ឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិ ពេញចិត្តចំពោះគោលដៅទេសចរណ៍នៅកម្ពុជា ដោយសន្យាផ្សព្វផ្សាយដល់ទេសចរនៅប្រទេសខ្លួនមកលេងឱ្យច្រើន ក្រោយចប់កូវីដ

(ភ្នំពេញ)៖ ទោះបីចប់អាណត្តិបេសកកម្មការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ឯកឧត្តម ម៉ាយឃើល តាន (Michael Tan) នៅតែមិនអស់អាល័យពីទឹកដីកម្ពុជា ដែលសម្បួរទៅដោយគោលដៅទេសចរណ៍ល្អៗគួរជាទីពេញចិត្ត ឯកឧត្តមបានសន្យាថានឹងជួយផ្សព្វផ្សាយទស្សនីយភាពល្អៗទាំងនោះប្រាប់ដល់ភ្ញៀវទេសចរនៅប្រទេសសិង្ហបុរី ដើម្បីជំរុញឱ្យពួកគេបានស្គាល់ និងមកទស្សនាប្រទេសកម្ពុជា ពិសេសនៅពេលចប់វិបត្តិជំងឺកូវីដ-១៩។
ការបញ្ជាក់របស់ឯកឧត្តម ម៉ាយឃើល តាន យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមចូលជួបជម្រាបលាឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍ មុនចាកចេញពីកម្ពុជាត្រលប់ទៅសិង្ហបុរីវិញ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យទេសចរណ៍រវាងកម្ពុជា និងសិង្ហបុរី ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម ម៉ាយឃើល តាន និងបានសម្ដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំទាំងនោះ។
ឯកឧត្តមបានបន្តថា នៅក្នុងអាណត្តិការងារនេះ សិង្ហបុរីបានជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ដោយបានបង្កើតឱ្យមានមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (Cambodia-Singapore Cooperation Center) ក្នុងនោះមានមន្ត្រីរាជការ និងនិស្សិតកម្ពុជាបានទៅចូលរួមទទួលការបណ្ដុះបណ្ដាលបានជាច្រើនផងដែរ។
ជាមួយគ្នានោះ ស្ថានទូតសិង្ហបុរី និងក្រសួងទេសចរណ៍ក៏បានផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍ Street Art Fistival នៅរាជធានីភ្នំពេញ ដែលបានបង្ហាញពីគោលដៅទេសចរណ៍ និងម្ហូបអាហាររបស់កម្ពុជាផងដែរ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កេតឃើញមានភ្ញៀវទេសចរមកពីសិង្ហបុរីមានការកើនឡើង នៅមុនពេលមានបញ្ហាជំងឺកូវីដ ហើយពីកម្ពុជាទៅកាន់សិង្ហបុរីក៏មានការកើនឡើងច្រើន រួមទាំងអ្នកវិនិយោគផងដែរ។
ឯកឧត្តម ម៉ាយឃើល បានបញ្ជាក់ថា ឯកឧត្តមបានធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ជាច្រើននៅកម្ពុជា ដូចជានៅខេត្តមណ្ឌលគិរី ខេត្តសៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍ជាដើម ពោលគឺឯកឧត្តមពិតជាជក់ចិត្តចំពោះទស្សនីយភាពទេសចរណ៍ទាំងនោះខ្លាំងណាស់។
ឯកឧត្តមបានសន្យាថា នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍ទាំងនោះ ទៅកាន់ភ្ញៀវទេសចរនៅប្រទេសសិង្ហបុរីរបស់ឯកឧត្តម ដើម្បីឱ្យពួកគេបានស្គាល់ពីកម្ពុជាកាន់តែច្រើន និងជំរុញឱ្យមានការមកទស្សនានៅពេលវិបត្តិជំងឺកូវីដត្រូវបានបញ្ចប់។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់មិត្តសិង្ហបុរីរូបនេះ ជួយទាក់ទាញអ្នកវិនិយោគរបស់ខ្លួនឱ្យមកវិនិយោគទុននៅកម្ពុជាឱ្យបានច្រើន ពិសេសលើវិស័យទេសចរណ៍។
ក្រសួងទេសចរណ៍ក៏បានស្នើដល់សិង្ហបុរីជួយឧបត្ថម្ភគាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញទេសចរណ៍កម្ពុជា ស្របតាមកម្មវិធីសិក្សាអាស៊ាន ដែលរដ្ឋាភិបាលសិង្ហបុរីធ្លាប់ជួយគាំទ្រអាស៊ានកន្លងមក។ ព្រមជាមួយនោះ កម្ពុជានឹងសហការជាមួយសិង្ហបុរី ដើម្បីសិក្សារៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.