ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលប្រសិទ្ធនាមថា Motorrad Angkor Festival ២០១៩ ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរមកកាន់គោលដៅកម្ពុជា

ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលប្រសិទ្ធនាមថា Motorrad Angkor Festival ២០១៩ ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរមកកាន់គោលដៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម កាទើ មហាម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការ​ និងជាតំណាងឯកឧត្តម​បណ្ឌិត​ ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលប្រសិទ្ធនាមថា Motorrad Angkor Festival ២០១៩ គឺជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកកាន់កម្ពុជា ។ នេះបើតាមលើកឡើងរបស់ឯកឧត្តម កាលពីព្រឹកមិញ ក្នុងសន្និសិទសាព័ត៌មាន ព្រឹត្តិការណ៍ Motorrad Angkor Festival ២០១៩ នៅទីស្តីការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម កាទើ មហាម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការ បានបន្តថា ព្រឹត្តិការណ៍នេះ ជាផ្នែកមួយដ៏សំខាន់ ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ ជាពិសេសនៅក្នុងតំបន់បេតិកភណ្ឌវប្បធម៌​ ធម្មជាតិរបស់ខេត្តសៀមរាបទៅកាន់ពិភពលោក។ ហើយព្រឹត្តិការណ៍នេះនឹងទាញយកចំណាប់អារម្មណ៍របស់កីឡាករក្រៅប្រទេសមកចូលរួមមកពី​ ៧​ ប្រទេស​ ដូច្នេះគឺជាឱកាសមួយសម្រាប់កម្ពុជាដេីម្បីជំរុញកំណេីនភ្ញៀវទេសចរអោយកាន់តែច្រេីនឡេីង​ ។

ឯកឧត្តមបានឲ្យដឹងទៀតថា​ ដោយសារសុខសន្តិភាពពេញលេញផ្ទៃប្រទេស​ និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ​ និងឈ្លាសវៃ​របស់ សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន​ ឆ្នាំ ២០១៨ កន្លងទៅ​ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៦លាន ២សែននាក់ ហើយនៅឆ្នាំ ២០១៩ ក្នុងអំឡុង ១០ខែចុងក្រោយនេះមានការកើនឡើងប្រមាណជាង ១០%។ ឯកឧត្តមសង្ឃឹមថា ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះនឹងធ្វើឱ្យពិភពលោកស្គាល់កម្ពុជា តាមរយៈកីឡាករ និងភ្ញៀវដែលបានមកចូលរួម ហើយផ្តិតយករូបភាពស្អាតៗដើម្បីទៅចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គមនានា​ ដែលអាចឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Motorrad Angkor Festival 2019 នឹងប្រព្រឹត្តទៅនៅថ្ងៃ​ ៦-៨​ ខែធ្នូ​ ឆ្នាំ២០១៩​ ខាងមុខនេះ​ ដែលមានការចូលរួមគាំទ្រដោយរដ្ឋបាលខេត្តសៀមរាប ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន គណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមយានយន្តកម្ពុជា សហព័ន្ធកីឡាទោចក្រយានកម្ពុជា (CCF) សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) ព្រមទាំង Think Plastic និង GREEN NATURAL WATER PURIFIRE សមាគមចុងភៅ និងសមាគមទេសចរណ៍ខេត្តសៀមរាប៕