ឯកឧត្ដមរដ្ឋមន្រ្ដីទេសចរណ៍សង្ឃឹមថាភ្ញៀវទេសចរនឹងដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ទោះបីជាសាំងឡើងថ្លៃក្តី
(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានបង្ហាញនូវការរំពឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នឹងមានភ្ញៀវទេចរដើរកម្សាន្តច្រើន ទោះបីជាតម្លៃសាំងឡើងថ្លៃក្ដី។
ឯកឧត្ដមបន្តថា ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនៅតែមាន ជាក់ស្ដែងបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ក្នុងខេត្តធំៗមាន សៀមរាប, ព្រះសីហនុ និងតំបន់ឆ្នេរ គិតត្រឹមពេលនេះ មានការកក់ស្នាក់នៅជាបន្ដបន្ទាប់។ ការឲ្យដឹងរបស់លោករដ្ឋមន្រ្ដី ថោង ខុន ធ្វើឡើងក្នុងសន្នីសីទសារព័ត៌មាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
ឯកឧត្ដម ថោង ខុន បានថ្លែងថា «ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ នឹងមានភ្ញៀវទេសចរដើរកម្សាន្តច្រើន ទោះបីជាសាំងឡើងថ្លៃក៏ដោយ ប្រជាពលរដ្ឋនឹងសន្សំសំចៃ ដោយប្ដូរឥរិយាបទ ក្នុងការប្រើប្រាស់រថយន្ដដើរកម្សាន្តជាក្រុម ដើម្បីកាត់បន្ថយថ្លៃធ្វើដំណើរ។ ជាក់ស្ដែងគិតត្រឹមថ្ងៃនេះ មានការកក់សណ្ឋាគារជាច្រើនមានក្នុងខេត្តសៀមរាប, មណ្ឌលគីរី, ក្រុងព្រះសីហនុ និងតំបន់ឆ្នេរជាដើម»។
ឯកឧត្ដមបានបន្ថែមថា ក្នុងឱកាសបុណ្យចូលឆ្នាំខែ្មរសង្ឃឹមថា ប្រជាពលដ្ឋនឹងសប្បាយរីករាយត្រៀមខ្លួនដើរលេង ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ក្នុងនោះក្រសួងក៏មានការណែនាំស្ដីពី ការត្រៀមរៀបចំទទួលភ្ញៀវទេសចណ៍ជាតិ និងអន្ដរជាតិ ដោយនឹងរៀបចំកន្លែងកម្សាន្តជូនបងប្អូនឲ្យបានល្អ មានសុវត្ថិភាព, អនាម័យ, គុណភាព, សេវាកម្មឲ្យបានល្អ និងពិសេសបំផុតគឺធ្វើយ៉ាងណា ដើម្បីកុំឲ្យមានការឡើងថ្លៃលើផ្នែកសេវាកម្ម និងម្ហូបអាហារ។
ឯកឧត្ដម គង់ សុភារក្ស ប្រធាននាយកដ្ឋានគ្រប់គ្រងស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា
«តាមរបាយការណ៍ស្ថិតិទេសចរត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុបចំនួន១៥១.៦៨០នាក់កើនឡើង១១៤ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី១ឆ្នាំ២០២១។ ក្នុងនោះតាមផ្លូវអាកាសមានចំនួន៨៦.៥៨៨នាក់កើនឡើង១៥៨.២ភាគរយ,ផ្លូវគោកមានចំនួន៦៣.០៤៨នាក់ កើនឡើង៦៨.៧ភាគរយ និងផ្លូវទឹកមាន២.០៤៤នាក់»។
ឯកឧត្ដមបានបន្តថា ចំពោះស្ថានភាពជើងហោះហើរសរុបមានចំនួន១,១៨១ជើង ក្នុងនោះមាន៖
* ទីក្រុងភ្នំពេញមានចំនួន ១ ០១២ជើង។
* ខេត្តសៀមរាបមានចំនួន ១៤៤ជើង។
*ខេត្តព្រះសីហនុមានចំនួន ៥៥ជើង៕