ឯកឧត្តម ថោង ខុន អញ្ជើញបិទវេទិកាជាតិអេកូទេសចរណ៍លើកទី១ និងដាក់ចេញទិសដៅអនុវត្ត ០៥ចំនុច ដល់អង្គវេទិកា

ឯកឧត្តម ថោង ខុន អញ្ជើញបិទវេទិកាជាតិអេកូទេសចរណ៍លើកទី១ និងដាក់ចេញទិសដៅអនុវត្ត ០៥ចំនុច ដល់អង្គវេទិកា

(ភ្នំពេញ)៖ ក្នុងពិធីបិទវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយឲពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារហ្គាដិនស៊ីធី ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើការបូកសរុប និងដាក់ចេញនូវទិសដៅអនុវត្តបន្តមួយចំនួនដូចខាងក្រោម៖

-ទី១៖ ខ្ញុំសូមស្នើឲ្យអង្គវេទិកាទាំងមូល ទាំងស្ថាប័នរដ្ឋ ឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ សូមយកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង៨ចំណុច របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនាឱកាសបើកវេទិកាយកទៅពិចារណាអនុវត្តឲ្យបានម៉ត់ចត់ ដើម្បីជំរុញការអភិវឌ្ឍសហគមន៍នៅតាមមូលដ្ឋាន ក្នុងករណីចាំបាច់ សូមរាយការណ៍ទៅស្ថាប័នរៀងៗខ្លួន ដើម្បីរិះរកវិធីដោះស្រាយជារួម។

-ទី២៖ ជាមួយនឹងការដាក់ឲ្យអនុវត្តនូវគោលនយោបាយជាតិអេកូទេសចរណ៍ និងការដាក់ចេញនូវសេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍសហគមន៍ និងអេកូទេសចរណ៍ ខ្ញុំសូមស្នើឲ្យអង្គវេទិកា ជាពិសេសជំនាញពាក់ព័ន្ធខាងវិស័យទេសចរណ៍ បរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈអភិបាលរាជធានី-ខេត្ត សូមយកស្មារតីនៃឯកសារគោលទាំងពីរទៅអនុវត្ត ដោយឈរលើស្មារតីរួមមួយជាក់លាក់ គឺជួយអភិវឌ្ឍសហគមន៍ទៅតាមជំនាញរៀងៗខ្លួន ពិសេសបង្កលក្ខណៈងាយស្រួយក្នុងការបញ្ចូលសកម្មភាពទេសចរណ៍ ទៅក្នុងសហគមន៍ដែលមានសក្តានុពល និងបន្តជួយសហគមន៍ដែលមានស្រាប់ បើទោះបីជាសហគមន៍នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង-ស្ថាប័នណាក៏ដោយ។

-ទី៣៖ ដើម្បីជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធ ខ្ញុំសូមស្នើឲ្យដៃគូអភិវឌ្ឍដែលធ្វើការពាក់ព័ន្ធនឹងសហគមន៍ ជាពិសេសអង្គការជាតិ និងអន្តរជាតិដែលមានវត្តមានក្នុងអង្គវេទិកា ចូលរួមកាន់តែសកម្មថែមទៀតជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងស្នើឲ្យមានជំនួបជាទៀងទាត់រវាងក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធខាងលើ បន្ថែមពីលើកិច្ចប្រជុំរបស់ក្របខណ្ឌក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដោយលទ្ធផលនៃជំនួបទាំងនេះ នឹងត្រូវយកមកពិភាក្សានាវេទិកាជាតិលើកទី២ នៅឆ្នាំក្រោយទៀត។

-ទី៤៖ ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជន ជាពិសេសក្រុមហ៊ុនទេសចរណ៍ សមាគម CATA, PATA ធ្វើការរៀបចំកញ្ចប់ទស្សនកិច្ច និងនាំភ្ញៀវទេសចរបន្ថែមទៀតទៅកាន់គោលដៅសហគមន៍ បើទោះបីជាសេវានៅសហគមន៍នៅមិនទាន់អាចឆ្លើយតបស្តង់ដាពេញលេញរបស់ភ្ញៀវទេសចរក៏ដោយ។

-ទី៥៖ លេខាធិការដ្ឋានក្រុមការងារអន្តរក្រសួង ត្រូវធ្វើរបាយការណ៍លទ្ធផលអំពីអង្គវេទិកានេះជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីលើកឡើងអំពីលទ្ធផលនៃអង្គវេទិកា និងស្នើសុំជាជម្រើសដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលសហគមន៍បានកំពុងជួបប្រទះ ក៏ដូចជាដើម្បីតាមដានការអនុវត្តការងារ សម្រាប់វេទិកាជាតិលើកទី២ នៅឆ្នាំក្រោយ៕