កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាមេដែកដ៏សំខាន់មួយទៀតក្នុងការស្រូបទាញភ្ញៀវទេសចរ
(កំពត)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ ក្នុងការធានាសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ ក៏ដូចជានឹងក្លាយជាមេដែកដ៏សំខាន់មួយទៀត ក្នុងការស្រូបទាញទេសចរជាតិ-អន្តរជាតិ។
ឯកឧត្ដមរដ្ឋមន្ត្រីលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលឯកឧត្ដម ព្រមទាំងឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំក្រុមការងារ និងមន្ត្រីរាជការចុះត្រួតពិនិត្យសកម្មភាពសាងសង់ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» ដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកបច្ចុប្បន្នការងារការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៨៤% និងការងារអគារអ្នកដំណើរសម្រេចបានប្រមាណ ៧៣% ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះ ។
គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ជាគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL) ការសាងសង់កំពង់ផែនេះស្ថិតក្រោមការគ្រប់គ្រង ដោយអង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន។
កំពង់ផែនេះ គឺជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលគ្រោងនឹងអាចផ្ទុកទេសចរ និងអ្នកដំណើរប្រមាណ ១ លាននាក់។ កំពង់ផែនេះមានរចនាសម្ពន្ធតាមស្តង់ដាអន្តរជាតិ និងជាកំពង់ផែសម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ)។
កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។
ឯកឧត្ដមរដ្ឋមន្រ្តី ថោង ខុន និងឯកឧត្ដមអភិបាលខេត្ត ជាវ តាយ ក៏បានចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលហេដ្ឋរចនាសម្ពន្ធខ្នាតតូច នៅក្នុងតំបន់រមណីយដ្ឋានអេកូទេសចរណ៍ពាមក្រសោប ខេត្តកោះកុង រមណីយដ្ឋានទេសចរណ៍វត្តភ្នំសរសៀ ខេត្តកែប និងរមណីយដ្ឋានទេសចរណ៍ភ្នំកំពង់ត្រាច ខេត្តកំពត ដែលហេដ្ឋារចនាសម្ពន្ធទាំងនោះ រួមមាន៖
* សហគមន៍ទេសចរណ៍ពាមក្រសោប ខេត្តកោះកុង បានទទួលមណ្ឌលព័ត៌មាន បង្គន់អនាម័យសាធារណៈ មណ្ឌលផលិត និងលក់ផលិតផលសហគមន៍រួមទាំងការបំពាក់សម្ភារបរិក្ខាបម្រើឱ្យការផលិត និងឡដុតសម្រាមមួយដែលមានសមត្ថភាពដុតសំរាមបានពី ២-៤ តោនក្នុងមួយថ្ងៃ។
* សហគមន៍ទេសចរណ៍វត្តភ្នំសរសៀ ខេត្តកែប បានទទួលបានមណ្ឌលព័ត៌មាន បង្គន់អនាម័យសាធារណៈ បង្កាន់ដៃប្រវែង ២២៧ ម៉ែត្រ និងជណ្តើរនៅក្នុងរូងភ្នំចំនួនពីរប្រវែង ១៣ ម៉ែត្រ។
* រមណីយដ្ឋានភ្នំកំពង់ត្រាច ខេត្តកំពត បានទទួលមណ្ឌលព័ត៌មាន បង្គន់អនាម័យសាធារណៈ តូបលក់ចំនួន ១៥ តូប បង្កាន់ដៃ និងជណ្តើរនៅក្នុងល្អាងភ្នំប្រវែង ២៤០ ម៉ែត្រ៕