ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ លើកទឹកចិត្តឱ្យនាំផលិតផល ក្នុងស្រុកតាំងលក់ ក្នុងពិព័រណ៍ទេសចរណ៍នានា

(ព្រះសីហនុ)៖ ការនាំយកផលិតផលក្នុងស្រុកដាក់តាំងពិព័រណ៍ និងលក់ជូនភ្ញៀវទេសចរ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ប៉ុន្តែម្ចាស់អាជីវកម្ម ឬម្ចាស់ផលិតផល ក៏ត្រូវគិតអំពីលទ្ធភាពរបស់អតិថិជន និងកំណត់តម្លៃសមរម្យផងដែរ។
នាឱកាសចូលរួមទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ កាលពីសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្តឱ្យនាំយកផលិតផលក្នុងស្រុកទូទាំងប្រទេសកម្ពុជាមកដាក់តាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ជំរុញជីវភាពប្រជាពលរដ្ឋមូលដ្ឋានដែលជាអ្នកផលិត ព្រមទាំងអាចបង្ហាញប្រាប់ភ្ញៀវទេសចរ ឬអ្នកទិញឱ្យបានដឹងពីទីតាំងផលិត ប្រភពដែលជឿទុកចិត្ត និងទីផ្សារលក់ផលិតផលទាំងនោះជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា «ការនាំយកផលិតផលក្នុងស្រុកមកតាំងបង្ហាញជូនភ្ញៀវទេសចរ ជាការចេញចូលនៅនឹងកន្លែង ម្យ៉ាងទៀតភ្ញៀវទេសចរនិងប្រជាពលរដ្ឋមកឃើញ ផលិតផលនៅកន្លែងតាំងពិព័រណ៍ ពួកគាត់នឹងអាចដឹងពីទីតាំងផលិត និងលក់ចែកចាយនៅតាមទីផ្សារផ្សេងទៀត»។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការតាំងពិព័រណ៍ផលិតផល ដែលគាំទ្រដល់វិស័យទេសចរណ៍ គឺជាការបន្ថែមភាពទាក់ទាញមួយកម្រិតទៀត សម្រាប់គោលដៅទេសចរណ៍នីមួយៗ។ គោលដៅទេសចរណ៍ល្អត្រូវមាន ផលិតផលល្អនិងទាក់ទាញ ហើយផលិតផលទាំងនោះ ក៏ត្រូវមានតម្លៃសមស្របដែរ។
អ្វីដែលឯកឧត្តមរដ្ឋមន្ត្រី ចង់ណែនាំទៅកាន់ម្ចាស់អាជីវកម្ម អ្នកផលិត ក៏ដូចជាអ្នករៀបចំពិព័រណ៍ គឺត្រូវគិតអំពីលទ្ធភាពរបស់អតិថិជន។ លោកថា ក្នុងពេលជួបវិបត្តិជំងឺកូវីដ១៩ ប្រាកដជាមានការខាតបង់ខ្លះហើយ ប៉ុន្តែក្រោយពេលកូវីដសូមកុំដំឡើងថ្លៃខ្ពស់ពេក ពីព្រោះដោយហេតុថា ប្រជាពលរដ្ឋភ្ញៀវទេសចរក៏ជួបវិបត្តិដូចម្ចាស់អាជីវកម្មដែរ ដូច្នេះចំណូលរបស់ពួកគេក៏មានកម្រិត ហើយការចាយវាយរបស់ពួកគេ ក៏មិនទាន់ទូលាយ ហេតុនេះហើយប្រសិនបើម្ចាស់អាជីវកម្មដំឡើងថ្លៃខ្ពស់ពេក នោះយើងអាចនឹងបាត់បង់ប្រយោជន៍ទាំងអស់គ្នា។
ឯកឧត្តមសង្កត់ធ្ងន់ថា «ដើម្បីទទួលបានផលចំណេញវែងឆ្ងាយទៅអនាគ យើងយកចំណេញតិចតួចបានហើយ»។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានវាយតម្លៃចំពោះពិព័រណ៍ពាណិជ្ជកម្មនេះថា គឺជាការលើកកម្ពស់ផលិតផលក្នុងស្រុកថ្មីៗ ដើម្បីទាក់ទាញភ្ញៀវ ទេសចរជាតិ/អន្តរជាតិ មកកាន់ខេត្តព្រះសីហនុកាន់តែច្រើន ខណៈខេត្តព្រះសីហនុគឺមានជាចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ មានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាការសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរមកកាន់គោលដៅតំបន់ឆ្នេរ។
គួរជម្រាបថា ពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ មានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការដឹកនាំរៀបចំដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំនៅកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ និងរដ្ឋបាល ខេត្តព្រះសីហនុ។ ក្នុងព្រឹត្តិការណ៍នេះមានស្ដង់ផលិតផលចម្រុះសរុបចំនួន ២៥០ស្តង់ ក្នុងនោះមានក្រុមហ៊ុនអន្តរជាតិជាអ្នកទិញចូលរួមជិត៧៥ក្រុមហ៊ុន ព្រមទាំងមានការចូលរួមពីសំណាក់ធុរជនអន្តរជាតិចំនួន៨ប្រទេសក្នុងតំបន់អាស៊ាន ចិន ឥណ្ឌា តួកគីជាដើម៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.