនានាក្នុងទ្វីបអាមេរិកខាងត្បូង (លើកលែងតែប្រេស៊ីល) ភាគច្រើនគឺនិយាយភាសាអេស្ប៉ាញ។

ឯកឧត្ដមបណ្ឌិត ថោង ខុន បានបន្តថា កម្ពុជាក៏ទទួលបានភ្ញៀវទេសចរនិយាយភាសាអេស្ប៉ាញយ៉ាងច្រើនផងដែរ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ៦.៦លាននាក់ ដែលកម្ពុជាទទួលបាននៅឆ្នាំ២០១៩ កន្លងទៅ។

គួរបញ្ជាក់ថា កម្ពុជា និងគុយបាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នារយៈពេល ៦០ ឆ្នាំមកហើយ ខណៈប្រទេសមិត្តទាំងពីរក៏គ្រោងប្រារព្ធទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៦០ នៃទំនាក់ទំនងការទូតរួមគ្នាផងដែរ ប៉ុន្តែត្រូវចាំដល់ស្ថានការណ៍ Covid-19 ធូរស្បើយសិន៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.