ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ណែនាំការងារមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីទទួលទេសចរអន្តរជាតិ បានចាក់វ៉ាក់សាំងពេញលេញ
(សៀមរាប)៖ ដើម្បីឱ្យការបើកទទួលភ្ញៀវទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិ ជំងឺកូវីដ-១៩ បានដាក់ចេញអនុសាសន៍ណែនាំដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញអនុសាសន៍ដូចនេះនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា» ដោយមានការចូលរួមពីឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានអនុគណៈកម្មការ គ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក, ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប មន្ត្រីជំនាញក្រសួងសុខាភិបាល រួមទាំងផ្នែកឯកជនក្នុងវិស័យ ទេសចរណ៍ និងផ្នែកពាក់ព័ន្ធមួយចំនួនដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ នៅសណ្ឋាគារសុខា សៀមរាប ខេត្តសៀមរាប។
អនុសាសន៍ណែនាំរបស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន រួមមាន៖
ទី១៖ សម្រាប់រដ្ឋបាលខេត្តសៀមរាប៖ បន្តពង្រឹងឆ្លើយតបសមត្ថភាពព្យាបាល និងគ្រប់គ្រងហានិភ័យនៅតាមមូលដ្ឋាន, ពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ រួមមាន៖ រមណីយដ្ឋានទេសចរណ៍, សហគមន៍ទេសចរណ៍, ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍, សេវាកម្មស្នាក់នៅទេសចរណ៍, ដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក, ដឹកជញ្ជូនទេសចរណ៍ផ្លូវគោក, ការីទេសចរណ៍ក្នុងស្រុក និងមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត, កីឡាទេសចរណ៍, សេវាកម្មមណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ (បៀហ្គាឌិន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក), សេវាកម្មស្ប៉ា និងម៉ាស្សា, សេវាកម្មម៉ាយ(MICE) បន្ទប់ប្រជុំ, ព្រឹត្តិការណ៍ទេសចរណ៍ និងការីទេសចរណ៍នាំភ្ញៀវចូល និងសេវាកម្មផ្សេងៗទៀត ឱ្យស្របនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ដែលមានជាធរមាន (ដោយឡែកចំពោះ ខារ៉ាអូខេ រង្គសាល ឌីស្កូទែក រង់ចាំក្រោយ ថ្ងៃទី៣០ ខែវិច្ឆិកា ២០២១)។
ទី២៖ សម្រាប់វិស័យឯកជន៖ ប្រតិបត្តិករទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវត្រៀមខ្លួនសម្របគំរូអាជីវកម្មតាមគន្លងប្រក្រតីភាពថ្មី ដោយត្រូវចូលរួមអនុវត្តឱ្យបានហ្មត់ចត់នូវវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដា SOP នានារបស់ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធ, អនុវត្តនូវទស្សនទាន «IBEST» នៅគ្រប់កោសិកានៃខ្សែច្រវាក់ផ្គត់ផ្គង់នៃវិស័យទេសចរណ៍កម្ពុជា និងចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការផ្សព្វផ្សាយទាំងក្នុងប្រទេស និងទៅក្រៅប្រទេសពិសេសដល់ប្រភពទីផ្សារទេសចរណ៍អន្តរជាតិសំខាន់ៗរបស់កម្ពុជា។
ទី៣៖ សម្រាប់ច្រកទ្វារចេញ-ចូលអន្តរជាតិ៖ ត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី គ្រប់ច្រកទ្វារចេញ-ចូលប្រទេស ជាពិសេសអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។
ទី៤៖ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាសពីប្រទេសដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការបើកទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាព។
ទី៥៖ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ៖ ប្រជាពលរដ្ឋនៅតាមរាជធានី-ខេត្ត ត្រូវចូលរួមអនុវត្តតាមវិធានការ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងស្តារសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាព ដោយត្រូវបន្តចូលរួមចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញ និងចូលរួមអនុវត្តតាមវិធាន «៣ការពារ និង៣កុំ» វិធានសុខាភិបាល វិធាន SOP របស់ក្រសួងទេសចរណ៍វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានហ្មត់ចត់។
ជាមួយគ្នានោះលោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ មោះមុត និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រយុទ្ធយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ តាមរយៈការដាក់ចេញជាបន្តបន្ទាប់នូវច្បាប់, បទប្បញ្ញតិ្ត, វិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធានការផ្សេងៗទៀត ពិសេសការបន្តបន្តចាក់វ៉ាក់សាំង ដូស ជំរូញ និងចាក់ដល់ក្មេងអាយុ ៥ឆ្នាំថែមទៀត។
តាមរយៈវិធានការនានាដែលបានដាក់ចេញទាន់ពេល ព្រមជាមួយសន្ទស្សន៍យ៉ាងល្អនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូលមូលដ្ឋានពេញលេញ ដូសជំរុញ និងដល់កុមារ ៥ឆ្នាំ កម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ បានល្អប្រសើរ និងជួយសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ដូចជាពាណិជ្ជកម្មក្នុងស្រុក និងអាជីវកម្មនានាឱ្យមានដំណើរការល្អ ក៏ដូចជាជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋទូទៅ។
ឯកឧត្ដម ទៀ សីហា បានឱ្យដឹងដែរថា ដើម្បីឱ្យខេត្តសៀមរាបស័ក្តិសមជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់របស់កម្ពុជា អាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនាកម្សាន្តបានកាន់តែច្រើន រដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា រដ្ឋបាលក្រុងសៀមរាប និងមន្ទីរ-អង្គភាពជំនាញ កំពុងជម្រុញ និងយកចិត្តទុកដាក់លើការ កែលម្អសោភ័ណភាពក្នុងក្រុងឱ្យបានកាន់តែល្អប្រសើរ ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធការបំពាក់ប្រព័ន្ធបំភ្លឺសាធារណៈ ការរៀបចំប្រព័ន្ធបណ្តាញលូទឹកភ្លៀង និងទឹកកខ្វក់ ភ្លើងសញ្ញាចរាចរណ៍ កាមេរ៉ាសុវត្ថិភាព និងការដាំដើមឈើ ការរៀបចំសួនច្បារ ការដាក់ឈ្មោះផ្លូវ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការរៀបចំ កែលម្អនៅតាមតំបន់រមណីយដ្ឋានអង្គរ។
រដ្ឋបាលខេត្តសៀមរាប កំពុងសិក្សានិងរៀបចំទីក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃអាស៊ាន ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ការងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) ដើម្បីរៀបចំផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃក្រុងសៀមរាប ដោយផ្តោតទៅលើការដោះស្រាយនូវវិស័យចំនួន៤គឺ វិស័យទេសចរណ៍ឆ្លាតវៃ, វិស័យចល័តឆ្លាតវៃ, វិស័យសន្តិសុខឆ្លាតវៃ និងវិស័យគ្រប់គ្រងសំណល់ឆ្លាតវៃ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានប្រគល់ឯកសារមួយចំនួន និងម៉ាស់ចំនួន២០ម៉ឺនជូនរដ្ឋបាលខេត្តសៀមរាប ដែលជាជំនួយរបស់ក្រុមហ៊ុន Wonderpass Technology។
សូមបញ្ជាក់ដែរថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរួច ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យមើលការរៀបចំព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប, មន្ទីរពិសោធន៍តេស្តសំណាកកូវីដ១៩ ( PCR) នៅក្នុងមន្ទីពេទ្យបង្អែកខេត្តសៀមរាប និងបានចុះត្រួតពិនិត្យមើលការរៀបចំវិធានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរចូលទស្សនា ប្រាសាទអង្គរវត្តផងដែរ៕