កម្ពុជារៀបចំកម្មវិធីពិព័រណ៍ CAMFOOD/CAMHOTEL’22 & CAMBUILD’22
សហព័ន្ធទេសចរណ៍កម្ពុជាកំពុងរៀបចំពិព័រណ៍អន្តរជាតិបង្ហាញពីម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅកម្ពុជា CAMFOOD/CAMHOTEL’22 & CAMBUILD’22 ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ពិព័រណ៍នេះត្រូវបានផ្តួចផ្តើមឡើងក្រោមការឧបត្ថម្ភពីស្ថាប័នសំខាន់ៗរួមមានសមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សមាគមចុងភៅកម្ពុជា វិទ្យាស្ថានអាហារកម្ពុជា និងសមាគមស្ថាបត្យករកម្ពុជា។
ថ្លែងក្នុងពិធីបើកកាលពីម្សិលមិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានកោតសរសើរយ៉ាងខ្លាំងអំពីពិព័រណ៍នេះដែលបង្ហាញពីអាហារស្តង់ដារអន្តរជាតិ សណ្ឋាគារ និងការផ្គត់ផ្គង់សំណង់នៅកម្ពុជា។
លោកបានបន្ថែមថា ព្រឹត្តិការណ៍នេះក៏ស្របពេលដែលកម្ពុជាបានកំណត់យកឆ្នាំ ២០២២ ជាឆ្នាំដំបូងនៃការស្តារវិស័យទេសចរណ៍ក្រោយជំងឺកូវីដ-១៩ ក៏ដូចជាឆ្នាំដើម្បីស្តារវិស័យទេសចរណ៍របស់កម្ពុជា។
យោងតាមលោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា មានក្រុមហ៊ុនផ្គត់ផ្គង់ជាតិ និងអន្តរជាតិជាង២៥០ ចូលរួមបង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេនៅក្នុងពិព័រណ៍CAMFOOD/CAMHOTEL’22 & CAMBUILD’22 នេះ។
លោកបានបន្ថែមថា ពិព័រណ៍រយៈពេលបីថ្ងៃនេះត្រូវបានគេរំពឹងថានឹងទាក់ទាញការចូលរួមពីអ្នកទស្សនាជាង១ម៉ឺននាក់។ AKP-Lim Nary