និស្សិតជ័យលាភីអាហារូបករណ៍ JDS ទៅសិក្សាប្រទេសជប៉ុនប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជាជាគោលដៅសុវត្ថិភាព និងគាំទ្រសកម្មភាពនានារបស់វិស័យទេសចរណ៍នៅប្រទេសជប៉ុនអំឡុងពេលសិក្សាផងដែរ
(ភ្នំពេញ)៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីបានដឹកនាំក្រុមការងារក្រសួងទេសចរណ៍ជួបសម្តែងការគួរសម និងចែករំលែកបទពិសោធន៍ដល់ប្អូនៗសិស្សជ័យលាភីអាហារូបករណ៍ JDS ទៅសិក្សានៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២០ ដោយបានចែករំលែកសភាការណ៍ទេសចរណ៍ពិភពលោក និងកម្ពុជាមុនពេលជួបវិបត្តិកូវីដ-១៩ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះ និងទិសដៅអនាគតរបស់ក្រសួងសម្រាប់ដំណាក់កាលងើបឡើងវិញ និងដំណាក់កាលពង្រីកវិស័យទេសចរណ៍កម្ពុជា។ ក្នុងនោះតំណាងក្រសួងទេសចរណ៍ក៏បានចែករំលែកពីយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ក្នុងលើកកម្ពស់ធនធានមនុស្សក្នុងវិស័យទេសចរណ៍តាមរយៈការអនុវត្តន៍កិច្ចព្រមព្រៀងអាស៊ាន MRA-TP យន្តការថ្មីៗដែលក្រសួងបានដាក់ចុះ ជាពិសេសការអប់រំតាមប្រព័ន្ធអនឡាញ និងយុទ្ធសាស្ត្រផ្សព្វផ្សាយទេសចរណ៍ អំឡុងពេលវិបត្តិកូវីដ-១៩នេះ។ សិក្សាជ័យលាភីទាំងអស់បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីដែលបានអនុញ្ញាត និងផ្តល់ឱកាសឲ្យចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់បន្ថែមពីវិស័យទេសចរណ៍ និងបានប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជាជាគោលដៅសុវត្ថិភាព និងគាំទ្រសកម្មភាពនានារបស់វិស័យទេសចរណ៍នៅប្រទេសជប៉ុនអំឡុងពេលសិក្សាផងដែរ។