ឯកឧត្ដមរដ្ឋមន្រ្តី ថោង ខុន ទទួលបានអំណោយថ្នាំពេទ្យ LIANHUA Qingwen jiaonang ២,០០០ប្រអប់ ពីក្រុមហ៊ុនវិស្វកម្មសំណង់ចិន
(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលអំណោយថ្នាំពេទ្យចិន LIANHUA Qingwen jiaonang ចំនួន ២,០០០ប្រអប់ ស្មេីនឹង ៤៨,០០០គ្រាប់ ពីលោក ហ្វង ឈុនឈីង ប្រធានក្រុមបច្ចេកទេស សាងសង់ពហុកីឡាដ្ឋាន ជាតិមរតកតេជោនៃក្រុមហ៊ុនវិស្វកម្មសំណង់ចិន China State Construction Engineering Corporation Ltd (CSCEC) សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេសនៅមូលដ្ឋានខេត្តកំពង់ធំ។
ថ្នាំពេទ្យចិន LIANHUA Qingwen jiaonang នេះ មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ ដែលមានអាការៈ ក្អក ផ្តាសសាយ ក្តៅខ្លួន ហើយការព្យាបាលមានរយៈពេលពី ៧-១០ថ្ងៃ។ ថ្នាំពេទ្យនេះត្រូវបានក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រេចដាក់បញ្ចូលក្នុងផែនការព្យាបាលជំងឺរលាកសួត ប្រភេទថ្មី (ជំងឺកូវីដ-១៩) ផងដែរ។
ក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្រ្តី ថោង ខុន ថោង ខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ្វង ឈុនឈីង ដែលបានផ្តល់អំណោយជាថ្នាំពេទ្យដ៏ថ្លៃថ្លានេះ ដែលនេះបង្ហាញពីទឹកចិត្តដ៏សប្បុរស និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។
ឯកឧត្ដមរដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ដែរថា នឹងយកអំណោយជាថ្នាំពេទ្យនេះប្រគល់ជូនអភិបាលខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ-១៩ នៅមូលដ្ឋានខេត្តកំពង់ធំ។
សូមជម្រាបជូនថា៖ គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១១៩នាក់ (ស្រី ៥៩នាក់) ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៤នាក់ (ស្រី ១៥នាក់) និងកំពុងសម្រាកព្យាបាលចំនួន ៩៥នាក់ (ស្រី ៤៤នាក់)៕