កម្ពុជាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅលើទីផ្សារជប៉ុន ក្នុងពិព័រណ៍កម្ពុជា Cambodia Festival 2023 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
ថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៣
ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងស្ថានតំណាងក្រសួងទេសចរណ៍ប្រចាំនៅប្រទេសជប៉ុន បានដឹកនាំក្រុមសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងផ្នែកឯកជនចូលរួមកម្មវិធី ពិព័រណ៍កម្ពុជា Cambodia Festival 2023 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីអនុវត្តយុទ្ធសាស្ត្រនៃចក្ខុវិស័យស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ (២០២០-២០២៥) ផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងផ្សព្វផ្សាយគោលដៅទេសចរណ៍ កម្ពុជាជាគោលដៅទេសចរណ៍ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ដោយផ្ដោតសំខាន់ទៅលើកីឡា និង MICE ជាពិសេសកម្ពុជាជាគោលដៅទេសចរណ៍កីឡា «កីឡារស់ក្នុងសន្តិភាព» តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនខ្មែរដែលរស់នៅប្រទេសជប៉ុន ព្រមទាំងអបអរសាទរខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីសំណាក់ប្រជាជនជប៉ុន ក៏ដូចជាប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុន។ កម្មវិធីពិព័រណ៍កម្ពុជាឆ្នាំ២០២៣មានការតាំងបង្ហាញផលិតផល ម្ហូបអាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍របស់ខ្មែរ និងការបង្ហាញផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ប្រពៃណី តាមរយៈការសម្តែងសិល្បៈជូនភ្ញៀវទស្សនាកម្សាន្ត ដោយមានស្តង់សរុបប្រមាណ១០០ស្តង់។ ឆ្នាំនេះផងដែរ ពិព័រណ៍កម្ពុជារំពឹងថានឹងមានអ្នកចូលរួមទស្សនាពីសំណាក់ភ្ញៀវបរទេស និងជនជាតិខ្មែរប្រមាណជា៥ម៉ឺននាក់។
ដោយឡែកនាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ពិធីបើក ពិព័រណ៍កម្ពុជាឆ្នាំ២០២៣ មានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឯកឧត្តម ឈួន ដារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម IMAMURA Masahiro សមាជិកសភាតំណាងរាស្ត្រជប៉ុន និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្តម TAKAGI Kei អនុរដ្ឋមន្ត្រីទំនាក់ទំនងការបរទេសនៃប្រទេសជប៉ុន និងកញ្ញា MINAMINO Yoko ទូតសុឆន្ទៈនៃខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន អមដោយពិធីកាត់ខ្សែបូ ការសម្តែងសិល្បៈ របាំអប្សរា និងការដើរទស្សនាតាមស្តង់ពិព័រណ៍នានារបស់គណៈអធិបតី។
គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនជាទីផ្សារគោលដៅសំខាន់សម្រាប់កម្ពុជា បើយោងតាមស្ថិតិទេសចរណ៍ប្រចាំឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរចំនួន២,២៧៦,៦២៦ នាក់ កើនឡើង១០៥៨.៦% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទេសចរជប៉ុនមានចំនួន២៩,៧៣៣នាក់ មានការកើនឡើង ១៣៧៨.៥% បើធៀបនឹងឆ្នាំ២០២១។ ដោយឡែកត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរជប៉ុន ១១,៤៦៥នាក់ មានការកើនឡើង ១១៧៦.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះសបញ្ជាក់ថា ស្ថានភាពទេសចរណ៍កម្ពុជាកំពុងវិលទៅរកសភាពល្អប្រសើរឡើងវិញ ដោយកម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណ ៧ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៣។