CTM ជាព្រឹត្តិការណ៍ទិញ-លក់ផលិតផលទេសចរណ៍ដ៏សំខាន់ ដែលក្រុមហ៊ុនក្នុងស្រុកទាំងឡាយគួរតែចាប់ឱកាសនេះឱ្យបាន

CTM ជាព្រឹត្តិការណ៍ទិញ-លក់ផលិតផលទេសចរណ៍ដ៏សំខាន់ ដែលក្រុមហ៊ុនក្នុងស្រុកទាំងឡាយគួរតែចាប់ឱកាសនេះឱ្យបាន

(ភ្នំពេញ)៖ ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឬហៅកាត់ថា CTM (Cambodia Travel Mart) គឺជាព្រឹត្តិការណ៍ជួបជុំគ្នាដ៏សំខាន់បំផុតរវាងអ្នកលក់ (Buyer) និងអ្នកទិញកញ្ចប់ទស្សនកិច្ចទេសចរណ៍ (Saler) ពិសេសគឺការលក់កញ្ចប់ទស្សនកិច្ចនៅកម្ពុជាទៅឱ្យក្រុមហ៊ុន ឬទីភ្នាក់ងារទេសចរណ៍នៅក្រៅប្រទេស ដែលក្រុមហ៊ុនលក់កញ្ចប់ទស្សនកិច្ចទាំងឡាយនៅកម្ពុជាគួរតែក្តាប់នូវឱកាសនេះឱ្យបាន។

នេះជាចំណុចពិសេសដែលមជ្ឈដ្ឋាននានាកំពុងមានការចាប់អារម្មណ៍ ពិសេសគឺភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ បន្ទាប់ពីព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើងជោគជ័យចំនួន២លើកមកហើយ ក្រោមការសហការរវាងវិស័យរដ្ឋ និងឯកជន ពោលគឺវាបានរៀបចំបង្កើតឡើងដោយស្នាដៃប្រជាជាតិខ្មែរខ្លួនឯងផ្ទាល់តែម្ដង។

នៅថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Slick Booth Events Public & Relations នៅតែសហការគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ (CTM 2019) ដែលលើកនេះនឹងមានអ្វីពិសេសលើសពីលើកមុនៗទៅទៀត។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៩ (CTM 2019) ដែលបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា តាមការគ្រោងទុក ព្រឹត្តិការណ៍ CTM 2019 នេះ នឹងមានការចូលរួមពីពីក្រុមហ៊ុន ឬទីភ្នាក់ងារទេសចរណ៍ ឬហៅថាជាអ្នកទិញ (Buyer) ជាច្រើនមកពីប្រមាណ៦០ប្រទេសជុំវិញពិភពលោក។ រីឯក្រុមអ្នកលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ឬហៅថា Saler នោះ គឺភាគច្រើនជាក្រុមហ៊ុននៅក្នុងប្រទេស និងខ្លះទៀតមកពីប្រទេសនានាក្នុងតំបន់អាស៊ាន។

ក្រៅពីអ្នកលក់ និងអ្នកទិញ ព្រឹត្តិការណ៍ CTM 2019 ក៏នឹងមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ១៥០នាក់ ដែលមកពីអង្គភាពព័ត៌មានផ្សេងៗជុំវិញពិភពលោក។ ពួកគេនឹងរំលេចនូវអ្វីដែលមាននៅកម្ពុជា ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក ដូចជា តំបន់ទេសចរណ៍នានានៅកម្ពុជាជាដើម។

នេះជាការផ្ដល់ឱកាសមាសដល់ក្រុមហ៊ុន សមាគម ឬទីភ្នាក់ងារទេសចរណ៍ទាំងឡាយក្នុងប្រទេសកម្ពុជា (Saler) មានលទ្ធភាពច្រើនក្នុងការផ្សព្វផ្សាយពីផលិតផលទេសចរណ៍ ឬលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ដែលខ្លួនមាន ទៅឱ្យក្រុមហ៊ុនទិញកញ្ចប់ទស្សនកិច្ចទេសចរណ៍ (Buyer) ដែលមកពីក្រៅប្រទេសចូលរួមក្នុងព្រឹត្តិការណ៍ CTM នេះ។ ពួកគេនឹងអាចចាប់យកដៃគូថ្មីៗទៀត (Buyer) ដែលប្រតិបត្តិការអាជីវកម្មលើវិស័យទេសចរណ៍ ដែលសុទ្ធសឹងជាដៃគូល្អៗមកពីអន្តរជាតិ។

នេះក៏ជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយដែរ ក្នុងការលើកកម្ពស់កិត្យានុភាពប្រទេសកម្ពុជា បង្ហាញពីសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជំរុញ ឱ្យមានការអភិវឌ្ឍ ជំរុញឱ្យមានការវិនិយោគ ជំរុញឱ្យមានការរីកចម្រើនផ្នែកវិស័យទេសចរណ៍ និងវិស័យដទៃទៀត និងជំរុញឱ្យមានទំនាក់ទំនងពាណិជ្ជកម្មជាដើម។ ក្រៅពីនេះ ក៏ជាឱកាសបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ស្នាមញញឹមពីធម្មជាតិរបស់ប្រជាជនខ្មែរ របៀបរបបនៃការរស់នៅ ការទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជាចំពោះអន្តរជាតិ ហើយអ្នកសារព័ត៌មានទាំងនោះ នឹងរំលេចព័ត៌មានទាំងអស់នេះ។

លើសពីនេះ ក៏នឹងមានសិក្ខាសាលាដ៏ពិសេសមួយ ដែលមានការចូលរួមពីវេគ្មិនល្បីៗមកពីជុំវិញពិភពលោក មកធ្វើបទបង្ហាញ ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកអ្វីដែលថ្មីៗពីវិស័យទេសចរណ៍ និងធុរកិច្ចទៅកាន់អ្នកចូលរួម ភាគីពាក់ព័ន្ធ ក៏ដូចជាយុវជនផងដែរ ពិសេសគឺនឹងមានបទបង្ហាញអំពីការអនុវត្តទីផ្សារតាមបច្ចេកវិទ្យាឌីជីផលទំនើប Digital Markting។

ឯកឧត្តម សូ វិសុទ្ធី បានបន្ថែមថា «កាលណាក្រុមហ៊ុនក្នុងស្រុកចូលរួមលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ និងផលិតផលទេសចរណ៍របស់ខ្លួនកាន់តែច្រើន ពួកគេនឹងលក់បានកាន់តែច្រើន ហើយទទួលបានដៃគូល្អៗគួរជាទីទុកចិត្តកាន់តែច្រើន»។

លោក ឱម ផារិន អគ្គនាយកក្រុមហ៊ុន Slick Booth Events Public & Relations បានឱ្យដឹងថា នៅឆ្នាំ២០១៨ មានស្ដង់ចំនួន១៧៣ស្ដង់ បានលក់នូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ និងផលិតផលទេសចរណ៍របស់ខ្លួនអស់។ ឆ្នាំ២០១៩នេះ នឹងមានស្ដង់ពិព័រណ៍ចាប់ពី ២០០-២៥០ស្ដង់ និងមានពន្លាមួយចំនួនទៀតសម្រាប់សមាគមន៍ទីភ្នាក់ងារទេសចរណ៍ផងដែរ។

លោក ឱម ផារិន បានអំពាវនាវដល់ក្រុមហ៊ុនទេសចរណ៍ សមាគម ឬទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ-ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន-អាហារដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍នានា សូមចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ CTM 2019 ខាងមុខនេះឱ្យបានច្រើនកុះករ ដើម្បីបង្កើនការលក់នូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ ឬផលិតផលទេសចរណ៍ដែលខ្លួនមានក្នុងដៃ ពីព្រោះមិនងាយមានព្រឹត្តិការណ៍ផ្សព្វផ្សាយ និងការជួបជុំរវាងអ្នកលក់-អ្នកទិញនៅក្នុងប្រទេសផ្ទាល់យ៉ាងដូច្នេះឡើយ ហើយប្រសិនបើយើងទៅផ្សព្វផ្សាយនៅក្រៅប្រទេសក៏ត្រូវចំណាយច្រើន ហើយមិនប្រាកដថាទទួលបានដៃគូល្អៗទៀតផង។

ចំណែកឯលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ក៏បានប្ដេជ្ញាថានឹងកៀរគរសមាជិក និងដៃគូរបស់ខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ CTM 2019 នេះឱ្យបានច្រើន ពីព្រោះមិនងាយនឹងទទួលបានឱកាសជួបជុំ និងផ្សព្វផ្សាយពីផលិតផលទេសចរណ៍នៅក្នុងប្រទេសបែបនេះឡើយ។

លោកស្រីបានលើកឡើងថា ក្រុមហ៊ុនទេសចរណ៍ សមាគម ឬទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ-ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន-អាហារដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍នានាក្នុងស្រុក មិនគួរឱ្យឱកាសមាសនេះរសាត់ទៅបាត់ឡើយ ពោលគឺត្រូវតែចាប់យកឱ្យបាន ដើម្បីបង្កើនការលក់ផលិតផលរបស់ខ្លួនផង និងដើម្បីការរីកចម្រើនវិស័យទេសចរណ៍ជាតិផង៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.