ឯកឧត្តម ថោង ខុន ជឿជាក់ថាព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនឹងបង្កើនការទាក់ទាញទេសចរ និងអ្នកវិនិយោគឱ្យមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជាថែមទៀត

ឯកឧត្តម ថោង ខុន ជឿជាក់ថាព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនឹងបង្កើនការទាក់ទាញទេសចរ និងអ្នកវិនិយោគឱ្យមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជាថែមទៀត

(កោះកុង)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ ឆ្នាំ២០២០ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤-០៦ ខែមករានេះ នឹងជួយបង្កើនការផ្សព្វផ្សាយពីផលិតផលទេសចរណ៍ សក្ដានុពលទេសចរណ៍ ក៏ដូចជាបង្កើនភាពទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជាកាន់តែច្រើន ខណៈតំបន់ឆ្នេរសមុទ្រកម្ពុជាក៏កំពុងមានការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ។

ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ ឆ្នាំ២០២០ នៅតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង នារសៀលថ្ងៃទី០៣ ខែមករា។

ឯកឧត្តមបានបង្ហាញពីគោលបំណង និងអត្ថប្រយោជន៍មួយចំនួនដែលកម្ពុជារំពឹងទទួលបាន តាមរយៈការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំលំដាប់ថ្នាក់ពិភពលោកមួយនេះ ក្នុងនោះរួមមាន៖

* គោលបំណងទី១៖ ដោយផ្ដើមចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ក៏បានក្លាយជាសសរទ្រូងមួយដ៏ចម្បងនៃខឿនសេដ្ឋកិច្ចកម្ពុជា។

បច្ចុប្បន្នតំបន់ឆ្នេរសមុទ្រកម្ពុជាបានក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពល និងមានភាពទាក់ទាញសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍ និងសម្រាប់ភ្ញៀវទេសចរសម្រាកកម្សាន្ត ដែលពោរពេញទៅដោយផលិតផលទេសចរណ៍ដ៏សម្បូរបែប ពិសេសឆ្នេរខ្សាច់ កោះ ធនធានក្រោមសមុទ្រ តំបន់អេកូទេសចរណ៍ និងតំបន់វប្បធម៌-បេតិកភណ្ឌជាដើម។

ឯកឧត្តម ថោង ខុន បានសង្កត់ធ្ងន់ថា «ការរៀបចំព្រឹត្តិការណ៍កីឡាប្រណាំងកង់ពិភពលោកនេះ ក៏នឹងចូលរួមបង្ហាញពីការរីកចម្រើនរបស់កម្ពុជាដែលជាសមិទ្ធផលនៃសន្តិភាពផងដែរ»។

* គោលបំណងទី២៖ ដើម្បីបង្កើនការផ្សព្វផ្សាយពីផលិតផលទេសចរណ៍ សក្ដានុពលទេសចរណ៍ ក៏ដូចជាបង្កើនភាពទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជាកាន់តែច្រើន។ ព្រឹត្តិការណ៍នេះក៏អាចនឹងក្លាយជាយន្តការដ៏មានប្រសិទ្ធភាពប្រកបដោយភាពច្នៃប្រឌិត ស្របនឹងទីផ្សារបែបទំនើបនាពេលបច្ចុប្បន្ន។

* គោលបំណងទី៣៖ គឺដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាជួយពង្រឹងសមត្ថភាពដល់សហព័ន្ធទោចក្រយានកម្ពុជា ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ និងសម្រាប់សម្រាប់ព្រឹត្តិការណ៍នានានៅថ្ងៃអនាគតផងដែរ។

ពិសេសលើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានផ្ដល់ជាអនុសាសន៍សម្រាប់សហព័ន្ធទោចក្រយានកម្ពុជាផងដែរថា នេះជាឱកាសមួយដ៏ល្អសម្រាប់សហព័ន្ធទោចក្រយានកម្ពុជា ត្រូវចាប់យកបទពិសោធន៍ដ៏ល្អ ព្រោះការរៀបចំគឺមានកិច្ចសហការល្អពីសហព័ន្ធប្រណាំងកង់អន្តរជាតិ ហើយក៏មានការចូលរួមត្រួតពិនិត្យពីលោក វ៉ែនណេ ហ្វូម៉ារីអូ (Wayne Pomari) ប្រធានស្នងការគ្រប់គ្រងព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ជាមួយលោក ប្រ៊ុយណូ ប៊ូដាដ (Bruno Bodard) អគ្គនាយកក្លឹបឆ្នេរស្អាតជាងគេបំផុតលើពិភពលោកផងដែរ។

សូមជម្រាបថា នាថ្ងៃទី០៤ ខែមករានេះ ក្បួនប្រណាំងកង់ពិភពលោកនឹងចេញដំណើរពីរមណីយដ្ឋានតារាសាគរឆ្ពោះទៅក្រុងខេមរភូមិន្ទ (ទីរួមខេត្តកោះកុង) ដែលមានចម្ងាយសរុបប្រមាណ ១៥៣.៥គីឡូម៉ែត្រ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.