ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទីពីរនៃខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៧ ម៉ឺននាក់
(ភ្នំពេញ)៖ ក្នុងថ្ងៃចុងសប្តាហ៍ទីពីរ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៦៩,៩៣៧ នាក់ ក្នុងនោះភ្ញៀវជាតិ ៦៨,៧៧០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,១៦៧ នាក់។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានសប្រសាសន៍ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១
នេះ។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ៖ ១៩,៨៦៨ នាក់
* ខេត្តកំពត៖ ១០,០២៤ នាក់
* ខេត្តព្រះសីហនុ៖ ៧,៧១២ នាក់
* ខេត្តកំពង់ស្ពឺ៖ ៦,២៥២ នាក់
* ខេត្តបាត់ដំបង ៖ ៥,៥៨៨ នាក់
* ខេត្តកណ្តាល៖ ៤,៤០៩ នាក់។
ចំនួននេះមានការថយចុះប្រមាណ ៥.២៣% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦២.១៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
ការបន្តថយចុះបន្តិចនៃចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមកនេះ ដោយសារការរឹតបន្តឹងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍មួយចំនួន ដែលប្រឈមហានិភ័យនៃការកើនឡើងជំងឺកូវីដ-១៩។
ក្នុងន័យនេះ រដ្ឋបាលរាជធានី-ខេត្តបានអនុញ្ញាតឱ្យភ្ញៀវ និងប្រជាពលរដ្ឋធ្វើដំណើរក្នុងក្រុងធម្មតា លើកលែងតែតំបន់ហាមឃាត់មួយចំនួនតូចដែលប្រឈមហានិភ័យនៃអត្រាឆ្លងកូវីដ-១៩ខ្ពស់ ប៉ុន្តែគោលដៅទេសចរណ៍តំបន់ឆ្នេរ រួមជាមួយគោលដៅអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៅតែជាគោលដៅសំខាន់សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុង។
ដោយឡែក នៅតាមគោលដៅទេសចរណ៍នានា ភ្ញៀវទេសចរមានការចូលរួមអនុវត្តបានត្រឹមត្រូវភាគច្រើននូវវិធានសុវត្ថិភាពទេសចរណ៍ និងវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការរក្សាគម្លាត និងការប្រមូលផ្តុំតែក្នុងទ្រង់ទ្រាយតូចក្នុងចំណោមសមាជិកគ្រួសារជាដើម៕