៨ខែដើមឆ្នាំនេះ កម្ពុជាទទួលភ្ញៀវទេសចរជាង៤លាននាក់កើនឡើង១០.៤% ខណៈប្រជាជនកម្ពុជាជាង១លាននាក់ទៅកម្សាន្តក្រៅប្រទេស

៨ខែដើមឆ្នាំនេះ កម្ពុជាទទួលភ្ញៀវទេសចរជាង៤លាននាក់កើនឡើង១០.៤% ខណៈប្រជាជនកម្ពុជាជាង១លាននាក់ទៅកម្សាន្តក្រៅប្រទេស

(ភ្នំពេញ)៖ តាមរបាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា រយៈពេល៨ខែ ដើមឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាទាំងមូលទទួលបានភ្ញៀវទេសចរមកកម្សាន្តចំនួន ៤,៣៦០,៣៩៧នាក់ កើនឡើង១០.៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ក្នុងនោះ ភ្ញៀវទេសចរចូលតាមផ្លូវអាកាសមានចំនួន ៣,១០៤,៤៨៩នាក់ ស្មើនឹង៧១.២% នៃចំនួនភ្ញៀវសរុប ដែលមានកើន១៦.៦% (ក្នុងនោះ ចូលតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ១,៤២៧,៤៨៧នាក់ កើន១៤.៧%, តាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប ១,១៨៨,២៥៤នាក់ ថយចុះ៩.១% និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុចំនួន ៤៨៨,៧៤៨នាក់ កើនឡើង៣៤៣.៥%)។

ដោយឡែក ភ្ញៀវទេសចរដែលចូលមកតាមផ្លូវគោកមានចំនួន១,១៦០,៧៤៦នាក់ ស្មើនឹង២៦.៦% នៃចំនួនសរុប ថយចុះ២.៩% និងភ្ញៀវទេសចរចូលតាមផ្លូវទឹកមានចំនួន៩៥,១៦២នាក់ ស្មើនឹង២.២% នៃចំនួនសរុប កើនឡើង២.៩%។

ព្រមជាមួយគ្នានេះ ចំនួនភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងដែលទៅទស្សនាតំបន់អាទិភាព នៅក្នុងរយៈ៨ខែ ដើមឆ្នាំនេះដូចជា៖
* តំបន់ភ្នំពេញ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២,៨០៨,៥៦១នាក់ ស្មើនឹង៥៣.៨% នៃចំនួនភ្ញៀវសរុប កើនឡើង២៧.៤%។
* សៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១,៥៥១,៨៣៦នាក់ ស្មើនឹង២៩.២% នៃចំនួនភ្ញៀវសរុប ថយចុះ១១.១%។
* តំបន់ឆ្នេរសមុទ្រ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៨០៤,៥៣៧នាក់ ស្មើនឹង១៥.២% កើនឡើង៣៦.៥%។
* តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥៦,៧២៣នាក់ ស្មើនឹង១.១% កើនឡើង៩.១%។
* តំបន់ប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន៣៦,៩៥៧នាក់ ថយចុះ៣.៣%។

ជាងនេះទៀត នៅ៨ខែ ដើមឆ្នាំនេះ មានទេសចរកម្ពុជា ចេញទៅក្រៅប្រទេសចំនួន ១,៣៤៧,០៦០នាក់ កើនឡើង៤.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់៕