ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង គឺដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ

(ភ្នំពេញ)៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានថ្លែងបញ្ជាក់ថា គោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងអាចចាប់យកកាលានុវត្តភាពពីវិបត្តិកូវីដ១៩ សំដៅប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងចីរភាព ព្រមទាំងផ្តល់ផ្លែផ្កាចូលរួមទ្រទ្រង់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចផងដែរ។
ការលើកឡើងដូចនេះរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយការដាក់ឱ្យអនុវត្ត «គោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃ» នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដែលបានធ្វើឡើង តាមប្រព័ន្ធវីដេអូពីចម្ងាយ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ រៀបចំឡើងដោយឈរលើគោលការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង នឹងផ្តោតសំខាន់ទៅលើការបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបានទូទាំងប្រទេសប្រកបដោយសុវត្ថិភាព សំដៅពង្រឹងបន្ថែមទៀតនូវស្មារតីស្នេហាជាតិ ស្របតាមទិសស្លោក «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី»។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា គិតមកដល់បច្ចុប្បន្ននេះ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងបានល្អប្រសើរ ដោយអត្រានៃការឆ្លង និងអត្រាស្លាប់ស្ថិតនៅកម្រិតទាប។ លទ្ធផលនេះជាមូលដ្ឋានគ្រឹះដ៏ចាំបាច់បំផុត សម្រាប់ការឈានការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ដែលជាផ្នែកដ៏សំខាន់មួយនៃការបើកឱ្យដំណើរការពេញលេញឡើងវិញជាបណ្តើរៗ នូវរាល់សកម្មភាពសង្គម សេដ្ឋកិច្ច ស្របតាមគន្លងប្រក្រតីភាពថ្មី។
ឯកឧត្ដមក៏បានណែនាំដល់ក្រសួងទេសចរណ៍ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជំរុញការវាយតម្លៃទេសចរក្នុងស្រុក ដើម្បីធ្វើយ៉ាងណាធានាបានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងខិតខំរៀបចំគោលដៅទេសចរណ៍នានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានភាពទាក់ទាញ និងសុវត្ថិភាព ស្របតាមវិធីសាស្រ្តនៃការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ជារួមវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ មានចំណុចសំខាន់ៗដូចជា៖
ទី១៖ ការអនុវត្តសម្រេចឱ្យបាននូវវិធានការគោលនយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣នេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ អាស្រ័យលើការប្តេជ្ញាចិត្ត និងការចូលរួមពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងការអនុវត្តស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវរៀងៗខ្លួន។
ទី២៖ ដើម្បីសម្រេចបានកំណើនភ្ញៀវទេសចរផ្ទៃក្នុងឡើងវិញប្រកបដោយជោគជ័យ ចាំបាច់ត្រូវពឹងផ្អែកលើកត្តាកំណត់សំខាន់ៗ ដូចជា ល្បឿននៃការចាក់វ៉ាក់សាំងកូវីដ១៩ ស្ថានភាពនៃការគ្រប់គ្រងកូវីដ១៩ ការត្រៀមខ្លួនរបស់អាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី និងកត្តាចិត្តសាស្ត្រ។
ទី៣៖ ដើម្បីធានាថាសកម្មភាពទេសចរណ៍ក្នុងស្រុកអាចមានដំណើរការឡើងវិញ ប្រការសំខាន់បំផុតគឺការបង្កើនទំនុកចិត្តរបស់សាធារណជនក្នុងការសម្រេចចិត្ត ធ្វើដំណើរកម្សាន្ត។ បន្ថែមលើនេះ ភាពងាយស្រួលក្នុងការធ្វើដំណើរ ឬរៀបចំសកម្មភាពកម្សាន្តផ្សេងទៀត ក៏ជាកត្តាចាំបាច់ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក និងការត្រៀមខ្លួនរួចជាស្រេចនៃអាជីវករ-ប្រតិបត្តិករទេសចរណ៍នានា។
ទី៤៖ វិធានការគោលនយោបាយដោយបានដាក់ចេញនូវគោលដៅធំៗចំនួន៥ រួមមាន៖
* ការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់របស់ភ្ញៀវទេសចរផ្ទៃក្នុង តាមរយៈការរៀបចំផែនការ និងគ្រប់គ្រងគោលដៅទេសចរណ៍ក្នុងស្រុក ដែលមានសុវត្ថិភាពនៅតាមរាជធានី-ខេត្ត។
* ការជំរុញដំណើរការឡើងវិញរបស់អាជីវកម្ម-ប្រតិបត្តិករទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី តាមរយៈការបន្តអនុវត្តការគាំទ្រហិរញ្ញប្បទានលើកទឹកចិត្ត និងសិក្សារៀបចំវិធានការទ្រទ្រង់ថ្មីៗ និងរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញទេសចរណ៍។
* ការបង្កលក្ខណៈងាយស្រួលដល់ចលនាទេសចរណ៍ផ្ទៃក្នុង រួមមានអាជីវកម្ម-ប្រតិបត្តិករទេសចរណ៍ ភ្ញៀវទេសចរជាតិ-ភ្ញៀវបរទេសផ្ទៃក្នុង
* អភិវឌ្ឍន៍ផលិតផលទេសចរណ៍បម្រើឱ្យចលនាទេសចរណ៍ផ្ទៃក្នុង តាមរយៈការបន្តខិតខំរៀបចំ និងបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗ ទាក់ទាញចលនាទេសចរណ៍ផ្ទៃក្នុងនៅតាមប៉ូលសំខាន់ៗ។
* ការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងជាសាធារណៈ តាមរយៈការដាក់ចេញយុទ្ធសាស្រ្តលើកកម្ពស់ការយល់ដឹងជាសាធារណៈនៅក្នុងក្របខណ្ឌនៃយុទ្ធនាការ «ទស្សនាស្រុកយើង» ក្រោមស្មារតី «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី»៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.