ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ប្រកាសថា ផ្អែកលើការគ្រប់គ្រងចរន្តភ្ញៀវទេសចរនាពេលបុណ្យអុំទូកនេះ កម្ពុជាអាចទទួលទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចបានហើយ

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការវាយតម្លៃលើការគ្រប់គ្រងចរន្តភ្ញៀវទេសចរនាឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ ហើយក៏បានប្រកាសថា ផ្អែកលើការគ្រប់គ្រងចរន្តភ្ញៀវទេសចរនាពេលបុណ្យអុំទូកនេះគឺមានភាពល្អប្រសើរច្រើន និងអាចចាត់ទុកថាជាបុរេលក្ខខណ្ឌមួយដ៏សំខាន់ក្នុងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួច។
នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្ដម ថោង ខុន បានឱ្យដឹងថា ចំពោះឥរិយាបថភ្ញៀវទេសចរក៏មានប្រែប្រួលខ្លះដែរធៀបនឹងពេលកន្លងមក ដោយក្នុងនោះពួកគាត់មួយចំនួនបានងាកមកប្រើប្រាស់សេវារបស់មូលដ្ឋានអាជីវកម្ម ដូចជាការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ និងសណ្ឋាគារធម្មតា ផ្ទះសំណាក់ ដែលបានធ្វើឲ្យអត្រាកក់បន្ទប់ស្នាក់នៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗមានកម្រិតខ្ពស់ និងការចូលទទួលទានអាហារដោយផ្ទាល់នៅតាមបណ្តាអាហារដ្ឋាន និងភោជនីយដ្ឋានក៏មានការកើនឡើង ខណៈដែលនាពេលកន្លងមកពួកគាត់ច្រើនតែត្រៀមសម្ភារៈ និងម្ហូបអាហារដាក់តាមខ្លួនច្រើនជាងចូលទទួលទានផ្ទាល់នៅក្នុងហាង។
ឯកឧត្ដមបានបញ្ជាក់ថា កត្តាទាំងអស់នេះ សបញ្ជាក់ឲ្យឃើញនូវដំណើរត្រលប់ទៅរកប្រក្រតីភាពថ្មី និងធ្វើឲ្យមានចរន្តសេដ្ឋកិច្ចមានដំណើរការឡើងវិញ ពិសេសសម្រាប់មូលដ្ឋានអាជីវកម្ម និងវិស័យឯកជន ដែលបានផ្អាកសកម្មភាពនាពេលកន្លងមក។ ចំនួនភ្ញៀវទេសចរដ៏ច្រើននេះ ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងផ្តល់ជាប្រាក់ចំណូល និងក្តីសង្ឃឹមសម្រាប់វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ។
ឯកឧត្ដមបានកត់សម្គាល់ឃើញថា រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានខិតខំក្នុងការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងវិធានការ «៣កុំ និង ៣ការពារ» ក្នុងការទប់ស្កាត់កូវីដ-១៩ ដោយចាត់ក្រុមការងារជំនាញចុះអប់រំណែនាំផ្ទាល់ដល់គ្រប់មូលដ្ឋានអាជីវកម្ម ខណៈដែលបុគ្គលិកបម្រើការក៏ទទួលបានការចាក់វ៉ាក់សាំងពេញលេញផងដែរ។
ចំពោះភ្ញៀវទេសចរ លោកសង្កេតឃើញជារួមថា ពួកគាត់មានរីករាយ និងហាក់មានអារម្មណ៍ធូរស្រាលក្នុងចិត្តក្នុងការដើរកម្សាន្តបានពេញលេញ ពិសេសក្រោយពេលដែលបានចាក់វ៉ាក់សាំងបានពេញលេញ និងស្ថានភាពទូទៅកំពុងត្រលប់ទៅរកប្រក្រតីភាពថ្មីជាបណ្តើរៗ។
ឯកឧត្ដម ថោង ខុន បានបន្តរាយការណ៍ថា គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត កងកម្លាំងមានសមត្ថកិច្ច ពិតជាបានខិតខំក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ស្របពេលចរន្តភ្ញៀវទេសចរមានភាពផុសផុលនៅគ្រប់រាជធានី-ខេត្ត។
ជាការវាយតម្លៃជាបឋមរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍
«ការគ្រប់គ្រងចរន្តភ្ញៀវទេសចរនាឱកាសព្រះរាជពិធីបុណ្យអុំទូកនេះមានភាពល្អប្រសើរច្រើន និងអាចចាត់ទុកថាជាបុរេលក្ខខណ្ឌមួយដ៏សំខាន់ក្នុងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួច»។
ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ក្រសួងទេសចរណ៍បានប្ដេជ្ញាបន្តខិតខំពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP និងវិធានការចាំបាច់នានា ដើម្បីជំរុញលើកស្ទួយវិស័យទេសចរណ៍ក្នុងគន្លងប្រក្រតីភាពថ្មីនៃជំងឺកូវីដ១៩៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.